ជាតិ
មេធាវី ស្នើតុលាការ ផ្តល់ឱកាសដល់លោក កឹម សុខា ចេញទៅវះកាត់ដៃ នៅបរទេស
× ភ្នំពេញ៖ ក្រុមមេធាវី បានដាក់សំណើថ្មីមួយផ្សេងទៀត ទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២0១៨ ដើម្បីសុំការអនុញ្ញាត ឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ចេញទៅព្យាបាលជំងឺកៀបសរសៃដៃខាងឆ្វេង នៅប្រទេសសិង្ហបុរី។ លោក ផែង ហេង មេធាវីមួយរូបរបស់លោក កឹម សុខា បានប្រាប់សារព័ត៌មានថ្មីៗថា ជំងឺនេះ ទាមទារឲ្យមានការវះកាត់ ទើបអាចជាសះស្បើយ។
លោកមេធាវី ផែង ហេង លើកឡើងថា ស្មាខាងឆ្វេងរបស់លោក កឹម សុខា មានដុះឆ្អឹង។ លោក បន្តថា ឆ្អឹងដែលដុះឡើងនេះ បានបណ្តាលឲ្យស្មារបស់លោ កឹម សុខា ហើម និងឈឺ ហើយពិបាកសម្រាន្ត។ លោកបន្ថែមថា ការកៀបសរសៃដៃ គឺដោយសារការដុះឆ្អឹងនេះហើយ។
លោកមេធាវីរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«ទាល់តែវះកាត់ ហើយឆាបឬកាត់ឆ្អឹងហ្នឹងចេញ ទើបធូរស្រាល។ លោក កឹម សុខា បានប្រាប់ពួកខ្ញុំអ៊ីចឹង ពេលពួកខ្ញុំទៅជួបគាត់ក្នុងពន្ធនាគារ»។
លោកមេធាវី ផែង ហេង អះអាងទៀតថា លោក កឹម សុខា មានជំងឺកៀបសរសៃដៃដោយសារការដុះឆ្អឹងនេះ តាំងពីលោក មិនទាន់ជាប់ពន្ធនាគារមកម្ល៉េះ។ លោក និយាយថា កាលនោះ ពេទ្យនៃប្រទេសសិង្ហបុរី បានប្រាប់ឲ្យវះកាត់ ប៉ុន្តែលោក កឹម សុខា បានសុំពន្យារ ដោយសារតែជាប់រវល់នឹងការងារពេក។
ក្រៅពីជំងឺកៀបសរសៃដៃខាងឆ្វេង លោក កឹម សុខា ក៏មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមប្រភេទធ្ងន់ ផងដែរ។ នេះបើតាមលោក ជូង ជូងី មេធាវីមួយទៀតរបស់លោក កឹម សុខា ដែលបានអះអាង នាពេលកន្លងមក។
ការអះអាងថាលោក កឹម សុខា មានជំងឺ ជាពិសេសជំងឺកៀបសរសៃដៃខាងឆ្វេង មិនទទួលបានការជឿទុកចិត្តពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានោះទេ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ធ្លាប់លើកឡើងយ៉ាងដូច្នេះថា៖«ការនិយាយរបស់មេធាវី គ្រាន់តែជាវោហារសាស្ត្រនយោបាយ ដែលចង់បានការដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានសម្តែងការព្រួយបារម្ភពីសុខភាពរបស់លោក កឹម សុខា ហើយបានស្នើឲ្យតុលាការកម្ពុជា ដោះលែងលោក ជាបន្ទាន់។ ចំណែក អង្គការ និងសហគមន៍អន្តរជាតិផ្សេងទៀត ក៏បន្តទាមទារឲ្យដោះលែងលោក កឹម សុខា ដែរ៕
Tag:
កឹម សុខា
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com