ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រសជាតិ​ប្លែក និង​ចេះ​ផ្គាប់ចិត្ត​អ្នកទិញ ធ្វើ​ឲ្យ​បុកល្ហុង​បុរស​ខ្មែរ​កម្ពុជា​ក្រោម ទទួល​ការគាំទ្រ​ខ្លាំង​
06, Jan 2018 , 11:19 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ ផ្អែម ជូរ ហឹរ គឺជា​រសជាតិ​បុកល្ហុង ដែល​ប្រជាពលរដ្ឋ​ទូទៅ​និយម​ចូលចិត្ត​។ រសជាតិ​នេះ ក៏មាន​នៅក្នុង​បុកល្ហុង របស់​បុរស​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ មាន​ទីតាំងនៅ​ចំណុច​មុខក្រសួង​បរិស្ថាន​ចាស់ ដែល​កំពុង​ទាក់ទាញ​ចិត្ត​អតិថិជន ពី​ទីជិត​ទី​ឆ្ងាយ មក​ទិញ​ដែរ​។ ការទាក់ទាញ​ចិត្ត​អតិថិជន​បាន​ច្រើន​យ៉ាងនេះ ក៏ដោយ​សារភាព​ប៉ិនប្រសប់ ច្នៃ​រសជាតិ​បុកល្ហុងរ​បស់​ខ្លួន​ឲ្យ​ឆ្ញា​ញ់​ប្លែក​ខុសពី​អ្នកដទៃ និង​ផ្សំ​រសជាតិ​តម្រូវ​ចិត្ត​របស់​អតិថិជន​។​


​ដៃ​ម្ខាង​កាន់​អង្រែ ដៃ​ម្ខាង​ទៀត​ទាញ​ល្ហុង និង​គ្រឿងទេស​ដាក់​ក្នុង​ត្បាល់ ហើយ​បុក​បុកល្ហុង​យ៉ាង​ញាប់ដៃ ដើម្បី​ឲ្យ​ទាន់​កា​រក​ម្ម៉​ង់រ​បស់​អតិថិជន ដែល​កំពុង​អង្គុយ​រង់ចាំ​ត្រៀម​ត្រា​គ្រប់​តុ តាម​ចិញ្ចើមផ្លូវ​នៅ​កែង​ផ្លូវ​ផ្សារ​កាប់​គោ ជាប់​ក្រសួងបរិស្ថាន​ចាស់​។ លោក គឹម កែន ជា​អ្នកលក់​បុកល្ហុង​នេះ ដែល​ស្ទើរ​គ្មាន​ពេល​សម្រាក​សោះឡើយ ចាប់​តាំងតែ​បើក​លក់​ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៩​យប់​។  
 
​កន្លែង​លក់​របស់លោក មាន​មនុស្ស​ចេញចូល​ឥត​ល្ហែ ទាល់តែ​លោក​ប្រាប់ថា អស់​បុកល្ហុង​ហើយ​។ នេះ​បើតាម លោក គឹម កែន ដែលមាន​វ័យ​៣៨​ឆ្នាំ​។ មាន​មាឌ​មាំ សម្បុរ​ស្រអែម និង​ញញឹម​ជាប់​ជានិច្ច លោក គឹម កែន បាន​អះអាងថា រូបគាត់​ជា​ជនជាតិខ្មែរ​កម្ពុជា​ក្រោម និង​បាន​បើក​លក់​បុកល្ហុង​តាំងពី​ឆ្នាំ​២០១០​មក​។​

  
 
​រសជាតិ​បុក​ល្ហុ​ក​របស់​បុរស​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ មិន​ខុសពី​បុកល្ហុង​នៅ​កន្លែង​ផ្សេង​ប៉ុន្មាន​ទេ ពោលគឺ​ផ្អែម ជូរ ហឹរ គឺជា​រសជាតិ​ទូទៅ​ដែល​អតិថិជន​និយម ហើយ​រូបមន្ត​បុកល្ហុង​របស់គាត់ ក៏​មិនមែន​នាំ​មកពី​កម្ពុជា​ក្រោម​នោះដែរ​។ បើតាម លោក កែន ដែល​ប្រសប់​កំប្លុកកំប្លែង​ផង​នោះ នៅ​កម្ពុជា​ក្រោម​មិនមាន​បុកល្ហុង​ទេ ហើយ​រូបមន្ត​បុកល្ហុង​នេះ លោក​បាន​រៀន​ពី​មិត្តភក្តិ​ជនជាតិ ខ្មែរ​នៅ​ស្រុក​ខ្មែរ​នេះ និង​បន្ថែម   រសជាតិ​ទៅតាម​ចំណូលចិត្ត​របស់​អតិថិជន​។ ឯ​ក្តាមប្រៃ និង​កាពិ ដែលជា​គ្រឿងផ្សំ​មិនអាច​ខ្វះ​បាន​សម្រាប់​បុកល្ហុង​នោះ លោក គឹម កែន អះអាងថា លោក​ធ្វើ​ដោយ​ខ្លួនឯង ដើម្បី​ឲ្យ​ប្រាកដ​ពី​អនាម័យ និង​រសជាតិ​។ លោក គឹម កែន និយាយ​ដូច្នេះ​៖«​ក្ដាម​ត្រាំ ដែល​ខ្ញុំ​យកមក​បុកល្ហុង​នេះ គឺ​ខ្ញុំ​ធ្វើ​ខ្លួនឯង ហើយ​កាពិ​ក៏​ខ្ញុំ​យកទៅ​ឆា​គ្រឿង​បន្ថែម ដើម្បី​ឲ្យ​មាន​រសជាតិ និង​ក្លិន​ឈ្ងុយ​»​។​

