បទយកការណ៍ / បទសម្ភាសន៍
Inspired Cambodia រៀបចំ«Toastmasters Open Speech» ដើម្បីជំរុញការនិយាយជាសាធារណៈ
× INSPIRED. Cambodia នឹងរៀបចំកម្មវិធី «Toastmasters Open Speech» ដើម្បីលើកកម្ពស់វប្បធម៌នៃការនិយាយជាសាធារណៈរបស់យុវជន។ កម្មវិធីនេះ ប្រព្រឹត្តទៅពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែមករាខាងមុខ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។ វាគ្មិនជាតិ និងអន្តជាតិ នឹងចែករំលែកពីភាពជាអ្នកទំនាក់ទំនងដ៏មានប្រសិទ្ធភាព ជំនាញគ្រប់គ្រងពេលវេលា ជំនាញស្តាប់ដ៏ល្អ និងភាពជាអ្នកដឹកនាំខ្លួនឯង អ្នកដទៃ ក៏ដូចជាការដឹកនាំស្ថាប័ន។
សូមអានបទសម្ភាសរវាង លោក ទីន សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងកញ្ញា ផាន់ គីមហុង ដូចតទៅ៖
លោក ទីន សុខលីម៖ ខ្ញុំចង់ឲ្យកញ្ញារៀបរាប់ខ្លះៗ ពីកត្តាដែលជំរុញឲ្យបង្កើតកម្មវិធី «Toastmasters Open Speech»នេះឡើង?
កញ្ញា ផាន់ គីមហុង៖ ដោយសារមើលឃើញពីអត្ថប្រយោជន៍ និងជំនាញដ៏ល្អៗ នៃក្លិប Toastmasters មានដូចជា ភាពជាអ្នកទំនាក់ទំនងដ៏មានប្រសិទ្ធភាព ការពង្រឹងប្រសើរឡើងផ្នែកវេយ្យាករណ៍ និងវាក្យសព្ទ ជំនាញគ្រប់គ្រងពេលវេលា ជំនាញស្តាប់ដ៏ល្អ ការផ្តល់នូវមតិយោបល់ជាក់លាក់ វិជ្ជមាន និងមានប្រយោជន៍ទៅកាន់អ្នកដទៃ ការនិយាយដើម្បីបំផុសគំនិតល្អៗ ការឆ្លើយតបដោយឆ្លាតវៃ និងរហ័សទៅនឹងសំណួរមិនចេះរីងស្ងួត ភាពជាអ្នកដឹកនាំខ្លួនឯង អ្នកដទៃ ក៏ដូចជាស្ថាប័ននានា។ ក្រុមទាំងមូល ក៏ដូចជារូបនាងខ្ញុំផ្ទាល់បានរៀបចំកម្មវីធី «Toastmasters Open Speech» ដោយសង្ឃឹមថាសាធារណៈជនទាំងអស់អាចក្លាយជា អ្នកដឹកនាំ អ្នកទំនាក់ទំនង អ្នកនិយាយជាសាធារណៈ និងជំនាញផ្សេងៗជាច្រើនដែលមានប្រសិទ្ធភាពជាងមុន សម្រាប់ខ្លួនពួកគេផ្ទាល់ ក៏ដូចជាសង្គមកម្ពុជាទាំងមូល។
លោក ទីន សុខលីម៖ តើកម្មវិធីនេះមានគោលបំណងអ្វីខ្លះ? ហើយមានវាគ្មិនណាខ្លះចូលរួមចែករំលែក?
កញ្ញា ផាន់ គីមហុង៖ កម្មវិធីនេះមានគោលបំណង លើកកម្ពស់វប្បធម៌ នៃការនិយាយជាសាធារណៈនៅក្នុងប្រទេស ដោយមានការចែកពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ។ វត្តមានវាគ្មិនសំខាន់ៗរួមមាន លោកអៀ អ៊ុយ (Co-Founder, Osja Studio), លោក ហ៊ីងភិតវង្សរដ្ឌាយុទ្ធ (Researcher and Development Manager at STANDFORD American School of Phnom Penh), Ms. Deborah (Cameroonian, a broadcaster, teacher, manager, missionary and motivational speaker), លោក ទេព លីវីណា (Co-founder and Managing Director of EDNICHE CENTER) និងវាគ្មិនជាតិ និងអន្តរជាតិមួយចំនួនទៀត។
លោក ទីន សុខលីម៖ តើកម្មវិធីនេះមានអ្វីខ្លះខុសប្លែកពីកម្មវិធីដទៃ?
កញ្ញា ផាន់ គីមហុង៖ កម្មវិធី «Toastmasters Open Speech» មានលក្ខណៈខុសពីកម្មវិធីដទៃទាំងស្រុង ដោយវគ្គនីមួយៗនៃកម្មវិធី ធ្វើតាមបែបបទ Toastmasters អន្តរជាតិ ដែលមានប្រភពដើមពីសហរដ្ធអាមេរិក។ ទី១ ការបញ្ចាំងវីដេអូខ្លីពីកិច្ចប្រជុំរបស់ក្លិប Toastmastersទាំងមូល។ ទី២ ការចែករំលែកបទពិសោធន៍លើប្រធានបទនានាៗ របស់វាគ្មិនជាតិ និងអន្តរជាតិ។ ទី៣ ការសួរសំណួរភ្លាមៗទៅកាន់វាគ្មិន និងសាធារណជន។ ទី៤ការសម្តែងពីក្រុមតន្ត្រីជំនាញផ្នែកព្យាណូ វីយូឡុង និងឧបករណ៍តន្ត្រីមួយចំនួនផ្សេងទៀត និងមានការចាប់រង្វាន់ផ្សងសំណាងផងដែរ។
លោក ទីន សុខលីម៖ កញ្ញានៅក្មេង ប៉ុន្តែមានសមត្ថភាពអាចដឹកនាំគម្រោងបាន។ តើកញ្ញាអាចជួយចែករំលែកបានទេ?
កញ្ញា ផាន់ គីមហុង៖ ភាពជាអ្នកដឹកគឺជាបទពិសោធន៏មួយដ៏មានអត្ថន័យសម្រាប់រូបនាងខ្ងុំ។ មុនពេលនាងខ្ញុំអាចឈានជើងដល់ដំណាក់កាលនេះ នាងខ្ញុំធ្លាប់ជាអ្នកធ្វើតាមគេ និងជាអ្នកបរាជ័យក្នុងការដឹកនាំ។ ប៉ុន្តែបទពិសោធន៍ទាំងអស់នេះ បានបង្រៀនឲ្យនាងខ្ញុំរឹងមាំជាងមុន និងបានស្វែងរកនូវដំណោះស្រាយក្នុងការដឹកនាំ។ ជាងនេះទៅទៀត នាងខ្ញុំក៏ទទួលបានការផ្តល់ឱកាស និងការជួយគាំទ្រជ្រោមជ្រែងពីសំណាក់រៀមច្បងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com