ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
លោក ឯម រៀម ចោលឱកាសការងារនៅបារាំង មកតម្កើងសិល្បៈច្នៃម៉ូដនៅខ្មែរ
14, Jan 2018 ,
10:59 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ លោក ឯម រៀម ជាអ្នករចនាម៉ូដទំនើប ដែលមានស្នាដៃលេចធ្លោទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ បច្ចុប្បន្ន លោក ឯម រៀម ជាគ្រូបង្រៀនផ្នែកគំនូរពិត អ្នកច្នៃម៉ូដគ្រឿងអលង្ការ មកុដក្បាច់ខ្មែរបុរាណ និងរចនាម៉ូដសម្លៀកបំពាក់ផងដែរ។ លោក បានទទួលសញ្ញាបត្របណ្ឌិតផ្នែករចនាម៉ូដពីប្រទេសបារាំង កាលពីឆ្នាំ២០០៧ ដែលកាលណោះ លោក អះអាងថា ខ្លួនអាចធ្វើការងារនៅប្រទេសបារាំងដោយងាយស្រួល ប៉ុន្តែលោកសុខចិត្តបោះបង់ និងសម្រេចចិត្តត្រឡប់មកប្រទេសខ្មែរវិញ ព្រោះ ចង់លើកស្ទួយសិល្បៈច្នៃម៉ូដក្នុងប្រទេសកំណើតឱ្យរីកចម្រើន និងកាន់តែសម្បូរបែប។
លោក ឯម រៀម ជាអ្នករចនាម៉ូដទំនើបដែលទទួលបានការកោតសរសើរជុំទិស ពីសំណាក់អ្នកប្របកបអាជីពដូចគ្នា និងមហាជនទូទៅ។ លោក ឯម រៀម ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែករចនាម៉ូដនៅប្រទេសបារាំង តាំងពីឆ្នាំ២០០៧មករូបនេះ បានរំឮកឡើងវិញថា រូបគាត់បានចាប់ចិត្តស្រឡាញ់ការគូរគំនូរតាំងតែរៀននៅវិទ្យាល័យ ហើយបានបន្តការសិក្សាផ្នែកគំនូរនេះ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោយចប់បាក់ឌុប។
នៅអំឡុងពេលសិក្សា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀម ក៏គូរគំនូរលក់ដើម្បីបានប្រាក់ចាយវាយប្រចាំថ្ងៃផង និងជាឱកាសបញ្ចេញទេពកោសល្យរបស់ខ្លួនផង។ តាមរយៈការងារ និងបទពិសោធន៍ក្នុងអំឡុងពេលសិក្សានេះ កិត្តិសព្ទរបស់យុវជន ឯម រៀម ក៏បានរីកសាយនៅក្នុងចំណោមវិចិត្រករកម្ពុជានាជំនាន់នោះ និងមានតែងមានស្នាដៃនៅក្នុងការតាំងពិព័រណ៍នានានៅក្នុងប្រទេសដែរ។ ដូច្នេះហើយ បានជានៅក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានមួយឆ្នាំ ពោលគឺក្នុងឆ្នាំ២០០១ លោក ឯម រៀម ត្រូវបានវិទ្យាស្ថានវប្បធម៌បារាំងនៅកម្ពុជា ជ្រើសរើសឲ្យទៅសិក្សាផ្នែកគំនូររយៈពេល៣ឆ្នាំនៅសាលា Saint-Étienne École des Beaux-arts នៅបារាំង។
នៅប្រទេសបារាំង ឯម រៀម អះអាងថាខ្លួនសង្វាតសិក្សាណាស់ មិនដែលប្រហែលនឹងការសិក្សារបស់ខ្លួនម្តងណាឡើយ។ លោក រៀម តែងតែងស្រាវជ្រាវ និងរកគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ព្រោះមិនចង់ឱ្យគេថាសិស្សមកពីកម្ពុជា រៀនមិនពូកែ ហើយខ្លាចសាលាផ្ដាច់អាហារូបករណ៍ផង។ រៀនចប់ផ្នែកគំនូរ៣ឆ្នាំហើយ និស្សិតរូបនេះ មិនបានត្រឡប់មកស្រុកខ្មែរនោះទេ តែបែរជាស្នើស្ថានទូតបារាំងបន្ដការសិក្សាយកថ្នាក់បណ្ឌិតផ្នែករចនាម៉ូដនេះបន្តទៀត ដោយសារតែខ្លួន ចេះតែចង់ចេះ ចង់ដឹងពីការរចនាម៉ូដ និងយល់ឃើញថា នៅស្រុកខ្មែរមិនទាន់មានអ្នកជំនាញខាងរចនាម៉ូដនេះ។
និយាយបន្តលាយសំណើច និងកាយវិការផង អ្នកច្នៃម៉ូដដែលទុកពុកមាត់ ពុកចង្កាវែង ឯម រៀម សង្កត់ធ្ងន់ថា រៀននៅស្រុកខ្មែរថាពិបាក តែរៀនស្រុកគេពិបាកជាងច្រើនដងណាស់។ លោក រៀម រៀបរាប់ដូច្នេះ៖«កាលរៀននៅនោះ ថ្ងៃណាក៏គិតដែរ ត្រូវធ្វើយ៉ាងណាឱ្យមានការងារល្អឱ្យគ្រូ ថ្ងៃខ្លះមកដល់សាលាប្រាប់គ្រូថា លោកគ្រូអើយថ្ងៃនេះអស់ហើយមិនមានអ្វីថ្មីទេ។ តែនិយាយបានតែអីចឹងទេ នៅតែខំប្រឹងប្រែងខ្លាំងណាស់»។ យ៉ាងណា ការប្រឹងប្រែងនេះ បានធ្វើឲ្យលោក ឯម រៀម ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងជំនាន់ ជាមួយនឹងនិស្សិតម្នាក់ទៀតមកពីប្រទេសចិន។