  
​លោក រ៉ាវី ដែល​កំពុងតែ​ញ៉ាំ​បុកល្ហុង របស់លោក គឹម កែន ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត បាន​ឲ្យ​ដឹងថា លោក ជា​ភ្ញៀវ​ប្រចាំ​នៅទីនេះ​។ «​រាល់​ពេលដែល​ខ្ញុំ​ចង់​ញ៉ាំ​បុកល្ហុង ខ្ញុំ​តែងតែ​មក​ទីនេះ​។ បុកល្ហុង​នេះ មាន​ក្លិន​ឈ្ងុយ​ជាង​កន្លែង​ផ្សេង​ដែល​ខ្ញុំ​ធ្លាប់​ទៅ ហើយ​រសជាតិ​វិញ គឺ​ក​ម្ម៉​ង់​ម៉េច​បាន​អ៊ីចឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក រ៉ាវី អមដោយ​ការ​ថ្លែង​សរសើរ​ថា គាត់​(​លោក កែន​)​ពូកែ​ដាក់​រសជាតិ​តម្រូវ​ចិត្ត​ភ្ញៀវ​ណាស់​។ 
 
​កញ្ញា ធីតា ក៏​ជា​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​ម្នាក់ទៀត​ដែរ​។ យុវតី​វ័យ​ប្រមាណ​២០​ឆ្នាំ​រូបនេះ សុខចិត្ត​ជិះ​ម៉ូតូ​ពី​ផ្ទះ​នៅ​ម្តុំ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ មក​ញ៉ាំ​បុកល្ហុង​ដែល​ត្រូវមាត់ ត្រូវចិត្ត ដល់​ម្តុំ​វិមានឯករាជ្យ​នេះ​។ កញ្ញា ធីតា បញ្ជក់​ដូច្នេះ​៖ «​បុកល្ហុង​នៅ​កន្លែង​គាត់​ឆ្ងាញ់ ហើយ​រសជាតិ​ប្លែក ខ្ញុំ​ញ៉ាំ​ច្រើន​កន្លែង​ហើយ​តែ​កន្លែង​គាត់​ហ្នឹង គឺ​ខ្ញុំ​ជាប់ចិត្ត​តែម្ដង​»​។​

  
 
​សេវាកម្ម​រហ័ស កំប្លុកកំប្លែង ផ្សំ​នឹង​រសជាតិ​ដែល​តម្រូវ​តាម​ការចង់បាន​របស់​អតិថិជន​ជន​ដែលមាន​ទាំង​អ្នកជិះរថយន្ត​ទំនើបៗ​ផង​នោះ បានធ្វើ​ឲ្យ​បុកល្ហុង​នៅក្បែរ​ក្រសួងបរិស្ថាន​ចាស់​នេះ ទទួលបាន​ការគាំទ្រ និង​ការសរសើរ​ពី​អតិថិជន​។ នេះ​បើតាម​លោក គឹម កែន​ដដែល ដោយ​លោក​បាន​គូសបញ្ជាក់​ទៀតថា របរ​នេះ​បានធ្វើ​ឲ្យ​លោក និង​ក្រុមគ្រួសារ រួច​ចាក​ពី​ភាពក្រីក្រ​នៅ​កម្ពុជា​ក្រោម ហើយ​ថែមទាំង​អាចមាន​ប្រាក់កាស ជួយ​គ្រួសារ​ឲ្យ​មានផ្ទះ​រស់នៅ​សមរម្យ​នៅ​ទីនោះ​ផងដែរ​៕

 

 

Tag:
 បុកល្ហុង​
  ខ្មែរ​កម្ពុជា​ក្រោម​
  ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com