អន្តរជាតិ
ជនភៀសខ្លួន​ជាង​១​ពាន់​នាក់​នៅ​បង់​ក្លា​ដែ​ស នឹងត្រូវ​បញ្ជូនទៅ​មី​យ៉ាន់​ម៉ា​វិញ​នៅ​សប្តាហ៍​ក្រោយ
18, Jan 2018 , 7:19 pm        
រូបភាព
ដោយ:
​ការមិន​តបត​នឹង​ការបន្ទោស​របស់​សហគម​ន៍​អន្តរជាតិ​របស់​មី​យ៉ាន់​ម៉ា​រឿង​វិបត្តិ​ជនភៀសខ្លួន បានចេញ​ជា​លទ្ធផល​ផ្លែផ្កា​ហើយ ។ នោះ​គឺ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស បាន​ឯកភាពគ្នា​ក្នុងការ​រៀបចំ​បញ្ជូន​ជនភៀសខ្លួន ដែល​រងគ្រោះ​ដោយសារតែ​ការវាយប្រហារ​នៅ​មី​យ៉ាន់​ម៉ា​នៅ​ចុងឆ្នាំ​មុន ទៅកាន់​ប្រទេស​កំណើត​វិញ​ហើយ ។



​បើ​មិនមាន​ការប្រែប្រួល​នោះ ជនភៀសខ្លួន​ជាង​មួយ​ពាន់​នាក់ ដែល​កំពុងស្នាក់នៅ​បណ្តោះអាសន្ន​នៅ ជំរំ​បង់​ក្លា​ដែ​ស នឹង​អាច​ត្រលប់​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​នៅ​សប្តាហ៍​ក្រោយ​នេះហើយ ។ ពួកគេ គឺជា​អ្នក​ដែល​ត្រូវ​ត្រឡប់មក​ប្រទេស​ដើម​វិញ​ដំបូង​គេ ក្នុងចំណោម​ជនភៀសខ្លួន​រាប់សិប​ម៉ឺន​នាក់ ដែល​បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា ។

​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា ចុះ​ថ្ងៃ​១៦ មករា ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP មី​យ៉ាន់​ម៉ា​នឹង​ត្រៀម​រៀបចំ​ទទួល​ជនភៀសខ្លួន​ពី​បង់​ក្លា​ដែ​ស​ចំនួន ១២០០​នាក់ ដែល​ក្នុងនោះ ពួកគេ​ជា​ជនជាតិ​ហិណ្ឌូ​ផង និង​រ៉ូ​ហ៊ីង​យ៉ា​ផង ។ បញ្ជី​ឈ្មោះ​របស់​ពួកគេ ក៏​ត្រូវបាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ដោយ​រាប់បញ្ចូល​ទាំង​សាវតា​ផងដែរ ។

​ការរៀប​បញ្ជូន​នេះដែរ អាច​កើតឡើង​បាន ក្រោយពី​មាន​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​រដ្ឋាភិបាល​ទាំងពីរ ដែល​បាន​ធ្វើឡើង ក្រោម​សម្ពាធ​អន្តរជាតិ​នោះ ។ នៅ​ថ្ងៃ​២៣ វិច្ឆិកា ឆ្នាំមុន រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុងស្នាក់នៅ​បង់​ក្លា​ដែ​ស​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ ។​

​សូម​រម្លឹក​បន្តិច​ផងដែរ​ថា តាម​របាយការណ៍​ភ្នាក់ងារ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ មាន​ជនភៀសខ្លួន ប្រមាណ​ជាង ៦០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ក្រោយពី​មានការ​វាយប្រហារ​រវាង​អាជ្ញាធរ​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម ។ អង្គការសហប្រជាជាតិ រួមជាមួយ​នឹង​បណ្តា​ប្រទេស​មួយចំនួន កន្លងមក​បាន​រិះគន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ខ្លាំង ដែល​បណ្តែតបណ្តោយ​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​នេះ​កើត ។

​បើតាម​ប្រភពព័ត៌មាន​អូស្ត្រាលី ABC News ជុំវិញ​នីតិវិធី​នៃ​ការបញ្ជូន​ជន​ភៀស​ខ្លួ​នេះដែរ ត្រូវបាន​រដ្ឋាភិបាល​ប​ង់​ក្លា​ដែ​ស អះអាងថា នឹង​អាច​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ៕


Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com