កីឡាជាតិ
ជាតិ
កុំភ្ញាក់ផ្អើលពេលឃើញការចល័តយុទ្ធោបករណ៍នាអធ្រាត្រឈានថ្ងៃទី១០ ខែមករា!
× កងពលតូចថ្មើរជើងលេខ៧០ និងបញ្ជាការដ្ឋានអង្គរក្ស នឹងធ្វើការចល័តយុទ្ធោបករណ៍ទៅមជ្ឈមណ្ឌលកោះពេជ្រ នាអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា។ សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ការចល័តសម្ភារយោធាទាំងនេះ គឺដើម្បីចូលរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងពិព័រណ៌សម្ភារយោធា ដូច្នេះប្រជាជនពលរដ្ឋមិនត្រូវភ្ញាក់ផ្អើល ឬយល់ច្រឡំអ្វីនោះឡើយ។
កម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងពិព័រណ៍កងទ័ព នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅបរិវេណមណ្ឌលកោះពេជ្រ។ សម្រាប់ការរៀបចំកម្មវិធីប្រកួត និងការតាំងពិរព័ត៌មានទាំងនេះ យុទ្ធោបករណ៍នឹងត្រូវដឹកជញ្ជូនទៅកាន់ទីតាំងនៃពិធី។
ដើម្បីកុំឲ្យមានការយល់ច្រឡំ និងការភ្ញាក់ផ្អើលណាមួយ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ អំពីការចល័តសម្ភារយោធាទាំងនោះ ដោយបញ្ជាក់ពេលវេលាច្បាស់លាស់។
ការដឹកជញ្ជូន និងចល័តយុទ្ធោបករណ៍ទាំងនោះ នឹងបែងចែកជាពីរក្រុម។ ក្រុមទីមួយត្រូវធ្វើដំណើរពីកងពលតូចថ្មើជើងលេខ៧០ ខណ្ឌពោធិ៍សែនជ័យ តាមកំណាត់ផ្លូវជាតិលេខ៣ រួចបន្តដំណើរមកផ្លូវចោមចៅ (វេងស្រេង) ហើយបន្តទៅមហាវិថីម៉ៅសេទុង តម្រង់ទៅផ្លូវសុធារស ដោយឆ្លងកាត់ផ្លូវលេខ៧៣ និងឆ្លងស្ពានតន្ត្រី ចូលទៅទីតាំងប្រារព្ធពិធី។ ការចល័តនេះនឹងធ្វើឡើងនៅម៉ោង ១២ និង៣០នាទីអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា។
កន្លះម៉ោងក្រោយមក ក្រុមទីពីរ បន្តធ្វើការចល័ត ដោយចេញដំណើរពីបញ្ជាការរដ្ឋានកងអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល តាមផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ក្រុងតាខ្មៅ និងបត់តាមបណ្ដោយផ្លូវជាតិលេខ២ ទៅមហាវិថីព្រះនរោត្តម ហើយបត់ស្ដាំតាមបណ្ដោយផ្លូវសុធារស ឆ្លងកាត់ផ្លូវលេខ៧៣ និងឆ្លងស្ពានតន្ត្រី ចូលទៅទីតាំងប្រារព្ធពិធី។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងាររៀបចំកីឡាកងយោធពលខេមរៈភូមិន្ទរៀបចំកម្មវិធីពិព័រណ៍បែបនេះ កាលពីឆ្នាំ២០១៧ ក៏មានការរៀបចំកម្មវិធីនេះនៅ ខែមករា ដូចគ្នា៕
Tag:
កីឡាកងទ័ព
យុទ្ធោបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com