ជាតិ
អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រទេស​ចិន​មានជំនឿថា ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ នឹង​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​
06, Jan 2018 , 4:41 pm        
រូបភាព
ដោយ: VOA
 
​ប៉េកាំង៖ ​ខុសពី​ជំហរ​របស់​សហគមន៍​អន្តរជាតិ​ភាគច្រើន  ប្រទេស​ចិន​ប្រកាស​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំក្រោយ ដោយ​និយាយថា នឹង​សេរី យុត្តិធម៌ ស្របពេល​ដែល​ស​.​រ​.​អា​. និង​សហភាព​អឺរ៉ុប​ឈប់​គាំទ្រ​ការបោះឆ្នោត​នេះ​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

 
​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​មានជំនឿថា ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ នឹង​ជាការ​បោះឆ្នោត​ដែល​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​។​
 
​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ពីស​.​រ​.​អា​. សហភាព​អឺរ៉ុប​បាន​ដក​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​នេះ ដោយសារ​ការរំលាយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​សំខាន់ និង​ដែលមាន​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​ជិត​៥០%​។​
 
​ចិន គឺជា​ប្រទេស​ដែល​ធ្វើការ​វិនិយោគទុន​ដ៏​ធំ​នៅ​កម្ពុជា និង​ជា​ប្រទេស​ផ្តល់​ការគាំទ្រ និង​ជំនួយ​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កាន់អំណាច​ជាង​៣​ទសវត្សរ៍ ដែល​ប្រឈម​នឹង​ការ​រិះគន់ថា អ្វីដែល​លោក​ធ្វើ​គឺ​ស្មើនឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
 
​លោក Kong Xuanyou អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​និយាយថា ប្រទេស​ចិន​គោរព​និង​គាំទ្រ​មាគ៌ា​អភិវឌ្ឍន៍​ជ្រើសរើស​ដោយ​ប្រជាជន​កម្ពុជា ហើយ​មានជំនឿថា ការបោះឆ្នោត​ក្នុងពេល​ខាងមុខនេះ អាច​ឆ្លុះបញ្ចាំង​យុត្តិធម៌ ភាពត្រឹមត្រូវ ដើម្បី​ជ្រើសរើស​មេដឹកនាំ និង​គណបក្ស ដែល​ប្រជាជន​កម្ពុជា​ពេញចិត្ត​។ លោក Kong Xuanyou បាន​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​ព័ត៌មាន នៅមុន​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី Li Keqiang ដែល​នឹង​ផ្តល់​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត តែ​លោក​មិនបាន​និយាយ​ឲ្យ​បានច្បាស់លាស់​ថា ជាការ​គាំទ្រ​ប្រភេទ​ណា​នោះទេ​។ មន្ត្រី​កម្ពុជា​ធ្លាប់បាន​និយាយថា ប្រទេស​ចិន​នឹង​ផ្តល់​សម្ភារៈ​ផ្សេងៗ​សម្រាប់​ការបោះឆ្នោត​សភា​នៅ​ខែកក្កដា​ឆ្នាំនេះ ដូចជា​ប្រអប់​ឆ្នោត និង​បន្ទប់​បោះឆ្នោត​។​
 
​លោកនាយក​រដ្ឋមន្ត្រី Li Keqiang នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១០​និង​១១​ខែមករា ហើយនឹង​ចូលរួម​វេទិកា​តំបន់​រវាង​ប្រទេស​៦ ដែល​រួមមាន​ឡាវ ភូមា ថៃ វៀតណាម កម្ពុជា និង​ចិន​៕​

 

 

© រក្សាសិទ្ធិដោយ thmeythmey.com