អន្តរជាតិ
យុវជន​ឥណ្ឌូណេស៊ី​ម្នាក់ ជាប់ពន្ធនាគារ​ជាង​១​ឆ្នាំ ព្រោះ​ប្រមាថ​ប្រធានាធិបតី​តាម​ហ្វេ​ស​ប៊ុ​ក
17, Jan 2018 , 5:24 pm        
រូបភាព
ដោយ:
​តុលាការ​ឥណ្ឌូណេស៊ី បានសម្រេច​កាត់ទោស​ឲ្យ​យុវជន​ម្នាក់​ជាប់ពន្ធនាគារ​រយៈ​ពេល​១៨​ខែ ពីបទ​ប្រមាថ​លោក​ប្រ​ធានា​ធីប​តី ចូ​កូ វី​ដូ​ដូ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ យុវជន​រូបនោះ ក៏​មិនមាន​ការជំទាស់​អ្វី​ដែរ ។



​តុលាការ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​១៦ មករា បាន​កាត់ទោស​សិស្ស​វិទ្យាល័យ​ម្នាក់​មកពី​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ឥណ្ឌូណេស៊ី​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៨​ខែ ក្រោយពី​បាន​រកឃើញថា យុវជន​រូបនេះ បំពាន​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​។ ជននេះ​បាន​និយាយ​ប្រមាថ​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ខ្លួន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ភ្នាក់ងារ​ព័ត៌មាន AFP ។

​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ បន្ថែម​ពី​ទោស​ជាប់ពន្ធនាគារ តុលាការ​ឥណ្ឌូណេស៊ី ក៏បាន​ពិន័យ​យុវជន​រូបនោះ ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ៧០០ ដុល្លារ ផងដែរ ហើយ​បើ​គេ មិនបាន​បំពេញ​កាតព្វកិច្ច​នេះ​ទេ តុលាការ​នឹង​បន្ថែម​ទោស​រយៈពេល មួយខែ​ទៀត ពោលគឺ ១៩ ខែ​។ តែ​យ៉ាងណា យុវជន​រូបនោះ មិនបាន​ប្តឹង​ជំទាស់​នឹង​សាលក្រម​របស់​តុលាការ​ឡើយ ។

​យុវជន​រូបនោះ ត្រូវបាន​ចាប់ខ្លួន​តាំងពី​ខែសីហា​កន្លងទៅ ពោលគឺ​បន្ទាប់ពី​គេ បាន​បង្ហោះ​សារ​បរិហារកេរ្តិ៍ និង​បែប​ប្រមាថ​ជាច្រើន តាម​បណ្តាញ​សង្គម ជាពិសេស ជា​សារ​ដែល​ប្រឆាំងនឹង​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ តែម្តង ។

​គួរ​ជម្រាប​ផងដែរ​ថា ឥណ្ឌូណេស៊ី ត្រូវបាន​គេ​ចាត់​ថា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ចាស់ទុំ​មួយ​នៅក្នុង​តំបន់ ក៏ប៉ុន្តែ​កន្លងមក រដ្ឋ​ដែលមាន​ប្រជាជន​ឥស្លាម​ច្រើនជាងគេ​លើ​ពិភពលោក​មួយ​នេះ ក៏​ទទួលរង​ការរិះគន់​ច្រើន ពាក់ព័ន្ធ​ការបង្ក្រាប​បុគ្គល​ណា​ដែល​បញ្ចេញមតិ​រិះគន់​តាម​បណ្តាញ​សង្គម​ផងដែរ ។ ឥណ្ឌូណេស៊ី​រឹតត្បិត​ខ្លាំង​លើ​ចលនា​ទាំងឡាយណា​បង្ក​ផលប៉ះពាល់​ដល់​សាសនា​ជាតិ​របស់ខ្លួន ៕

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com