កីឡាអន្តរជាតិ
អន្តរជាតិ
Nottingham តែងតាំងគ្រូថ្មីដោយដាក់គោលដៅឡើង Premier League
× ក្លិប Nottingham Forest បានសម្រេចតែងតាំងលោក Aitor Karanka ជាអ្នកចាត់ការទូទៅថ្មី ដោយដាក់គោលដៅនាំក្រុមឡើងទៅក្របខណ្ឌ Premier League រដូវកាលក្រោយ។ ការប្រកាសនេះ គឺនៅក្រោយពេលដែលក្រុមស្ថិតនៅក្របខណ្ឌ Championship មួយនេះ បានផ្តួលក្រុមកាំភ្លើងធំ Arsenal នៃការប្រកួតពានរង្វាន់ FA Cup ជុំទី៣ កាលពីថ្ងៃទី ៧ ខែ មករា។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៤៤ឆ្នាំ និងជាអតីតជំនួយការរបស់លោក Jose Mourinho កាលពីនៅដឹកនាំ Real Madrid រូបនេះ ត្រូវជំនួសតំណែងលោក Mark Warburton ដោយយល់ព្រមចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះនៅលើទឹកដី City Ground។
ប្រធានក្លិប Nottingham Forest លោក Nicholas Randall ជឿជាក់ថា Karanka គឺជាបេក្ខភាពដែលអាចនាំក្រុមអតីតម្ចាស់ជើងឯក Champion league ២សម័យ ឡើងទៅលេងនៅក្របខណ្ឌកំពូលអង់គ្លេសវិញនារដូវកាលក្រោយ។
«យើងរីករាយណាស់ដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយ Aitor Karanka ដើម្បីក្លាយជាអ្នកចាត់ការ Nottingham Forest។ គាត់ជាបេក្ខជនពិសេសម្នាក់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ស្របតាមការចង់បានរបស់ម្ចាស់ក្លិប និងក្រុមប្រឹក្សាភិបាលសម្រាប់អានាគតរបស់ក្លិប»។ នេះជាការលើកឡើងរបស់ Randall ហើយលោកបន្ថែមថា៖«គោលបំណងរបស់យើងគឺច្បាស់លាស់។ យើងចង់បន្តកសាងក្លិបបាល់ទាត់ដ៏អស្ចារ្យនេះទៅកាន់អនាគតដឺភ្លឺស្វាង។ អ្នកគាំទ្រដ៏អស្ចារ្យរបស់ក្លិបនេះសមនឹងទទួលបានភាពជោគជ័យនិងការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League វិញ។ យើងទាំងអស់គ្នាកំពុងធ្វើការយ៉ាងលំបាកនៅលើទីលានដើម្បីសម្រេចបាននូវលទ្ធផលនេះ។ យើងជឿជាក់ថា Karank សម្រេចគោលដៅរបស់យើងបាន»។
Karanka ធ្លាប់ជោគជ័យជាមួយ Middlesbrough ដោយអាចនាំក្រុមឡើងទៅ Premier League នៅរដូវកាល ២០១៦-២០១៧ ប៉ុន្តែត្រូវបញ្ចប់តំណែងកាលពីខែមីនាដោយសារដឹកនាំមិនបានល្អ ហើយត្រូវធ្លាក់ទៅកាន់លីកលំដាប់ទី២វិញ៕
Tag:
បាល់ទាត់
Nottingham Forest
Aitor Karanka
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com