ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ រឹបអូស​ទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ជា​ថ្នូរ​សង​ជំ​ងី​ចិត្ត​មេបក្ស​កាន់អំណាច
27, Feb 2018 , 12:45 pm        
រូបភាព
ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ កាលពីមិនទាន់ត្រូវបានរំលាយ
ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ កាលពីមិនទាន់ត្រូវបានរំលាយ
ភ្នំពេញ៖ លោក រស់ ពិសិដ្ឋ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា ដោយ​សម្រេច​រឹបអូស​ជា​បណ្តោះ​អាស​ន្ត​នូវ​ទ្រព្យសម្បត្តិ​របស់លោក សម រង្ស៊ី នៅ​ប្រទេស​កម្ពុជា ដូចជា ដី​និង​អគារ ជាដើម​។ បើតាម​សេចក្តីសម្រេច ដី​និង​អាគារ​នោះ គឺ​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដែល​ទំនងជា​ទីស្នាក់ការ​កណ្តា​ល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​




​ការសម្រេច​របស់​ចៅក្រម​បែបនេះ គឺ​ដោយសារតែ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស មិន​ព្រម​បង់ប្រាក់​សងជំងឺចិត្ត​ដល់ សម្តេច  ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ ចៅក្រម បាន​ប្រា​ប់លោក សម រង្ស៊ី ក្នុងសេចក្តីសម្រេច យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​មានការ​លុបចោល​នូវ​ការ​រឹបអូស​នេះ លោក សម រង្ស៊ី ត្រូវ​ផ្ញើ​ប្រាក់​តម្កល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន​៤២៥0 លាន​រៀល ជា​ប្រាក់​រំដោះ​»​។ 
 
​ទាក់ទង​បញ្ហា​នេះ​លោក ម៉ៅ មុន្នី​វណ្ណ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ដី​និង​អាគារ​ហ្នឹង​ជា​របស់គាត់ [​លោក សម រង្ស៊ី​]​។ គ្មាន​ទ្រព្យសម្បតិ្ត​អី​ផ្សេងទៀត​ទេ គឺ​គាត់​មានតែ​ដី​និង​អាគារ​ហ្នឹង​។ ប៉ុន្តែ​ទីស្នាក់ការ​គណបក្ស​មិនមែនជា​របស់គាត់​ទេ គឺជា​របស់​គណបក្ស​។ ផ្ទះ​នៅ​ខាងក្រោយ​ទីស្នាក់ការ ទើបបានជា​កម្មសិទ្ធិរ​បស់​គាត់​»​។ 
 
​បើតាម​សេចក្តីសម្រេច បំណុល​ដែល​លោក សម រង្ស៊ី ត្រូវ​បង់​ជូន​សម្តេច ហេង សំរិន មាន​ចំនួន​២៥0​លាន​រៀល​។ កន្លងមក សម្តេច ហេង សំរិន បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ «​បរិហារ​កេ​រិ៍្ត​ជា​សាធារណៈ​»​។ 
 
​ឯ​បំណុល ដែល​លោក សម រង្ស៊ី ត្រូវ​បង់​ជូន​សម្តេច  ហ៊ុន សែន មាន​ចំនួន​ដល់​ទៅ​៤​ពាន់​លាន​រៀល​ឯណោះ​។ នេះ​បើតាម​សេចក្តីសម្រេច​ដដែល​។ 
 
​លោក សម រង្ស៊ី បាន​ចាញ់ក្តី​សម្តេច  ហ៊ុន សែន ជាច្រើន​ករណី​។ បណ្តឹង​ខ្លះ ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​លោក សម រង្ស៊ី បង់ប្រាក់​ជូន​សម្តេច  ហ៊ុន សែន និង​បណ្តឹង​ខ្លះទៀត តម្រូវ​ឲ្យ​លោក សម រង្ស៊ី ជាប់ពន្ធនាគារ​ផងដែរ​៕

អត្ថបទទាក់ទង
 

Tag:
 ​តុលាការ​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com