ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹងធ្វើ​ឲ្យ «​គុយទាវ​» ក្លាយ​ពាណិជ្ជសញ្ញា​ល្បីឈ្មោះ​ដូច «​ហ្វឺ​រ​» «​បុកល្ហុង​ថៃ​» ឬ «​ឡាក​សារ​»
05, Jan 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម គ្រោង​យកឈ្មោះ​«​គុយទាវ​» ដែលជា​អាហារ​ពេលព្រឹក​របស់​ប្រជាពលរដ្ឋ​ទូទៅ ចុះបញ្ជី​ពាណិជ្ជសញ្ញា (Trademark) ផ្លូវការ សម្រាប់​សម្គាល់​ជា​សាធារណៈ នៅ​ខែមីនា​ខាងមុខនេះ​។



​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម លោក អុ​ប រ៉ា​ឌី បាន​និយាយប្រាប់​កាសែត Khmer Times ថា ក្រសួង​កំពុង​រៀបចំ​ដំណើរ​ការវិវឌ្ឍ​នៃ​ការផ្សព្វផ្សាយ អំពី​និមិត្តសញ្ញា​គុយទាវ ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ជា​ផ្លូវការ កាន់តែខ្លាំង​ថែមទៀត​។ លោក​អះអាងថា ក្រសួង​គ្រោង​ចុះឈ្មោះ​ពាណិជ្ជសញ្ញា «​គុយទាវ​» ដើម្បី​ឲ្យ​មាន​ភាព​ល្បី ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ។

​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​រូបនេះ បាន​និយាយថា​៖«​យើង​គ្រោង​ផ្សព្វផ្សាយ​ម៉ាក​សញ្ញា និង​ចុះ​ពាណិជ្ជសញ្ញា​នេះ នៅ​ថ្ងៃទី​៨ មីនា ខាងមុខនេះ​។ យើង​ឃើញថា វា​ជា​វិធី​មួយ​ដ៏​ល្អ ក្នុង​លើកកម្ពស់​ប្រជាប្រិយភាព​ចំណីអាហារ​ខ្មែរ ហើយ​វា​ក៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​មក​ប្រទេស​កម្ពុជា​ផងដែរ​។ នៅពេលនេះ​យើង​កំពុង​សិក្សា​និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ចំណីអាហារ និង​កំពុង​រៀបចំ​សៀវភៅ​មុខម្ហូប​ជា​ផ្លូវការ​ផងដែរ​»​។​

​លោក អុ​ប រ៉ា​ឌី បាន​បន្ថែមថា ក្រសួង​នឹង​សហការ​ជាមួយ​សមាគម​ទេសចរ​កម្ពុជា ក៏ដូចជា​ទាក់ទង​ជាមួយ​ម្ចាស់​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​។ បើតាម​លោក រ៉ា​ឌី ក្រសួង​នឹង​បង្កើត​សមាគម​គុយទាវ​ភ្នំពេញ ដើម្បី​រៀបចំ​ស្ដង់ដារ​ធ្វើ​ម្ហូបអាហារ និង​ផ្សព្វផ្សាយ​ពី​ម្ហូប​ខ្មែរ ដែល​ចុះ​ពាណិជ​សញ្ញា​។​«​ជា​លើកទីមួយ ដែល​យើង គ្រោង​ចុះឈ្មោះ​ចំណីអាហារ​ខ្មែរ ចូល​ពាណិជ្ជសញ្ញា​។ ហើយ​អ្នកលក់​អាហារ​គុយទាវ​នៅតាម​អគារ និង​ទីតាំង​ផ្សេងទៀត នឹងត្រូវ​ចុះឈ្មោះ​ក្នុង​ក្រសួង និង​ចំណីអាហារ​ទៅតាម​មុខម្ហូប​ផ្លូវការ​របស់​ក្រសួង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អុ​ប រ៉ា​ឌី ដែល​បាន​បន្ថែមថា ឈ្មោះ​គុយទាវ​ភ្នំពេញ នឹង​ជាប់​លំដាប់​ឈ្មោះ​ល្បី​នៅលើ​ពិភពលោក ដូចជា ស៊ុប​វៀតណាម «​ហ្វឺ​រ​»(pho) , បុកល្ហុង​ថៃ  (Som Tam) និង «​ឡាក​សារ​» (Laksa) របស់​សិង្ហ​បុរី​ជាដើម​៕


Tag:
 ​ពាណិជ្ជកម្ម​
  ​គុយទាវ​
© រក្សាសិទ្ធិដោយ thmeythmey.com