អន្តរជាតិ
ប្រមុខ​ការទូត​ចិន​ទាត់ចោល​ការចោទប្រកាន់​ថា ចិន​នឹងធ្វើ​ឲ្យ​បណ្តា​រដ្ឋ​អាហ្វ្រិក​វ័ណ្ឌក​នឹង​បំណុល​
15, Jan 2018 , 9:59 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​ទាត់ចោល​ការចោទប្រកាន់​ខុស​ការពិត​ថា ចិន​ធ្វើ​ឲ្យ​ប្រទេស​អាហ្វ្រិក មាន​បំណុល​កាន់តែច្រើន​រហូតដល់​វ័ណ្ឌក​។ ប្រមុខ​ការទូត​ចិន​រូបនេះ បាន​បកស្រាយ​បែបនេះ នៅក្នុងពេល​លោក​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អង់​ហ្គោ​ឡា នៅ​សប្តាហ៍​មុន​។



​ការពង្រឹង​ឥទ្ធិពល​របស់​ចិន និង​វត្តមាន​ក្រុមហ៊ុន​ចិន​ច្រើន នៅ​អាហ្វ្រិក ត្រូវបាន​មតិ​មួយចំនួន​ចាត់ទុក ជា​រឿង​អវិជ្ជមាន​។ ខ្លះ​អះអាងថា ចិន​កំពុង​ដាក់​អាណានិគម​ថ្មី លើ​បណ្តា​ប្រទេស​អាហ្វ្រិក​តាមរយៈ​ការផ្តល់​កម្ចី និង​ជំនួយ​ជាដើម ដែល​វា​ធ្វើ​ប្រទេស​ទាំងនោះ ជាប់បំណុល​ចិន​កាន់តែច្រើន​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា ជាមួយ​រដ្ឋមន្ត្រីការបរទេស​អង់​ហ្គោ​ឡា លោក វ៉ាង យី ត្រូវបាន​អ្នកសារព័ត៌មាន សាកសួរ​ពាក់ព័ន្ធ​ការចោទប្រកាន់ថា ចិន​ធ្វើ​បណ្តា​រដ្ឋ​អាហ្វ្រិក​វ័ណ្ឌក នឹង​បំណុល​ចិន​នៅពេល​អនាគត​។ ប៉ុន្តែ​លោក វ៉ាង យី បាន​ឆ្លើយតប​យ៉ាងច្បាស់​ថា រាល់​ការលើកឡើង​ពាក់ព័ន្ធ​នឹង​ចិន ជាការ​ចោទប្រកាន់​ខុស​ការពិត​ប៉ុណ្ណោះ​។ 

​ប្រមុខ​ការទូត​ចិន​រូបនេះ បាន​ពន្យល់ថា ទំនាក់ទំនង​រវាង​ចិន និង​អាហ្វ្រិក ក្នុង​រយៈពេល​ចុងក្រោយ​មានការ​រីកចម្រើន​ខ្លាំង ហើយ​វា​ជា​រឿង​ចាំបាច់ ដែល​ចិន​ត្រូវ​បង្កើន​ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​អាហ្វ្រិក ខណៈដែល​មហាអំណាច​នេះ នៅ​បន្ត​គោរព​គោលការណ៍​ជា​មូលដ្ឋាន មិន​ជ្រៀតជ្រែក និង​គោរព​គ្នា​ទៅវិញទៅមក​ដដែល​។

​លោក វ៉ាង យី បានលើកឡើង​ហេតុផល​៣​យ៉ាង ដែល​អាច​ពន្យល់បាន​ថា ចិន​ជា​មិត្ត​ល្អ មានបំណង​ល្អ និង​ចង់​ជួយ​ឲ្យ​មិត្ត​អាហ្វ្រិក​រីកចម្រើន​ទាំងអស់គ្នា​។ បើតាម​ប្រមុខ​ការទូត​ចិន​រូបនេះ ហេតុផល​ទី​១ ចិន​ផ្តល់ជំនួយ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អាហ្វ្រិក  ព្រោះ​ចិន​យល់ច្បាស់​ថា ប្រទេស​នីមួយៗ ត្រូវការ​ហិរញ្ញវត្ថុ​ច្រើន នៅពេលដែល​គេ​កំពុង​ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ និង​ឈានទៅ​ធ្វើ​ឧស្សាហូបនីយកម្ម​សេដ្ឋកិច្ច​។​

