ជាតិ
ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំ​លោក កឹម សុខា ៦​ខែ​ទៀត
05, Mar 2018 , 6:00 pm        
រូបភាព
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
ដោយ: ថ្មីៗ
​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ពន្យារពេល​នៃ​ការឃុំខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​៦​ខែ​ទៅមុខទៀត មុននឹង​សម្រេចយក​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ ការសម្រេច​ពន្យារពេល​នៃ​ការឃុំខ្លួន​នេះ ដោយសារតែ​ការ​ស៊ើបសួរ​លើ​លោក កឹម សុខា ដែល​ត្រូវបាន​សង្ស័យថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ នៅ​មិនទាន់​ចប់សព្វគ្រប់​។



​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២0១៨​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយពី​បញ្ចប់​ការសាកសួរ និងការ​ពិភាក្សា​ដេញដោល​ចំពោះមុខ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ពន្យារ​ពេល​ឃុំខ្លួន​ជន​ត្រូវ​ចោទ [​លោក កឹម សុខា​] ដើម្បី​បន្ត​កិច្ច​ស៊ើបសួរ​។ ជន​ត្រូវ​ចោទ ត្រូវ​បានដាក់​ក្រោម​ការពិនិត្យ​ពីបទ​ល្មើស​ជា​បទឧក្រិដ្ឋ ដែល​ការពន្យារពេល​ឃុំខ្លួន​មាន​រយៈពេល​៦​ខែ​»​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ជួប​និង​សួរ​លោក កឹម សុខា បន្ថែម​។ ក្រុម​មេធាវី​របស់លោក កឹម សុខា ក៏បាន​ចូល​រួម​ស្តាប់​ការសាកសួរ​នេះដែរ​។ នេះ​ជា​លើក​ទី​៤​ហើយ ដែល​ចៅក្រម​ស៊ើបសួរ បាន​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ​។

​ក្រោយ​បញ្ចប់ការ​សាកសួរ​ខាងលើ សារព័ត៌មាន​ថ្មីៗ នៅ​មិនអាច​សុំ​ការបំភ្លឺ​ពី​ក្រុម​មេធាវី​របស់លោក កឹម សុខា នោះទេ ដោយសារតែ​មិន​លើក​ទូរ​សព្ទ​។ ប៉ុន្តែ កាលពី​ព្រឹក​មិញ លោក ជូ​ង ជូ​ងី មេធាវី​១​រូបរបស់លោក កឹម សុខា បាន​ប្រាប​សារព័ត៌មាន​ថ្មីៗ​ថា ចៅក្រម​ស៊ើបសួរ ទៅ​ជួប​លោក កឹម សុខា ដើម្បី​សួរ​យក​ចម្លើយ​ទាក់ទង​នឹង​បទល្មើស និង​ដើម្បី​សម្រេច​ថា ត្រូវ​ដោះលែង​ឬ​បន្ត​ឃុំខ្លួន​។

​តាម​នីតិវិធី ជន​ត្រូវ​ចោទ អាច​ត្រូវបាន​ឃុំខ្លួន​រយៈពេល​៦​ខែ​បណ្តោះ ហើយ​បន្ទាប់មក តុលាការ ត្រូវបញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ តុលាការ ក៏​អាច​ពន្យារពេល​នៃ​ការឃុំខ្លួន​ជន​ត្រូវ​ចោទ​នោះដែរ ប្រសិនបើ ការ​ស៊ើបសួរ​មិនទាន់​ចប់​ស្រួលបួល​។

​ចំពោះ​ករណី​លោក កឹម សុខា លោក បាន​ជាប់ឃុំ​លើសពី​៦​ខែ​ហើយ​។ ហើយ​ទីបំផុត  តុលាការ មិនទាន់​សម្រេច​ប​ញ្ចូ​ន​សំណុំរឿង​របស់​មេបក្ស​ប្រឆាំង​រូបនេះ ទៅ​ជំនុំជម្រះ​នៅឡើយ​ទេ ពោលគឺ​ត្រូវ​ឲ្យ​ជាប់ឃុំ​ដដែល ដើម្បី​បន្ត​ការ​ស៊ើបសួរ​។ ក្នុងអំឡុង​រយៈពេល​៦​ខែ​នេះ ចៅក្រម​ស៊ើបសួរ អាច​សម្រេច​នៅពេល​ណាមួយ ថា​ត្រូវបញ្ជូន​សំណុំរឿង​របស់លោក កឹម សុខា ទៅកាន់​ក្តី​។ បើ​ការ​ស៊ើបសួរ​លើ​ករណី​របស់លោក កឹម សុខា មិនទាន់​ចប់សព្វគ្រប់ ចៅក្រម​ស៊ើបសួរ អាច​ពន្យារ​៦​ខែ​ទៀត ជា​លើក​ទី​២៕


Tag:
 កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com