អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហា​យក្ស​ចិន​ចាប់ផ្តើម​សាងសង់​នាវា​ដឹក​យន្តហោះ​ទី​បី ដើម្បី​ពង្រឹង​អំណាច​យោធា​
05, Jan 2018 , 9:19 pm        
រូបភាព
​មហា​យក្ស​ចិន​ចាប់ផ្តើម​សាងសង់​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទី​បី​របស់ខ្លួន​ហើយ ដោយ​យក​កំពង់ផែ​សៀង​ហៃ​ជាទី​តាំង​សម្រាប់​សាងសង់​។ នាវា​ថ្មី​នេះ​នឹងមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​សម្រួល​ដល់​ការឡើង​ចុះ​របស់​យន្តហោះ​ចម្បាំង និង អាចជួយ​សម្រួល​ដល់​ប្រតិបត្តិការ​សឹក​ផង​។​



​ព័ត៌មាន​ពាក់ព័ន្ធ​ការសាងសង់​នាវា​ដឹក​យន្តហោះ​ទី​បី​របស់​ចិន​ត្រូវបាន​គេ​បញ្ចេញ​ជា​ផ្លូវការ​ហើយ​។ ចិន​ចាប់ផ្តើម​គម្រោង​សាងសង់​នេះ​នៅ​ឆ្នាំ ២០១៧ ហើយ​ការសាងសង់​នេះ​ធ្វើឡើង​នៅ​កំពង់ផែ​ក្រុង​សៀង​ហៃ ប៉ុន្តែ​គេ​មិនអាច​ដឹង​ច្បាស់​ថា គម្រោង​នេះ​នឹង​បញ្ចប់​ពេលណា​ឲ្យ​ប្រាកដ​ឡើយ​។​

​យោងតាម​សារព័ត៌មាន​ចិន South China Post ដែល​ស្រង់​សម្តី​ក្រុមហ៊ុន Jiangnan Shipyard Group ជា​អ្នកទទួល​សាងសង់​នាវា​ដឹក​យន្តហោះ​ថ្មី​នេះ រដ្ឋាភិបាល​ចិន​ផ្តល់​ភ្លើង​បៃតង​ដល់​គម្រោង​សាងសង់​នេះ​ក្រោយ​មាន​ជំនួប​រវាង​មេដឹកនាំ​យោធា​នៅក្នុង​ក្រុង​ប៉េកាំង​កាលពី​ខែមីនា​ឆ្នាំមុន​។

​បើតាម​ប្រភព​ដដែល ក្រុមហ៊ុន​កំពុង​បន្ត​សាងសង់​តួ​នាវា​នេះ ហើយ​វា​អាច​នឹង​ត្រូវការ​ពេលវេលា​រហូតដល់​ពីរ​ឆ្នាំ​ឯណោះ​។ យ៉ាងណាមិញ ការសង់​នាវា​ដឹក​យន្តហោះ​ទី​បី​នេះ​កាន់តែ​ស្មុគស្មាញ​និង​លំបាក​ជាង​នាវា​ពីរ​គ្រឿង​ដែល​ចិន​បាន​សង់​កន្លងមក​នោះ​។ ដូច្នេះ​វា​អាច​ចំណាយ​ពេលវេលា​ច្រើន និង​ចំណាយ​ច្រើន​ដូចគ្នា​។

​នាវា​ដឹក​យន្តហោះ​ទី​បី​របស់​ចិន​នេះ​នឹងមាន​ទំងន់​ប្រហែល​ប្រាំបី​ម៉ឺន​តោន ហើយ​វា​នឹងមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ដែល​ជួយ​សម្រួល​ដល់​ការហោះ​ឡើង និង​ចុះចត​នៃ​យន្តហោះ​ចម្បាំង ហើយ​វា​ជួយ​បង្កើន​សមត្ថភាព​ប្រតិបត្តិការ​សឹក​ផង​។ វា​មិនមាន​ការកំណត់​កាលបរិច្ឆេទ​ពិតប្រាកដ​ឡើយ ប៉ុន្តែ​គម្រោង​របស់​ចិន​គឺ​ត្រូវ​សាងសង់​នាវា​ដឹក​យន្តហោះ​ឲ្យ​បាន​បួន​គ្រឿង​ត្រឹម​ឆ្នាំ ២០៣០​។ 
​នាវា​ដឹក​យន្តហោះ​ទីមួយ​របស់​ចិន​ដែលមាន​ឈ្មោះថា Liaoning គឺជា​នាវា​ដែល​ចិន​បាន​ទិញ​ពី​អ៊ុយ​ក្រែ​ន ហើយ​យកមក​កែកុន​និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០១២​។  ចំណែក​នាវា​ទី​ពីរ​ត្រូវបាន​ចិន​ប្រកាស​សាងសង់​ជា​ផ្លូវការ​នៅក្នុង​ខែមេសា ឆ្នាំ ២០១៧ កន្លងទៅ ប៉ុន្តែ​គេ​មិនទាន់​បានដឹង​ច្បាស់​ពី​ឈ្មោះ​នាវា​នេះឡើយ​។​

​មហា​យក្ស​ចិន​ព្យាយាម​ពង្រឹង​ឥទ្ធិពល​ដោយ​កសាង​សមត្ថភាព​កងទ័ពជើងទឹក​របស់ខ្លួន​តាមរយៈ​ការសាងសង់​នាវា​ដឹក​យន្តហោះ​។ នាវា​នេះ​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​យោធា​តាម​ផ្លូវទឹក ក្នុង​ពេលអនាគត​ជាពិសេស​គាំទ្រ​ការធានា​សន្តិសុខ​សមុទ្រ​ផងដែរ​។ អ្នកជំនាញ​មើលឃើញថា មហាអំណាច​នេះ​ក៏​ចង់​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ដើម្បី​កំញើញ​ប្រទេស​ដែលមាន​ជម្លោះដែនសមុទ្រ​ជាមួយ​ខ្លួន​ដែរ​៕


Tag:
 ចិន​
  នាវា​ដឹក​យន្តហោះ​
  សៀង​ហៃ
© រក្សាសិទ្ធិដោយ thmeythmey.com