ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងការបរទេស ចាត់ទុក​វិធានការ​អាល្លឺម៉ង់ ដែល​ផ្អាក​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល ជាការ​មើលងាយ​កម្ពុជា​
23, Feb 2018 , 12:57 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
ភ្នំពេញ​៖ បន្ទាប់ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដល់​វេន​អាល្លឺម៉ង​វិញ​ម្ដង ដែល​សម្រេច​ផ្អាក​ទិដ្ឋាការ​ចំពោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​។ កម្ពុជា ចាត់ទុក​ការសម្រេចចិត្ត​របស់​អា​ល្លឺ​ម៉​ង ក្នុង​ហេតុផល​នយោបាយ​ដោយ​ភាពលំអៀង និង​គ្មាន​ភាពស្មោះត្រង់​ចំពោះ​កម្ពុជា​។​


​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សោកស្ដាយ​ចំពោះ​វិធានការ​អាល្លឺម៉ង់ ដែល​ផ្អាក​ទិដ្ឋាការ​ចំពោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​។ ក្រសួងការបរទេស ចាត់ទុក​ការសម្រេច​របស់​អាល្លឺម៉ង់​បែបនេះ ជាការ​មើលស្រាល​ទាំងស្រុង​ដល់​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​របស់​កម្ពុជា ដោយ​មិនបាន​ពិចារណា​ពី​តថភាព​នយោបាយ​ឲ្យ​បានច្បាស់លាស់​។​
 
​សេចក្តីថ្លែងការណ៍​ក្រសួង​ការបទេស​កម្ពុជា កាលពី​ថ្ងៃទី​២២ កុម្ភៈ បាន​សរសេរ​ដូច្នេះ​ថា​៖«​សកម្មភាព​(​ផ្អាក​ទិដ្ឋាការ​)​ឯកតោភាគី​នេះ មាន​មូលហេតុ​នយោបាយ និង​មាន​ភាពលំអៀង​មិន​ប្រកបដោយ​គតិ​ច្បាប់ ហើយ​ដែល​ផ្ទុយ​នឹង​ការខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​របស់​ប្រទេស​ទាំងពីរ​នៅក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនង​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​»​។​
 
​បន្ថែម​ពីនេះ​ក្រសួងការបរទេស ចាត់ទុក​ប្រតិកម្ម​របស់​អាល្លឺម៉ង់ ចំពោះ​ការវិវត្ត​ផ្នែក​នយោបាយ​ថ្មី​នៅ​កម្ពុជា ដោយ​គ្មាន​ភាពស្មោះត្រង់ និង​មាន​ស្តង់ដារ​ពីរ​ជាន់ ខណៈដែល​អាល្លឺម៉ង​អនុវត្ត​វិធានការ ចំពោះ​ប្រទេស​ផ្សេងៗ ពាក់ព័ន្ធ​នឹង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ខុសគ្នា​ពី​កម្ពុជា​នេះ​។​
 
«​ទោះបីជា​មានការ​សម្រេច​ចិត្ត​បែបនេះ​ក៏ដោយ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់​ជាថ្មី​ម្ដងទៀត ពី​ការតាំង​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ក្នុងការ​ពង្រឹង​នីតិរដ្ឋ និង​ការរៀបចំ​ការបោះឆ្នោត​សភា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដោយ​សេរី យុត្តិធម៌ និង​មាន​របៀបរៀបរយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស ដែល​ភ្ជាប់​ជាមួយនឹង​ការគោរព​ចំពោះ​សិទ្ធិ​អធិបតេយ្យ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង​។​
 
​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង​ប្រចាំ​កម្ពុជា បាន​ប្រាប់​ក្រសួងការបរទេស កាលពី​ថ្ងៃទី​២១ កុម្ភៈ​ឆ្នាំ​២០១៨ ថា អាល្លឺម៉ង​ផ្អាក​ផ្ដល់​ទិដ្ឋាការ​តាម​លក្ខខណ្ឌ​ពិសេស​ចំពោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​។ ស្ថានទូត​អាល្លឺម៉ង បាន​បញ្ជាក់ថា ការផ្អាក​បែបនេះ​មិនមាន​លក្ខណៈ ដូច​ការដាក់​កម្រិត​ទិដ្ឋាការ​ទូទៅ​នោះទេ​។​
 
​ទាក់ទង​នឹង​បញ្ហា​ផ្អាក​ទិដ្ឋាការ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃទី​២១ កុម្ភៈ​ថា សម្ដេច​មិន​ខ្វល់​ពី​បញ្ហា​រឿង​ផ្អាក​ទិដ្ឋាការ​នេះឡើយ​។ ប្រមុខ​រដ្ឋាភិបាល ចំអក​វិញ​ថា សម្ដេច​គ្មាន​បំណង និង​គ្មាន​ពេលវេលា​ទៅលេង​អាល្លឺម៉ង់ ទេ ខណៈ​កម្ពុជា​សម្បូរទីកន្លែង​កម្សាន្ត ដែល​សម្ដេច មិនទាន់​ដើរ​គ្រប់សព្វ​ផង​៕
 
 
 

Tag:
 អាល្លឺម៉ង់​
  ទិដ្ឋាការ​
© រក្សាសិទ្ធិដោយ thmeythmey.com