ក្រោយបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនាអំឡុងឆ្នាំ២០០៧ លោករៀម អះអាងថា លោកអាចបន្តស្នាក់នៅ និងធ្វើការត្រូវនឹងជំនាញដែលខ្លួនបានរៀន គឺផ្នែករចនាម៉ូដនៅរោងចក្រក្រដាស នៅស្រុកបារាំងសេសបាន ប៉ុន្តែលោកបានសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ព្រោះតែចង់អភិវឌ្ឍន៍ផ្នែករចនាម៉ូដទំនើប នៅប្រទេសរបស់ខ្លួនវិញ។ បុរសវ័យ៤៧ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះ៖ «បើខ្ញុំចង់ធ្វើការនៅនោះក៏បាន ទាក់ទងនឹងជំនាញខ្ញុំ គឺធ្វើនៅរោងចក្រផលិតក្រដាស រោងចក្រផលិតគ្រឿងសង្ហារិម តែខ្ញុំទៅរៀននោះដើម្បីមកអភិវឌ្ឍន៍ប្រទេសវិញ ខ្ញុំចង់ឱ្យការច្នៃម៉ូដទំនើបនៅកម្ពុជាកាន់តែសម្បូរបែប»។
មកប្រទេសកំណើត បណ្ឌិតផ្នែករចនាម៉ូដរូបនេះ បានបើកវិចិត្រសាលផ្ទាល់ខ្លួន ឈ្មោះថា X-Em នៅខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ក្រៅពីវិចិត្រសាលផ្ទាល់ខ្លួន បច្ចុប្បន្ន បណ្ឌិត ឯម រៀម អាយុ៤៧ឆ្នាំ ក៏ជាគ្រូបង្រៀនផ្នែកគំនូរពិតមួយរូប អ្នកច្នៃម៉ូដគ្រឿងអលង្ការ និងរចនាម៉ូដសម្លៀកបំពាក់ ហើយក៏ឆ្លៀតដើរម៉ូដផងដែរ។
ប្រមាណ១០ឆ្នាំមកនេះ បណ្ឌិតច្នៃម៉ូដ ឯម រៀម បានអះអាងថាខ្លួន បានធ្វើកិច្ចការជាច្រើន រួមចំណែកអភិវឌ្ឍន៍ការច្នៃម៉ូដក្នុងប្រទេសកំណើត ដែលស្នាដៃទាំងនោះមានគ្រឿងសង្ហារិមធ្វើពីផ្តៅ គំនូរ ចម្លាក់ មកុដ និងការច្នៃម៉ូដជាលក្ខណៈក្បាច់បុរាណខ្មែរ។ សម្រាប់លោកបណ្ឌិតរូបនេះ សិល្បៈគឺជាការច្នៃប្រឌិត ប៉ុន្តែត្រូវផ្សារភ្ជាប់នឹងប្រពៃណីនិងវប្បធម៌ខ្លួនរបស់ខ្លួន និងត្រូវគិតគូរអំពីបរិស្ថាន និងការអភិវឌ្ឍន៍វប្បធម៌ជាតិ។ លោក បញ្ជាក់ដូច្នេះ៖«ទោះតែយើងចេះច្នៃម៉ូដបានល្អហើយក្ដី តែយើងត្រូវតែសិក្សាបន្ថែមឱ្យបានច្រើន សិក្សាពីរបស់យើងឱ្យបានច្បាស់ និងពីប្រទេសគេថាមានអ្វីខ្លះ កុំឱ្យគេនិយាយយើងអត់ដឹងអីសោះ។ ស្នាដៃដំបូងរបស់ខ្ញុំគេថា ខ្ញុំចម្លងពីថៃ តែមិនមែនទេខ្ញុំបានសិក្សាពីរចនាបថខ្មែរច្បាស់ នៅសាលារចនា»។
សម្រាប់ លោក ឯម រៀម លោកពេញចិត្ត និងមានមោទនភាពណាស់ ដែលការប្រឹងប្រែងរបស់ខ្លួនជាង១០ឆ្នាំមកនេះ ហើយបច្ចុប្បន្ន ស្នាដៃរបស់លោក ត្រូវបានគេទទួលស្គាល់ ហើយរូបលោកផ្ទាល់ ក៏បានក្លាយជាជនគំរូមួយរួប សម្រាប់យុវជនជំនាន់ក្រោយ។ លោក ឯម រៀម បញ្ជាក់ពីមោទនភាពរបស់ខ្លួនដូច្នេះ៖ «ស្នាដៃរបស់ខ្លួន អាចជួយបានអ្វីដែលខ្ញុំធ្វើសព្វថ្ងៃ គឺបានជួយច្រើន។ បើនិយាយទៅ យើងជាបុគ្គលគំរូសម្រាប់ប្អូនៗជំនាន់ក្រោយ បើប្រៀបធៀបការងាររយៈ១០ឆ្នាំហ្នឹង។ យើងជាគំរូឲ្យពួកគេស្រឡាញ់ ពួកគេនឹងរៀន ហើយពួកគេធ្វើ។ អ៊ីចឹងវា មានឥទ្ធិពលល្អសម្រាប់ពួកគាត់»។
ទៅថ្ងៃអនាគតបណ្ឌិត ឯម រៀម មានក្ដីប្រាថ្នាចង់មានរោងជាងមួយ ដើម្បីអភិវឌ្ឍន៍ការធ្វើមកុដ និងប៉ាក់ឌិនសម្លៀកបំពាក់ប្រពៃណី ជារចនាបថខ្មែ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម