អន្តរជាតិ
ឌូ​ទើ​តេ ផ្តាំ​ប៉ូលិស​ទាហាន មិន​ឲ្យ​សហការ​ជាមួយ​មន្ត្រី UN ដែល​ស៊ើបអង្កេត រឿង​សង្គ្រាម​គ្រឿងញៀន​
06, Mar 2018 , 9:59 pm        
រូបភាព
រូបភាព Inquirer
រូបភាព Inquirer
ដោយ:
​ប្រមុខ​កំពូល​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ដល់​កងកម្លាំងប្រដាប់អាវុធ​កុំ​ឲ្យ​សហកា​ជាមួយ​មន្ត្រី​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ដែល​ចុះ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ស​ង្ក្រា​ម​គ្រឿងញៀន​របស់​រដ្ឋាភិបាល​របស់លោក ។ លោក​ដាក់​បញ្ជា​បែបនេះ ដ្បិត​មិន​ចង់​ឲ្យ​មន្ត្រី​របស់ខ្លួន ធ្វើការ​ជាមួយនឹង មន្ត្រី​អន្តរជាតិ ដែល​លោក យល់ឃើញថា​គ្មាន​វិជ្ជាជីវៈ​ឡើយ ។



«​សូម​ចងចាំ​បទបញ្ជា​របស់ខ្ញុំ រាល់​បញ្ហា​សិទ្ធិមនុស្ស ឬអ្វី​ក៏ដោយ​ដែល​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​សួរ សូមកុំ​ឆ្លើយ ហើយ​កុំ​ចេះដឹង​ឲ្យ​សោះ » ។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ទៅកាន់​អង្គភាព​ប៉ូលិស កាលពី​ចុង​សប្តាហ៍​មុន ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​លោក​ប្រធានាធិបតី ក៏បាន​ចោល​ជា​សំណួរ​នៅ​ចំពោះមុខ​កងកម្លាំង​ទៀតថា ៖« តើ​អ្នកឯង​ជា​នរណា ដែល​ហ៊ាន​ជ្រៀតជ្រែក​របៀបរបប​នៃ​ការដឹកនាំ​ប្រទេស​របស់ខ្ញុំ​? ក្រែង​អ្នក​បានដឹង​ច្បាស់​ហើយ​ថា យើង កំពុងតែ​ត្រូវបាន លេប​ត្របាក់​ដោយសារ​គ្រឿងញៀន​ហើយ​តើ​?»

​គួរ​ជម្រាប​ផងដែរ លោក ឌូ​ទើ​តេ បាន​ថ្លែង​សា្វគ​មន៍ ចំពោះ​ចេតនា​របស់​អង្គការសហប្រជាជាតិ​ដែល​ចង់​ស៊ើបអង្កេត​លើ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន​នា​ដើម​សប្តាហ៍​មុន ក៏ប៉ុន្តែ​លោក​បានប្រកាស​មុន​ដាច់ខាត​ហើយ​ថា លោក​មិន​សហការ​ជាមួយនឹង​អ្នករាយការណ៍​ពិសេស​អង្គការ​ប្រជាជាតិ​លោកស្រី Agnes Callamard ឡើយ​។​

​សូម​រម្លឹក​ជាថ្មី​ថា ក្រោយ​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​តាំងពី​ឆ្នាំ ២០១៦​មក លោក ឌូ​ទើ​តេ បាន​អនុវត្ត​គោលនយោបាយ​កណ្តាប់ដៃ​ដែក​បោសសម្អាត​គ្រឿងញៀន​ឲ្យ​អស់​ចេញពី​សង្គម​ហ្វីលីពីន ។ លោក បាន​បើកដៃ​ឲ្យ​ប៉ូលិស អាច​បាញ់សម្លាប់​ជនសង្ស័យ ឬ​ឈ្មួញ​គ្រឿងញៀន​នៅនឹងកន្លែង​បាន ប្រសិនបើ​ពួកគេ មិន​ចុះចូល​តាម​សម្រួល ។ តាម​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស​មាន​មនុស្ស​មិនតិចជាង​បី​ពាន់​នាក់​ឡើយ បាន​ស្លាប់​ក្រោម​ប្រតិបត្តិការ​របស់លោក​ឌូ​ទើ​តេ​នោះ ។​

​ជុំវិញ​យុទ្ធនាការ ដែល​គេ​ស្គាល់​ថា ជា​សង្គ្រាម​គ្រឿងញៀន​នេះដែរ ក៏​ទើបតែ​ត្រូវបាន​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រកាស​បើក​ការពិនិត្យ​វិនិច្ឆ័យ​បឋម​ដើម្បី​ឈានទៅដល់​ការបើក​ស៊ើបអង្កេត​តាម​យុត្តាធិការ​របស់​តុលាការ​ផងដែរ ៕

Tag:
 ហ្វីលីពីន​
  គ្រឿងញៀន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com