សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន​បើកទ្វារ​ទទួល​ចិន​ឲ្យ​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​នៅ​ទ្វីបអាហ្វ្រិក​
05, Jan 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បានសម្រេច​បើកទ្វារ​ឲ្យ​ក្រុង​ប៉េកាំង​ចូលរួម​ជាមួយ​ខ្លួន​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​នៅ​ទ្វីបអាហ្វ្រិក​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ​។ អ្នកជំនាញ​ខ្លះ​យល់ថា ជប៉ុន​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ខណៈ​ខ្លះទៀត​យល់ថា វា​ជា​យុទ្ធសាស្ត្រ​របស់​ជប៉ុន ព្រោះ​មហាអំណាច​នេះ​លែង​ពឹងពាក់​អាមេរិក​បាន​ស្រួល​ដូច​មុន​ទៀតហើយ​។​



​ជប៉ុន​សម្រេច​អញ្ជើញ​ចិន​ឲ្យ​ចូលរួម​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​រួមគ្នា​នៅក្នុង​ទ្វីបអាហ្វ្រិក​។ វា​ជា​កាយវិការ​វិជ្ជមាន​មួយ​របស់​ជប៉ុន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដែល​ធានាបាន​នូវ​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​ផង​។

​សារព័ត៌មាន​ចិន South China Morning Post ផ្សាយ​ថា រដ្ឋាភិបាល​ជប៉ុន​រប​ស់លោក ស៊ីន​ហ្សូ អា​បេ សម្រេច​ចេញ​គម្រោង​អភិវឌ្ឍ​ដោយ​អញ្ជើញ​ឲ្យ​ចិន​ចូលរួម​ជាមួយ​ខ្លួន​ក៏ដោយ​សារ​រដ្ឋាភិបាល​នេះ​ចង់​ឲ្យ​ចិន​ចូលរួម​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ និង​កម្មវិធី​ផលិត​មី​ស៊ី​ល​របស់ខ្លួន​ផង​។

​យ៉ាងណាមិញ​អ្នកជំនាញ​ខ្លះ​មើលឃើញថា វា​ជា​យុទ្ធសាស្ត្រ​របស់​ជប៉ុន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ព្រោះ​មហាអំណាច​នេះ​មិនអាច​ពឹង​លើ​គំនិត​ផ្តួចផ្តើម ឬ​គោលនយោបាយ​របស់​អាមេរិក​ដូច​ពីមុន​ឡើយ​។ ដូច្នេះហើយ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវបង្កើត​គោលនយោបាយ​ផ្ទាល់ខ្លួន ដើម្បី​ធានា​ស្ថិរភាព​តំបន់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មហាអំណាច​ចិន ល្គឹកណា​អាមេរិក​មិនទាន់​ប្តូរ​ជំហរ​របស់ខ្លួន​នោះ​។​

​គម្រោង​របស់​ជប៉ុន​នេះ​មាន​ឈ្មោះថា Growth Ring ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍ​ផ្លូវ​ចម្ងាយ ៦២០០ គីឡូម៉ែត្រ ដែល​នាំ​ជួយ​គាំទ្រ​ការអភិវឌ្ឍ​នៅ​ប្រទេស បួ​គី​ណា ហ្វា​សូ​,  កូ​ឌី​វ័រ​, ហ្កា​ណា​, បេ​ណាំង និង​នី​ហ្សេ​រី​យ៉ា​។ គម្រោង​នេះ​ផ្តល់​មូលនិធិ​ដែលមាន​ទំហំ ២៨០ លាន​ដុល្លារ​បន្ថែម​លើក​ម្ចី និង​ជំនួយឥតសំណង​ដែលមាន​ស្រាប់​ផង​។

​ម្យ៉ាងទៀត ជប៉ុន​ដាក់ចេញ​គម្រោង​នេះ​ក៏​ដើម្បី​ឆ្លើយតប​នឹង​គម្រោង​របស់​មហា​យក្ស​ចិន គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​។ ប៉ុន្តែ​កញ្ចប់​ហិរញ្ញវត្ថុ​នេះ​មាន​ទំហំ​តូច​បើ​ប្រៀបធៀប​នឹង​គម្រោង​របស់​មហា​យក្ស​ចិន ដោយសារ​ប្រព័ន្ធ​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ជប៉ុន​មិន​អនុញ្ញាត​ឲ្យ​ចាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ដូច​ចិន​ដើម្បី​វិនិយោគ​នៅ​អាហ្វ្រិក ឬ​តំបន់​ផ្សេង​ទៀតឡើយ​៕


Tag:
 ចិន​
  ជប៉ុន​
  អាហ្វ្រិក​
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com