ជាតិ
រថយន្ត
អ្នកស្លាប់ និង​រងរបួស ជាង​៧​ពាន់​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១៧
29, Jan 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកស្លាប់ និង​រងរបួស ជាង​៧​ពាន់​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) នៃ​ក្រសួងមហាផ្ទៃ​។​



​របាយការណ៍​គ​.​ស​.​ច​.​គ បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន ៣៥៣១​លើក ដែល​បាន​បណ្ដាល​ឲ្យ​អ្នកស្លាប់ ១,៧៨០​នាក់ និង​របួស​៥,៥៣៩​នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​១៦៨​នាក់ ខេត្តកណ្ដាល​១៦០​នាក់ កំពង់ធំ​១២៤​នាក់​។ ក្នុង​របាយការណ៍​បន្ត​ថា ក្នុង​មួយថ្ងៃ មាន​ជនរងគ្រោះ​ជា​មធ្យម​៥​នាក់ និង​រងរបួស​១៥​នាក់​។

​របាយការណ៍​ដដែល លើកឡើងថា មូលហេតុ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​៣៦​ភាគរយ មិន​គោរព​សិទ្ធិ​១៧​ភាគរយ មិន​ប្រកាន់​ស្ដាំ​១៣​ភាគរយ ប្រជែង​គ្នា​១០​ភាគរយ ស្រវឹង​៩​ភាគរយ បត់​ខ្វះ​ការប្រុងប្រយ័ត្ន​១០​ភាគរយ និង​កត្តា​ផ្សេងៗ​៤​ភាគរយ​។​

​បើតាម​របាយការណ៍ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៣៥៣១​លើក​នេះ ធៀប​នឹង​ឆ្នាំ​២០១៦ មានការ​ថយចុះ​១៦៩​លើក ខណៈ​ចំនួន​អ្នករងរបួស​ថយ​ចំនួន​១,០៦៨​នាក់​ស្មើ​១៦​ភាគរយ ប៉ុន្តែ​ចំនួន​កើនឡើង​៦៣​នាក់ ស្មើ​៤,៦​ភាគរយ​។ 

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​វាយតម្លៃថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៧ មានការ​រីកចម្រើន​គួរកត់សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ ។ ត្រង់ចំណុច​នេះ​គ​.​ស​.​ច​.​គ បានដាក់​ទិសដៅ​ចុះ​ផ្សព្វផ្សាយ​ពី​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​១០​ចំណុច​ផងដែរ​។  ក្នុងចំណោម​ទិសដៅ​ការងារ​ទាំងនោះ គ​.​ស​.​ច​.​គ ជំរុញ​ឲ្យ​មានការ​សិក្សា​អំពី​បច្ចេកវិទ្យា​ជឿនលឿន​ថ្មីៗ បម្រើ​ដល់​សុវត្ថិភាព​ចរាចរណ៍ ដូចជា​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​, ឧបករណ៍​ត្រួតពិនិត្យ​ល្បឿន ,​ឧបករណ៍​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ,​ឧបករណ៍ GPS ,​កំណត់​ទីតាំង​ជើងកប ,​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រង​យានយន្ត ,​បណ្ណ​បើកបរ និង​គ្រប់គ្រង​បទល្មើស​ចរាចរណ៍ ការលើកទឹកចិត្ត​ប្រើប្រាស់​យានយន្ត​ដែល​ប្រើ​ដោយ​ថាមពល​អគ្គិសនី​ជាដើម ដែល​អាចជួយ​ទប់ស្កាត់​ការកាត់បន្ថយ​គ្រោះថ្នាក់ ការពារ​បរិស្ថាន និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​៕


Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com