អន្តរជាតិ
រដ្ឋាភិបាល ឌូ​ទើ​តេ បិទ​សារព័ត៌មាន​ល្បីឈ្មោះ Rappler
15, Jan 2018 , 4:21 pm        
រូបភាព
​អាជ្ញាធរ​ហ្វីលីពីន​បានសម្រេច​ចិត្ត​បិទ​សារព័ត៌មាន​អន​ឡាញ​ល្បីឈ្មោះ Rappler ដោយ​លើកឡើងថា សារព័ត៌មាននេះបំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​កម្មសិទ្ធិ​លើ​ក្រុមហ៊ុន​ក្នុង​ស្រុក​។ សារព័ត៌មាន​នេះ​អះអាងថា ខ្លួន​នឹង​តវ៉ា​តាមផ្លូវ​ច្បាប់​ចំពោះ​ការបិទ​ដំណើរការ​អង្គភាព​របស់ខ្លួន​។​



​គណៈកម្មការ​មូល​ប​ត្រ​របស់​ហ្វីលីពីន បាន​លុបចោល​ការចុះឈ្មោះ​បញ្ជី​អាជីវកម្ម​របស់​សារព័ត៌មាន Rappler ដែល​គេ​ស្គាល់​ថា ជា​បណ្ដាញសារព័ត៌មាន​រិះគន់​រដ្ឋាភិបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ខ្លាំង​ពេលកន្លងមក​។ ក្នុង​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី​១១ ខែមករា ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ ខែមករា គណៈកម្មការ​នេះ​អះអាងថា សារព័ត៌មាន Rappler បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​ហាមឃាត់​ជនបរទេស​មានកម្ម​សិទ្ធិ​លើ​អង្គភាព​សារព័ត៌មាន​។​

​បើតាម​សារព័ត៌មាន Rappler គណៈកម្មការ​ខាងលើ​រកឃើញថា សារព័ត៌មាន Rappler ទទួល​លុយ​ដើម្បី​ដំណើការ​ពី​មូលនិធិ Omidyar Network ដែល​បង្កើត​ដោយ​ម្ចាស់​គេហទំព័រ eBay លោក Pierre Omidyar ។ គណៈកម្មការ​នេះ​ក៏បាន​លុបចោល​លិខិត​ត​ម្ដ​ល់​លុយ ឬ Philippine Depositary Receipts (PDRs) របស់​មូលនិធិ​នេះ និង​សម្រេចចិត្ត​លុបចោល​លិខិត​អាជីវកម្ម​របស់ Rappler តែម្ដង​។

 


PDRs គឺជា​ទម្រង់​មួយ​នៃ​ការវិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន​មួយ ដែល​ម្ចាស់​កាន់កាប់ PDRs គ្មាន​សិទ្ធិ​បោះឆ្នោត​ក្នុងគណៈ​គ្រប់គ្រង ឬ​ការគ្រប់គ្រង ឬក៏​ដំណើការ​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន​ឡើយ​។ ឆ្លើយតប​នឹង​ការសម្រេចចិត្ត​ខាងលើ សារព័ត៌មាន Rappler និយាយ​រំឭកថា PDRs មិនបាន​បង្ហាញ​ពី​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ឡើយ ហើយ​នេះ​បង្ហាញថា Omidyar Network និង North Base Media ដែលជា​អ្នកវិនិយោគ​បរទេស គ្មាន​កម្មសិទ្ធិ​លើ Rappler ឡើយ​។​

​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ បាន​រិះគន់​សារព័ត៌មាន Rappler ជា​យូរ​មកហើយ​។ គណៈកម្មការ​ពិសេស​មួយ​ត្រូវបាន​បង្កើត​កាលពី​ខែ​កក្ដ​ដា ឆ្នាំ​២០១៧ ដើម្បី​ស៊ើបអង្កេត​អង្គភាព​សារព័ត៌មាន​មួយ​នេះ​ជុំវិញ​ការសង្ស័យថា​បំពាន​រដ្ឋធម្មនុញ្ញ​។ មិនបាន​ប៉ុន្មាន​ផង លោក ឌូ​ទើ​តេ ក៏​ព្រមាន​ចំៗ​ថា លោក​នឹង​បើក​ការស៊ើបអង្កេត​លើ​ម្ចាស់​កម្មសិទ្ធិ​របស់ Rappler នេះ​។ 

​ក្រោយ​ការចេញលិខិត​លុបចោល​ដំណើការ​របស់ខ្លួន សារព័ត៌មាន Rappler បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​ការសម្រេចចិត្ត​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​គណៈកម្មកា​រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ផង​។ «​យើង​មានបំណង​មិន​ត្រឹមតែ​តស៊ូ​តាមផ្លូវ​ច្បាប់​ដែលមាន​ឡើយ តែ​នឹង​តស៊ូ​ដើម្បី​សេរីភាព​ក្នុង​វិស័យ​សារព័ត៌មាន និង​សិទ្ធិ​របស់​អ្នកអាន​ក្នុង​ការទទួល​ព័ត៌មាន​ពី​វេទិកា​ឯករាជ្យ​»​។ នេះ​ជា​សារ​របស់​សារព័ត៌មាន​អន​ឡាញ Rappler នៅ​ថ្ងៃទី​១៥ ខែមករា​៕

Tag:
 ​ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Rappler
© រក្សាសិទ្ធិដោយ thmeythmey.com