ជាតិ
សង្គមជាតិ
ខែមករា សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ទទួលបាន​ភ្ញៀវ​ជាង ៣០០​នាក់​
03, Mar 2018 , 8:59 am        
រូបភាព
 ​សៀមរាប​៖ ក្នុង​ខែមករា ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​ជាង ២០០​នាក់ ដែល​បាន​ចូល​ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយិកា​សារមន្ទីរ​។​

 
​កញ្ញា ឆោម គ​ន្ធា លើកឡើងថា ក្នុងចំណោម​ជាង​២០០​នាក់​នោះ មាន​បរទេស​ប្រមាណ ១៣០​នាក់ និង​ភ្ញៀវ​ខ្មែរ ជិត​១០០​នាក់​។ កញ្ញា​បន្ថែមថា សម្រាប់​សំបុត្រ​ចូល​ទស្សនា​សារមន្ទីរ ភ្ញៀវ​បរទេស​តម្លៃ ៣​ដុល្លារ និង​ខ្មែរ មួយ​ពាន់​រៀល​។​
 
 
​តាម​កញ្ញា​នាយិកា​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ចន្លោះ​ពី​៣​ទៅ​៤​នាក់ ដែល​ចូលមក​សារមន្ទីរ ប៉ុន្តែ​ក្នុង​ខែ​សម្បូរ ចំនួន​នេះ​អាច​កើន​ក្នុង​មួយថ្ងៃ ១០​នាក់​។ បន្ថែម​ពីលើ​នេះ កញ្ញា​បានកត់សម្គាល់​ឃើញថា ចំនួន​ភ្ញៀវ​ខ្មែរ​មានការ​កើនឡើង​ខ្លាំង​ក្រោយ​សារមន្ទីរ​បាន​ជួសជុល​រួច​កាលពី​ខែកក្កដា ឆ្នាំ​២០១៧ និង​ក្រោយពេល​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ពី​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន​។ 
 
​កញ្ញា​នាយិកា​លើកឡើង​ទៀតថា ក្នុង​ឆ្នាំ​២០១៨​នេះ សារមន្ទីរ​មាន​ផែនការ​ដើម្បី​ផ្សព្វផ្សាយ​អោយ​ប្រជាជន​នៅក្នុង​ខេត្ត ពិសេស​អ្នកបម្រើ​ការ​លើ​វិស័យ​ទេសចរណ៍ ដូចជា​រ៉ឺម៉ក​កង់​បី ជាដើម ឱ្យ​ពួកគាត់​ស្គាល់​ពី​សារមន្ទីរ ងាយស្រួល​ដល់​ពួកគេ​នាំ​ភ្ញៀវ​មកដល់​សារមន្ទីរ ព្រោះ​កន្លងមក អ្នក​ខេត្ត​ខ្លះ​មិនទាន់​ធ្លាប់​ស្គាល់​ពីសារ​មន្ទីរ​នេះ​ទេ​៕
 
 

Tag:
 សារមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com