ជាតិ
អាមេរិក ព្រមានកាត់ជំនួយកម្ពុជាបន្ថែមទៀត ដោយសារមិនពេញចិត្តនឹងការបោះឆ្នោតព្រឹទ្ធសភា សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
× ភ្នំពេញ៖ សហរដ្ឋអាមេរិក បង្ហាញការមិនពេញចិត្តចំពោះការបោះឆ្នោតព្រឹទ្ធសភា ហើយបានប្រកាសថា នឹងផ្អាកជំនួយលើវិស័យមួយចំនួនបន្ថែមទៀតមកលើរដ្ឋាភិបាលកម្ពុជា។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានឆ្លើយតបថា ការបោះឆ្នោតថ្មីៗនេះ គឺតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា ហើយការផ្អាកជំនួយ នឹងមិនប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាឡើយ។
ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ បានចប់សព្វគ្រប់ ដោយគណបក្សប្រឆាំងមិនបានចូលរួម សេចក្តីថ្លែងការណ៍មួយ ក៏បានចេញមកពីសេតវិមានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នោះ បានហៅការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅកម្ពុជា ថាមិនបានបង្ហាញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋកម្ពុជា។
សហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ យ៉ាងដូច្នេះថា៖«ប្រជាធិបតេយ្យនៅកម្ពុជា កាន់តែដើរថយក្រោយ ហើយកាន់តែធ្វើឲ្យយើងព្រួយបារម្ភ។ ជាក់ស្តែង ការបោះឆ្នោតព្រឹទ្ធសភាថ្មីៗនេះ គឺបរាជ័យក្នុងការតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា»។
បន្ទាប់ពីរិះគន់រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ និងរៀបចំការបោះឆ្នោត មិនសមស្របរួចហើយ សហរដ្ឋអាមេរិក ក៏ព្រមានថា នឹងបន្តផ្អាកជំនួយ។ សហរដ្ឋអាមេរិក លើកឡើងថា កន្លងមកខ្លួនបានផ្តល់ជំនួយឲ្យកម្ពុជា លើសពី១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលើវិស័យនានា ដូចជា សេដ្ឋកិច្ច សង្គម និងប្រជាធិបតេយ្យ ជាដើម។ ប៉ុន្តែក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រជាធិបតេយ្យ ដើរថយក្រោយនោះ សហរដ្ឋអាមេរិក នឹងពិចារណាឡើងវិញចំពោះការផ្តល់ជំនួយទាំងនោះ។
តាមរយៈសេចក្តីថ្លែងការណ៍ដដែល សហរដ្ឋអាមេរិក សង្កត់ធ្ងន់បែបនេះថា៖«ជំនួយទាំងនោះ មិនអាចត្រូវបានយកទៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រជាធិបតេយ្យឡើយ។ ដោយផ្អែកលើការពិចារណានេះ សហរដ្ឋអាមេរិក នឹងផ្អាកកម្មវិធីជំនួយពីរតនាគារអាមេរិក កម្មវិធីជំនួយពីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ រួមទាំងកម្មវិធីជំនួយពីយោធាអាមេរិកផងដែរ»។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានអះអាងថា នឹងបន្តគាំទ្រគម្រោងមួយចំនួននៅកម្ពុជាដដែល ដូចជា សុខាភិបាល កសិកម្ម ការបោសសំអាតមីន ការលើកកម្ពស់សង្គមស៊ីវិល និងវិស័យសំខាន់ៗដទៃទៀត។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការវាយតម្លៃរបស់សហរដ្ឋអាមេរិក ចំពោះការបោះឆ្នោតនេះ គឺមិនសមស្រប និងមិនត្រឹមត្រូវតាមច្បាប់របស់ប្រទេសកម្ពុជាឡើយ។ លោក បកស្រាយយ៉ាងដូច្នេះថា៖«អ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាតំណារាស្ត្រ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ហើយពួកគេ កើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទោះជាប្រជាពលរដ្ឋ មិនបានបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដោយផ្ទាល់ក្តី តែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតែជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋដដែល»។
ចំណែកការផ្អាកជំនួយនេះ លោក សុខ ឥសាន ចាត់ទុកថាជាសិទ្ធិរបស់សហរដ្ឋអាមេរិក ដោយមិនអាចហាមឃាត់បាន។ លោក អះអាងថា រដ្ឋាភិបាលកម្ពុជា មិនបារម្ភអ្វីឡើយ ចំពោះការផ្អាកជំនួយទាំងនោះ។ ផ្ទុយទៅវិញ លោក យល់ថា ការផ្អាកជំនួយ នឹងប៉ះពាល់ដល់អង្គការរបស់សហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិនៅកម្ពុជាទៅវិញទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ជំនួយរបស់អាមេរិកភាគច្រើន មិនមែនផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជាឯណា គឺផ្តល់ឲ្យអង្គការអាមេរិកនៅកម្ពុជា។ អ៊ីចឹង បើផ្តាច់ជំនួយ គឺប៉ះពាល់ដល់អង្គការរបស់ខ្លួន មិនមែនប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាទេ»។
គួររម្លឹកថា សហរដ្ឋអាមេរិក បានផ្តាច់ជំនួយផ្នែកការបោះឆ្នោតមកកម្ពុជារួចហើយ ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល និងក្រោយពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន។ រីឯ សហភាពអឺរ៉ុប ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិកដែរ ក្នុងការដាក់សម្ពាបបែបនេះ មកលើរដ្ឋាភិបាលកម្ពុជា៕
Tag:
អាមេរិក
បោះឆ្នោត
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com