ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក កឹម សុខា បរាជ័យជាលើកទី៣ ក្នុងការសុំនៅក្រៅឃុំ
09, Mar 2018 , 1:57 pm        
រូបភាព
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
​តុលាការ​កំពូល សម្រេច​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដដែល​។ ការសម្រេច​របស់​តុលាការ​កំពូល ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​សវនាការ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២0១៨​នេះ​។


 
​លោក កឹម សុខា មិនត្រូវ​បាន​ដឹក​ពី​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ឲ្យ​មក​ចូលរួម​ក្នុង​សវនាការ​នៃ​តុលាការ​កំ​ពូល​ក្នុង​រាជធានី​ភ្នំពេញ នោះទេ​។ ប៉ុន្តែ​ក្រុម​មេធាវី​របស់លោក បាន​ចូលរួម​ក្នុង​សវនាការ​នេះ​។ 
 
សំណើសុំឲ្យលោក កឹម សុខា នៅក្រៅឃុំ បានដាក់ទៅកាន់តុលាការគ្រប់ជាន់ថ្នាក់អស់ហើយ ដែលរួមមាន សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូល។ ​ប៉ុន្តែ ចាប់​តាំងពី​តុលាការ​ជាន់​ទាប់ រហូតដល់​តុលាការ​កំពូល សុទ្ធតែ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា​។ 
 
​ក្រុម​មេធាវី លើកឡើងថា ការស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា ពី​ពន្ធនាគារ​ជា​បណ្តោះអាសន្ន គឺ​ដើម្បី​បាន​ទៅ​ព្យាបាល​ជំងឺ​នៅឯ​បរទេស​។ បើតាម​ក្រុម​មេធាវី លោក កឹម សុខា មាន​ជំងឺ​ដល់​បី​ប្រភេទ​ឯណោះ គឺ​លើសឈាម ទឹកនោមផ្អែម និង​កៀប​សរសៃ​ដៃ​ខាងឆ្វេង​។​
 
មកដល់ពេលនេះ លោក បានរស់នៅ​ក្នុង​ពន្ធនាគារ​ជាង​៦​ខែ​ហើយ ក្រោម​ការសង្ស័យ​របស់​តុលាការ ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​៕
 

Tag:
 ​កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com