ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ព្រមាន​ចាត់វិធានការ​ជាក់លាក់ បើ​​នយោបាយ​កម្ពុជាបន្តគាំង
26, Feb 2018 , 11:09 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បានចេញ​សេចក្តីសម្រេច​របស់ខ្លួន​១១​ចំណុច​ស្តីពី​បញ្ហា​កម្ពុជា ក្រោយ​កិច្ចប្រជុំ​លើក​ទី​៣៥៩៨​របស់ខ្លួន​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​កនា​ថ្ងៃទី​២៦ ខែកុម្ភៈ នេះ​។​

 
​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​របស់​កម្ពុជា បាន​ក្លាយជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប (Council of the European Union) ដែលមាន​រដ្ឋ​២៨​ជា​សមាជិក​។ ក្រុមប្រឹក្សា​នេះ ត្រូវបាន​ចាត់ទុក​ដូចជា​គណៈរដ្ឋមន្ត្រី​អឺរ៉ុប ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង​ព្រុ​ច​សែ​ល ហើយ​អ្នកជំនាញ​ការទូត​ដា​ណឺ​ម៉ាក លោក Jeppe Tranholm-Mikkelsen បាន​កាន់តំណែង​ជា​អគ្គលេខាធិការ​ចាប់ពី​ឆ្នាំ​២០១៥​មក​។​
 
​ក្នុង​សេចក្តីសម្រេច​ក្រោយ​កិច្ចប្រជុំ​លើក​ទី​៣៥៩៨​របស់ខ្លួន ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​រំលឹកជាចម្បង​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ ហើយ​ក្រុមប្រឹក្សា​បានលើកឡើង​ពី​កាតា​ព្វ​កិច្ច​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ក៏ដូចជា​ការគោរព​សិទ្ធមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។ ក្រុមប្រឹក្សា​បាន​ក្រើនរំលឹក​ដល់​រដ្ឋ​ជា​សមាជិក​របស់ខ្លួន ជាពិសេស​បារាំង និង​ចក្រភព​អង់គ្លេស ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស កាលពី​ឆ្នាំ​១៩៩១ ។​
 
​ស្ថានភាព​នយោបាយ ដូចជា​ការចាប់ខ្លួន​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ការបិទ និង​ការព្យួរ​អង្គការក្រៅរដ្ឋាភិបាល និង​សារព័ត៌មាន​មួយចំនួន រួមទាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការដក​សិទ្ធិ​នយោបាយ​របស់​មន្ត្រី CNRP ១១៨​នាក់ គឺជា​កង្វល់​ដ៏​ធំ​មួយ របស់​ស្ថាប័ន​សហភាព​អឺរ៉ុប​មួយ​នេះ ហើយ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធយុត្តិធម៌ ជា​ឧបករណ៍​នយោបាយ​។​
 
​ជាមួយនឹង​ការស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​សហភាព​អឺរ៉ុប​ផងដែរ​លើ​ការផ្អាក​ជំ​នួ​យ​ហិរញ្ញវត្ថុ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
 
​ក្រុមប្រឹក្សា​អឺរ៉ុប បាន​អំពាវនាវ​ដល់​ស្ថាប័ន​កំពូល​របស់​អឺរ៉ុប តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ការវិវត្ត​នយោបាយ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​គោលការណ៍​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ព្រមទាំង​រំលឹក​ផងដែរ​ថា អឺរ៉ុប​គឺជា​ទីផ្សា​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។​
 
​ប្រសិនបើ​ស្ថានភាព​មិនមាន​លក្ខណៈ​ល្អប្រសើរ​ទេនោះ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប នឹង​ចាត់វិធានការ​ជាក់លាក់ មកលើ​កម្ពុជា​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​ចំណុច​ទី​៩ នៃ​សេចក្តី​សម្រេច​នា​ថ្ងៃទី​២៦ ខែកុម្ភៈ​។​
 
​ជាថ្មី​ម្តងទៀត ក្រុមប្រឹក្សា​អឺរ៉ុប​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការចរចា​ជាមួយ​គណបក្សប្រឆាំង​ដែល​បាន​ជាប់ឆ្នោត ហើយ​អះអាងថា សហភាព​អឺរ៉ុប​ត្រៀមខ្លួន​ជានិច្ច​ជួយ​កម្ពុជា​៕
 
 

Tag:
 ក្រុមប្រឹក្សាសហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com