អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ថា សង្គ្រាម​ពាណិជ្ជកម្ម​ជា​រឿង​ល្អ ហើយ​អាមេរិក​នឹង​ឈ្នះ​ដោយ​ស្រួល​
03, Mar 2018 , 12:57 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ (រូបភាព៖ AFP)
ប្រធានាធិបតី ដូណាល់ ត្រាំ (រូបភាព៖ AFP)
 ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហាក់​មិន​ខ្វល់់ខ្វាយ​អ្វី​ឡើយ​នឹង​ការផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម ក្រោយ​ការដំឡើង​នាំចូល​ពន្ធ​លើ​ដែក និង​អា​លុយ​មី​យ​ញ៉ូ​ម​។ លោក ត្រាំ គ្រោង​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​ផលិតផល​ទាំងពីរ​នៅ​សប្ដាហ៍​ក្រោយ ដែល​រឿងនេះ​ធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​អាមេរិក​មាន​អឺរ៉ុប ចិន ជប៉ុន តវ៉ា​យ៉ាងខ្លាំង​។ ប្រធានាធិបតី​អាមេរិក​ហាក់​ត្រៀម​រួចស្រេច​ដើម្បី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ដែល​បម្រុង​នឹង​ផ្ទុះ​នោះ​។

 
​ផែនការ​ដំឡើង​ពន្ធ​នាំចូល​២៥​ភាគរយ​លើ​ដែក និង​១០​ភាគរយ​លើ​ផលិតផល​អាលុយមីញ៉ូម​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​រង្គើ​យ​ខ្លាំង និង​ស្ថិតនៅលើ​ដំណើរ​ទៅកាន់​សង្គ្រាម​ពាណិជ្ជកម្ម​។ សហភាព​អឺរ៉ុប កាណាដា បារាំង ចិន និង​ជប៉ុន សុទ្ធតែ​បាន​ព្រមាន​ពី​គ្រោះថ្នាក់ បើ​លោក ត្រាំ ពិតជា​ប្រកាស​បង្កើន​ពន្ធ​នាំចូល​លើ​ផលិតផល​ឧស្សាហកម្ម​ដ៏​សំខាន់​ទាំងពីរ​។​
 
​សហភាព​អឺរ៉ុប​បានលើកឡើង​ពី​លទ្ធភាព​ក្នុងការ​ចាត់វិធានការ​តប​វិញ ខណៈ​បារាំង​ចាត់ទុក​ការដំឡើង​ពន្ធ​ខ្ពស់​បែបនេះ​ជា​រឿង​មិនអាច​ទ​ទទួលបាន​យក​ឡើយ​។ ចិន ដែល​នាំចូល​ដែក​ទៅ​ទីផ្សារ​អាមេរិក​ដែរនោះ បាន​ទទូច​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​រក្សា​ការអត់ធ្មត់​។ ចំណែកឯ​កាណាដា​វិញ ក៏បាន​ព្រមាន​ទុក​មុន​ដែរ​ថា បើ​ផលិតផល​ខ្លួន​រង​ផលប៉ះពាល់​ដោយសារ​ចំណាត់ការ​របស់លោក ត្រាំ កាណាដា​ក៏​មិន​នៅ​ស្ងៀម​ដែរ​។​
 
​ការ​គំរាម​ឆ្លើយតប​របស់​ប្រទេស​ផលិត​ដែក និង​អាលុយមីញ៉ូម​ធំៗ​នេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាច​ផ្ទុះឡើង​មិន​ខាន​។ យ៉ាងណាមិញ លោក​ប្រធានាធិបតី ត្រាំ ដូចជា​មិន​បារម្ភ​ឡើយ ហើយ​បាន​ផ្ញើ​សារ​ស្វាគមន៍​ជម្លោះ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នេះ​ទៅទៀត​។ នៅ​ថ្ងៃទី​២ ខែមីនា លោក ត្រាំ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter របស់ខ្លួន ដើម្បី​ការពារ​ការដំឡើង​ពន្ធ និង​ការពារ​ឧស្សាហកម្ម​ដែក​ក្នុងស្រុក​។​
 
«​នៅពេល​ប្រទេសមួយ (​អាមេរិក​) បាត់បង់​លុយរាប់​ពាន់​លាន​ដុល្លារ​លើ​វិស័យ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដែល​ខ្លួន​រកស៊ី​ជាមួយ សង្គ្រាម​ពាណិជ្ជកម្ម​ជា​រឿង​ល្អ និង​ងាយស្រួល​ឈ្នះ​»​។ នេះ​ជា​អត្ថន័យ​ក្នុង​សារ​មួយ​របស់លោក ត្រាំ ក្នុងចំណោម​សារ​ជាច្រើន​។ លោក ត្រាំ បន្តថា គោលដៅ​សំខាន់​របស់លោក គឺ​ការពារ​ការងារ​ប្រជាជន​អាមេរិក​ពី​ផលិតផល​ប្រទេស​ដែលមាន​តម្លៃថោក ដែល​នេះ​ជា​គោលនយោបាយ​គិត​ប្រយោជន៍​អាមេរិក​មុនគេ​។​
 
America First របស់លោក ត្រាំ ពិតជា​បង្កើន​ការងារ​ឲ្យ​ប្រជាជន​អាមេរិក​មែន តែ​ចំណាត់ការ​របៀប​គាំពារ​និយម​ធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក​មិន​សប្បាយចិត្ត​ឡើយ​។ នៅមុននេះ ក្រុង​វ៉ាស៊ីនតោន​ទើបបាន​ដំឡើង​ពន្ធ​ផលិតផល​ម៉ាស៊ីន​បោកគក់ និង​ផ្ទាំង​សូ​ឡា ដែល​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ចិន​តវ៉ា​ដាច់​ណាត់​។ សម្រាប់​លោក ត្រាំ គោលដៅ​ចម្បង​ពេលនេះ គឺ​លើកស្ទួយ​ផលិតផល​ក្នុងស្រុក​សិន ទោះជា​ត្រូវ​ដើរ​ផ្ទុយ​ចរន្ត​សេរីភាវូបនីយកម្ម​ពិភពលោក​ក្ដី​៕ 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ពន្ធ​
  ដែក​
  អាលុយមីញ៉ូម
© រក្សាសិទ្ធិដោយ thmeythmey.com