Mark Hughes ត្រូវបាន Stoke City បញ្ឈប់ពីតំណែងអ្នកចាត់ការទូទៅភ្លាមៗបន្ទាប់ពីចាញ់ Coventry City ក្រុមមកពីក្របខណ្ឌទី៤ អង់គ្លេស នាការប្រកួតដណ្តើមពាន FA Cup ខណៈលោក Arsene Wenger ដែលដឹកនាំ Arsenal បរាជ័យក្រោមថ្វីជើងក្រុមមកពីលីកទី២ Nottingham Forest ៤-២ កាលពីយប់មិញ កំពុងរងសម្ពាធខ្លាំង ហើយប្រឈមនឹងការបណ្តេញចេញពីតំណែងផងដែរ។
ក្រោយខ្ទាតចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្លិប Stoke City បានសម្រេចបញ្ចប់តំណែងលោក Mark Hughes តែម្តង ដោយសារប្រកួតចាញ់ក្រុមស្ថិតក្នុងក្របខណ្ឌ League 2 លីកបាល់ទាត់លំដាប់ទី៤ អង់គ្លេស Coventry City ២-១ នៅកីឡដ្ឋាន Ricoh Arena កាលពីថ្ងៃទី ៦ ខែមករា។
មិនត្រឹមតែប៉ុណ្ណេះទេ អ្នកចាត់ការសញ្ជាតិវេលស៍ វ័យ៥៤ឆ្នាំរូបនេះ បាននាំ Stoke ធ្លាក់ទៅតំបន់ត្រូវកាត់ចោលពីក្របខណ្ឌ Premier League ទៀតផង បន្ទាប់ពីបរាជ័យ៥ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ ដែលជាចំណែកមួយនាំឲ្យមានការបញ្ចប់តំណែងនេះដែរ។
អតីតអ្នកចាត់ការ Blackburn Rovers, Queens Park Rangers និង Manchester City រូបនេះបានឡើងដឹកនាំ Stoke ជិត៥ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ២០១៣មក។
Stoke ដែលនឹងត្រូវជួប Manchester United ពានរង្វាន់លំដាប់កំពូលអង់គ្លេស នៅថ្ងៃទី១៥ ខែមករាខាងមុខនេះ កំពុងសម្លឹងមើលអ្នកចាត់ការថ្មីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រឡេកទៅមើល Arsenal ដែលជាម្ចាស់ជើងឯកចាស់ក៏បានធ្លាក់ចេញពីពានលំដាប់ទី២អង់គ្លេសនេះដែរ ក្រោយចាញ់ក្រុមមកពីលីកលំដាប់ទី២ Nottingham Forest រហូតដល់ទៅ ៤-២។