ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បន្ទោ​សលោក William Heidt ថា ពូកែ​ភូតកុហក និង​បង្ខូចឈ្មោះ​កម្ពុជា​
03, Mar 2018 , 11:04 am        
រូបភាព
 ​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្តីបន្ទោស​ឲ្យ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ប្រចាំ​កម្ពុជា​លោក William Heidt ថា ជា​មនុស្ស​ភូតកុហក និង​ពូកែ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​។ ការស្តីបន្ទោស​របស់​ស​ម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក William Heidt ព្រមាន​ផ្ដាច់ជំនួយ​លើ​វិស័យ​ពន្ធដារ​កម្ពុជា​។​


​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​២​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​៧៧ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ សម្ដេច ហ៊ុន សែន បាន​និយាយថា ជំនួយ​​អាមេរិក​លើ​វិស័យ​ពន្ធដា​នេះ បានបញ្ចប់​កាលពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដូច្នេះ​វា​គ្មាន​អ្វីដែល​អាមេរិក​ត្រូវ​ព្រមាន​ផ្ដាច់ជំនួយ​នេះ មកលើ​កម្ពុជា​ទៀត​ទេ​។ ក្នុងន័យនេះ​ប្រមុខរដ្ឋ​ភិ​បាល ចាត់ទុក​ការប្រកាស​របស់​ទូត​អាមេរិក​បែបនេះ ជា​គោលបំណង​បំផ្លាញ​កិត្តិយស​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។​
 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖ «យើង​មិន​បានទទួល​ជំនួយ​អាមេរិក​លើ​វិស័យ​ពន្ធដារ​ទេ​។ ពី​មុនគេ​ធ្លាប់​ផ្ដល់​អ្នកជំនាញការ​ទៅលើ​បញ្ហា​រតនាគារ និង​ពន្ធដារ​។ ប៉ុន្តែ​ជំនួយ​នេះ​ត្រូវ​បានបញ្ចប់​តាំងពី​ឆ្នាំ​២០១៦ ឯណោះ​។ ហេតុអ្វី​បានជា​គេ​សរសេរថា ផ្ដាច់ជំនួយ​យើង​នៅ​ឆ្នាំ​២០១៨​។ តើ​គោលបំណង​ជា​ក់លាក់​លើ​បញ្ហា​នេះ​ជា​អ្វី​? ប្រហែលជា (​អាមេរិក​)​ពិបាក​ឆ្លើយ​នឹង​សំនួរ​នេះ ។​ខ្ញុំ​មិន​យល់​! តើ​អ្នក​មានបំណង​បង្ខូចកេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​? ហើយ​ថា​អ្នកផ្ដល់ជំនួយ ហើយ​អ្នក​ផ្ដាច់ជំនួយ​ដោយសារ​មិន​ពេញចិត្ត​?»​។​
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​លោក William Heidt ចេញមុខ​បកស្រាយ​លើ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់ច្រឡំ​។ «​ប្រធានាធិបតី ត្រាំ​ទើប​បង្កើត​ពានរង្វាន់​សារព័ត៌មាន​ភូតកុហក ឥឡូវនេះ​មាន​អគ្គរដ្ឋទូត​ភូតកុហក ជិះឡាន​ដាក់​ទង់ជាតិ​សរសេរ​កំណត់​ទូត​ភូតកុហក​…​។ ខ្ញុំ​ចង់​ប្រាប់​ប្រជាពលរដ្ឋ​របស់ខ្ញុំ​កុំ​ឲ្យ​ជឿ​អ្នកឯង អ្នកឯង​ភូត​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​អ្វីដែល​នៅ​ក្រោយខ្នង​ពិតប្រាកដ គឺ​ការ​មួលបង្កាច់ ដើម្បី​បង្កើត​ចិត្តសាស្ត្រ ឲ្យ​ពួក​អា​ងាប់(CNRP)​ទៅហើយនោះ រស់​ឡើងវិញ​។ វា​មិនអាច​ទៅរួច​នោះទេ​…​។ ​គ្មាន​រឿង​កាត់​ជំនួយ​ទេ លិខិត​នោះ​គឺជា​ការសរសេរ​របស់​ទូត​អាមេរិក​ទេ គ្មាន​កាត់​ជំនួយ​ឡើយ​។ ទូត​អាមេរិក​ចេញមុខ​បកស្រាយ​មក​ បើ​ភាន់ច្រឡំ​ថា​ភាន់ច្រឡំ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ផ្ដាំ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Heidt កុំ​ធ្វើ​ចរិត​ដូច​ឯកអគ្គរដ្ឋទូត​អាមេរិក​អាណត្តិ​មុន វិល​លៀម ថូត ដែល​លើកដៃ​ច្រ​ង៉េ​ង​ច្រ​ង៉ាង ពេល​ព្រះមហាក្សត្រ​យាង​បើក​សម័យប្រជុំ​រដ្ឋសភា​កាលពី​ឆ្នាំ​២០១៣​។​
 
​ការស្តីបន្ទោស​របស់​ស​ម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក William Heidt ព្រមាន​កន្លងមក​ថា អាមេរិក​នឹង​ផ្ដាច់ជំនួយ​លើ​វិស័យ​ពន្ធដារ​កម្ពុជា ដោយ​ផ្សារភ្ជាប់​ករណី​បិទ​កាសែត The Cambodia Daily និង​វិទ្យុ​អាស៊ីសេរី ដែល​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ​ចូល​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​ករណីនេះ​ត្រូវ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បដិសេធថា ស្ថាប័ន​ព័ត៌មាន​ទាំងពីរ​នេះ បាន​បិទទ្វារ​ដោយ​ខ្លួនឯង ដោយសារ​គ្មាន​ប្រាក់​បង់ពន្ធ ។​«​យើង​មិនបាន​បិទ​អាស៊ីសេរី និង​ខេ​ម​បូ​ឌា​ដេលី​នោះទេ វា​បិទ​ដោយសារ​មិន​បង់ពន្ធ​ហើយ វារ​ត់ ចោល​ទៀត​»​។ នេះ​ជា​អះអាង​របស់​សម្ដេច ហ៊ុន សែន​៕
 
 

Tag:
 ហ៊ុន សែន​
  William Heidt
© រក្សាសិទ្ធិដោយ thmeythmey.com