អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប៉ា​ណា​ម៉ា​សុំលាលែង​ពី​តំណែង​ព្រោះ​មិនអាច​ទ្រាំទ្រ​ចំពោះ​លោក ត្រាំ​
14, Jan 2018 , 8:19 pm        
រូបភាព
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ប៉ា​ណា​ម៉ា​លោក John D Feeley បានសម្រេច​លាលែង​ពី​តំណែង​ដោយសារតែ​លោក​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ ក្រសួងការបរទេស​ទ​ទួល​យក​លិខិតស្នើ​សុំលាលែង​ពី​តំណែង និង​អះអាងថា ការចាកចេញ​នេះ​ជា​ហេតុផល​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។



​ដោយសារ​មិន​ពេញ​ចិត្តនឹង​ប្រធានាធិបតី លោក John Feeley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ប៉ា​ណា​ម៉ា បានសម្រេច​ស្នើសុំ​លាលែង​ពី​តំណែង​នៅ​សប្តាហ៍​នេះ​។ បើតាម​ក្រសួងការបរទេស​អាមេរិក លោក​នឹងត្រូវ​ចាក​ចេញពី​តំណែង​ជា​ផ្លូវការ​ខែមីនា​ខាងមុខនេះ​។​

​យោងតាម​សារព័ត៌មាន Independent លោក Feeley ការសម្រេច​ដកខ្លួន​ចេញ​ការបម្រើ​ការងារ​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នេះ​វា​ទាក់ទង​នឹង​ការមិន​ពេញចិត្ត​ចំពោះ​ប្រធានាធិបតី​ផង​។
​លោក​បាន​សរសេរ​ក្នុង​លិខិត​លាលែង​ពី​តំណែង​ថា​៖« ក្នុងនាម​ជាម​ន្ត្រី​ការបរទេស​មួយរូប ខ្ញុំ​បាន​ស្បថ​ថា​នឹង​បម្រើ​ការងារ​ដោយ​ជឿជាក់​អស់ពី​ចិត្ត​ចំពោះ​ប្រធានាធិបតី និង​រដ្ឋបាល​ដឹកនាំ​ប្រទេស ទោះជា​ខ្ញុំ​មិន​ឯកភាព​លើ​គោលនយោបាយ​មួយចំនួន​ក៏ដោយ​»​។​

​មន្ត្រីជាន់ខ្ពស់​រូបនេះ​បន្តថា​៖« ស្ថាប័ន​ដឹកនាំ​ខ្ញុំ​បានបញ្ជាក់​ច្បាស់​ហើយ​ថា ប្រសិនជា​ខ្ញុំ​ជឿជាក់ថា ខ្ញុំ​មិនអាច​ធ្វើ​វា​បានទេ ខ្ញុំ​មាន​កាតព្វកិច្ច​លាលែង​ពី​តំណែង​។ នេះ​ជា​ពេលដែល​ខ្ញុំ​ត្រូវ​ចាកចេញ​ហើយ​»​។

​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​អា​មេ​រិ​ក​ដែល​បានទទួល​លិខិត​ពី​មន្ត្រី​ទូត​ជាន់ខ្ពស់​រូបនេះ​បានទទួល​ស្គា​ល់ពី​ការលាលែង​ពី​តំណែង​នេះ ប៉ុន្តែ​គេ​អះអាងថា វា​ពាក់ព័ន្ធ​រឿង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​មិន​ពាក់ព័ន្ធ​រដ្ឋបាល​លោក ត្រាំ​ឡើយ​។​

​លោក Feeley បាន​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ​អស់​ជាង ៣០​ឆ្នាំ​មកហើយ ហើយ​លោក​បានទទួល​ការតែងតាំង​នេះ​ពី​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏​ជា​អ្នកជំនាញ​ការបរទេស​ដែល​គាំទ្រ​ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​នៅ​ទ្វីបអាមេរិក​ឲ្យ​បាន​រឹងមាំ​ផងដែរ ដែល​វា​ខុសពី​ជំហរ​របស់​រដ្ឋបាល​លោក ត្រាំ​។​

 លោក ដូ​ណា​ល់ ត្រាំ រង​ការ​ថ្កោលទោស និង​ទិតៀន​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ជាពិសេស​បណ្តា​ប្រជាជាតិ​នៅ​អាមេរិក​ឡាទីន និង​អាហ្វ្រិក ក្រោយ​មេដឹកនាំ​ប្រទេស​មហាអំណាច​រូបនេះ​ប្រើប្រាស់​ពាក្យសម្តី​រើសអើង​ប្រមាថមើលងាយ​ប្រទេសមួយ​ចំនួន​ដូចជា ហៃ​ទី អែល​សាល់​វ៉ា​ឌ័​រ និង​ប្រទេស​នានា​នៅ​ទ្វីបអាហ្វ្រិក​។ លោក ត្រាំ ប្រើប្រាស់​ពាក្យអសុរស «Shithole» សំដៅលើ​ប្រទេស​ទាំងនោះ ប៉ុន្តែ​ពាក្យ​នេះ​វា​ហាក់បីដូចជា​ចម្រូងចម្រាស​នៅឡើយ​ព្រោះ​វា​ត្រូវបាន​គេ​បកប្រែ​ខុសៗ​គ្នា​តាម​ភាសា​រៀងខ្លួន​ផង​។ ខ្លះ​អះអាងថា ត្រាំ ចង់​ហៅ​ប្រទេស​ទាំងនោះ​ជា​ប្រទេស​សម្រាម ខ្លះ​ថា​ត្រាំ​ចង់​ចាត់ទុក​ប្រទេស​ទាំងនោះ​ជា​ប្រទេស​ក្រីក្រ​រហេមរហាម​ចាំតែ​ជញ្ជក់​ឈាម​គេ ខណៈដែល​ខ្លះទៀត​ជឿថា ត្រាំ ចាត់ទុក​ប្រទេស​ទាំងនោះ​ជា​ប្រទេស​ដែល​គ្មាន​សន្តិសុខ​។


© រក្សាសិទ្ធិដោយ thmeythmey.com