​ចំណុច​ទី​២ គឺ ចិន​មិនដែល​ដាក់​លក្ខខណ្ឌ​នយោបាយ​ណាមួយ លើ​ប្រទេស​ជា​មិត្ត​ដែល​ទទួល​ជំនួយ​ពី​ចិន​ឡើយ​។ ចិន​ធ្លាប់ជា​ប្រទេស​ដែលមាន​ប្រវត្តិសាស្ត្រ​ល្វីង​ជូរចត់​ដូច​អាហ្វ្រិក​ដែរ ដោយ​សេដ្ឋកិច្ច​ខ្លួន ត្រូវបាន​កេងប្រវ័ញ្ច និង​សង្កត់សង្កិន ដោយ​បរទេស​នោះ​។  ដូច្នេះហើយ អ្វីដែល​ចិន​ចង់បាន​នោះ គឺ​ធានា​ជួយ​គាំទ្រ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាហ្វ្រិក និង​មិន​ដាក់​គំនិត​ខ្លួន​ឲ្យ​គេ​ធ្វើតាម​ដូច​លោកខាងលិច​ឡើយ​។​

​ចំណុច​ទី​៣ គឺ​ចិន​ធានា​ឈរលើ​គោលការណ៍​គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក និង​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​។ លោក វ៉ាង យី​ង បាន​សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​អាហ្វ្រិក ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង ហើយ​ចិន​យល់ច្បាស់​ថា ការអភិវឌ្ឍ​រួម​អាច​សម្រេចបាន​ដរាបណា ភាគី​ត្រូវ​ឈរលើ​គោលការណ៍​ស្មើភាព​គ្នា និង​ធានា​ប្រយោជន៍​គ្នា​ទៅវិញទៅមក​ដែរ​។

​ប្រមុខ​ការទូត​រូបនេះ បាន​គូសបញ្ជាក់​ផងដែរ​ថា ចិន​ផ្តល់ជំនួយ​គាំទ្រ​ដល់​អាហ្វ្រិក តាមរយៈ​ការសិក្សា​ស៊ីជម្រៅ​ពី​ទីផ្សារ សក្តានុពល​សេដ្ឋកិច្ច និង​សង្គម ដែល​វា​រួមចំណែក​ជួយ​ដល់​ភាពជោគជ័យ នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​នេះដែរ​។

​បន្ថែម​ពីលើ​ហេតុផល​ដែល​បាន​រៀបរាប់​នេះ លោក វ៉ាង យី ក៏បាន​ឆ្លៀត​រម្លឹក​ផងដែរ​ថា មានតែ      បណ្តា​ប្រទេស​អាហ្វ្រិក​ប៉ុណ្ណោះ ដែល​ស័ក្តិសម​និយាយ​ពី​ភាព​វិជ្ជមាន ឬ​អវិជ្ជមាន​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អាហ្វ្រិក មិនមែន​អ្នក​ក្រៅ​ទេ ហើយ​លោក​បាន​លើកយក​សុភាសិត​មួយ​ឃ្លា​ដែល​ពោលថា​៖«​មានតែ​ជើង​ប៉ុណ្ណោះ ដែល​អាច​ដឹង​ច្បាស់​ថា ស្បែកជើង​វា​ល្មម នឹង​ខ្លួន​ឬ​អត់​»៕ 


Tag:
 ចិន​
  វ៉ាង យី​
  អាហ្វ្រិក​
  បំណុល​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com