រថយន្ត
អន្តរជាតិ
ភ្ញៀវ​ម្នាក់​ជូន​រថយន្ត​មួយគ្រឿង​ដល់​អ្នករត់​តុ ព្រោះ​អាណិត​គាត់​ដែល​រង់ចាំ​រថយន្តក្រុង​រាល់ថ្ងៃ​
08, Jan 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ លោក Edward Pollard សង្កេតឃើញ​អ្នករត់​តុ​ឈ្មោះ James Booker ចំណាយពេល​ដ៏​យូរ​ដើម្បី​រង់ចាំ​រថយន្តក្រុង​សម្រាប់​ដំណើរ​ទៅវិញទៅមក​។ ដោយ​មនោសញ្ចេតនា និង​ក្តី​អាណិត មេធាវី​រូបនេះ បានសម្រេច​ចិត្ត​ផ្តល់​កាដូ​រថយន្ត​ដល់​លោក Booker នាឱកាស​បុណ្យ​ណូអែល​កន្លងមក​។​



​លោក Edward Pollard មេធាវី​នៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​ក្រុង Houston រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ជា​ភ្ញៀវ​ប្រចាំ​ហាង Willie G’s Seafood & Steaks អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ រាល់​ពេលដែល​លោក​មាន​វត្ត​មាននៅ​ហាង លោក​តែងតែ​ទទួលបាន​នូវ​ការប្រើ​សេវាកម្ម​ពី​សំណាក់​លោក James Booker ដែលជា​អ្នករត់​តុ​។​

​អ្វីដែល​លោក Pollard ចាប់អារម្មណ៍​នោះ គឺ​សកម្មភាព​ប្រចាំថ្ងៃ​របស់លោក Booker​។ បន្ទាប់ពី​មមាញឹក​ក្នុង​ការងារ​នៅ​ភោជនីយដ្ឋាន លោក Booker តែងតែ​ទៅ​ចាំ​រថយន្តក្រុង​សម្រាប់​ដំណើរ​ទៅផ្ទះ​របស់ខ្លួន​វិញ​។ ដោយសារ ចំណតរថយន្ត​ជិត​ការិយាល័យ​មេធាវី លោក Pollard បាន​មើលឃើញ​លោក Booker រង់ចាំ​រថយន្ត​ជា​រៀងរាល់ថ្ងៃ​។​

​លោក Pollard បាន​រៀបរាប់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​នា​អំឡុង​ថ្ងៃបុណ្យ​ណូអែល ពេលដែល​អ្នកចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ អ្នក​ច្បាស់​ជា​នឹកឃើញ​រឿង​មួយ​។ ពេលដែល​ខ្ញុំ​នឹកឃើញ​រឿង​រថយន្ត ខ្ញុំ​ក៏បាន​នឹកឃើញ​លោក James [Booker] ផងដែរ ដែលជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ជូន​កាដូ​ដល់​គាត់​សម្រាប់​ថ្ងៃបុណ្យ​ណូអែល​»​។​

​តាម​ឃ្លី​ប​វីដេអូ​មួយ លោក Pollard បានផ្តល់​ការភ្ញាក់ផ្អើល​ចំពោះ​លោក Booker ដោយ​លោក​បាន​ជូន​សោរ​រថយន្ត​ដល់​គាត់​នៅក្រៅ​ភោជនីយដ្ឋាន Willie G’s​។ កាដូ​នោះ ជា​ប្រភេទ​រថយន្ត Oldsmobile Alero ផលិត​ឆ្នាំ​២០០០ ដែល​លោក Pollard កម្រ​ប្រើប្រាស់​។​



«​ខ្ញុំ​ដឹង​ហើយ​ថា អំណោយ​ជា​រថយន្ត គួរតែ​ជា​រថយន្ត​អស្ចារ្យ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Pollard ដោយ​អះអាងថា ទោះបី​រថយន្ត​នោះ​មាន​អាយុកាល​១៧​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​ស្ថិតក្នុង​លក្ខខណ្ឌ​ល្អ ដោយ​លោក​ប្តូរ​ប្រេង និង​បង់ពន្ធ​ជាប្រចាំ​។

​លោក Pollard និយាយ​ទៅកាន់​លោក Booker ថា​៖ «​ពេលខ្លះ ពេល​ខ្ញុំ​ចេញពី​ការងារ​ទៅហើយនោះ ខ្ញុំ​នៅតែ​ឃើញ​លោក​ឈរ​នៅចាំ​រថយន្តក្រុង​។ ខ្ញុំ​មាន​រថយន្ត​មួយទៀត ដូច្នេះ​ខ្ញុំ​គិត​ច្បាស់​ថា លោក​ជាម​នុស្ស​ដ៏​ត្រឹមត្រូវ​បំផុត​ដែល​ត្រូវ​ទទួល​រថយន្ត​មួយ​នេះ​ពី​ខ្ញុំ​»​។​

​លោក Booker មានការ​ភ្ញាក់ផ្អើល ហើយ​ចាប់​ឱប​លោក Pollard និង​ថ្លែង​ការ​អរគុណ​ដោយ​ក្តីរំភើប​។ «​លោក​សក្តិសម​ទទួលបាន​រថយន្ត​នេះ ពីព្រោះ​លោក​បម្រើសេវា​កម្មបាន​យ៉ាង​ល្អ​សម្រាប់​យើងទាំងអស់គ្នា​នៅក្នុង​ភោជនីយដ្ឋាន​»៕


© រក្សាសិទ្ធិដោយ thmeythmey.com