អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បង់​ក្លា​ដែ​ស មិនសូវ​មានជំនឿថា ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នឹង​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ
10, Mar 2018 , 9:22 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ដា​កា បានបង្ហាញ​ពី​ទុទ្ទិដ្ឋិនិយម​លើ​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​បានធ្វើ​ឡើងជា​មួយ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​កាលពី​ចុង​ឆ្នាំមុន ។ ក្រុង​ដា​កា បាន​អះអាងថា ជនភៀសខ្លួន​របស់​មី​យ៉ាន់​ម៉ា ហាក់​មិន​ចង់​ត្រលប់​ទៅកាន់​ប្រភពដើម​របស់​ពួកគេ​វិញ​ឡើយ ដ្បិត​ពួកគេ​នៅតែ ភ័យខ្លាច​ថា ពួកគេ​អាច​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​នៅ​ទីនោះ ។


​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បង់​ក្លា​ដែ​សលោក Muhith នៅ​ថ្ងៃ​៦ មីនា បាន​អះអាងថា លោក មិន​មានការ​ជឿជាក់ថា ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​របស់​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​ស្នាក់នៅ​ជំរំ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស បណ្តោះអាសន្ន នឹង​វិល​ត្រលប់​ទៅកាន់​ទីកន្លែង​ដើម​របស់​ពួកគេ​វិញ តាមរយៈ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ​ឡើយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ AFP ។  
 
​លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា មានតែ​ជនភៀសខ្លួន​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​នឹង​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ ដោយ​លោក លើក​ហេតុផល​ចំនួន​ពីរ​។ ទីមួយ ដោយសារតែ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មាន​ឆន្ទៈ​ទទួល​ជនភៀសខ្លួន​តិចតួច និង​ទី​ពីរ ជនភៀសខ្លួន មិន​ហ៊ាន​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ឡើយ បើ​ពួកគេ​នៅតែ​មិនមាន​ទំនុកចិត្ត និង​មានការ​ភ័យខ្លាច​ចំពោះ​ស្ថានភាព​នៅ​ទីនោះ ។ 
 
​គួរ​ជម្រាប​ជាថ្មី​ផងដែរ​ថា តាម​របាយការណ៍​រប​ស់​ភ្នាក់ងារ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា មិនតិចជាង​កន្លះ​លាន​នាក់​ឡើយ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ក្រោយពី​មាន​ប្រតិបត្តិការ​វាយប្រហារ​រ​បស់​កងកម្លាំង​រដ្ឋាភិបាល​ទៅលើ​ក្រុម​ឧទ្ទាម​នៅ​ទីនោះ​កាលពី​ចុងឆ្នាំ​មុន ។ 
 
​បើតាម​បទសម្ភាសន៍​របស់​អង្គការសិទ្ធិមនុស្ស ជាមួយ​ជនភៀសខ្លួន ពួកគេ​ភាគច្រើន​បាន​ចោទប្រកាន់ថា កងកម្លាំង​មី​យ៉ាន់​ម៉ា​បានកំណត់​ពួកគេ​ជា​គោលដៅ ដោយ​ថែមទាំង​បាន​គំរាម​ឲ្យ​ពួកគេ​ចាក​ចេញពី​ទីនោះ ប្រសិនបើ​ចង់​មានជីវិត​បន្តទៀត ។ ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​រួមមាន​ទាំង​ការរំលោភ​, ការបាត់​ខ្លួន និង​ការបំផ្លាញ​ផ្ទះសម្បែង​របស់​ជនភៀសខ្លួន សុទ្ធសឹងតែ​ត្រូវបាន​បញ្ជាក់​នៅក្នុង​របា​យ​ការណ៍ នៅក្នុង​សំណុំ​រឿងនេះ ។ 
 
​អ្វីដែល​គួរកត់សម្គាល់​នោះ ក្រោម​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ មី​យ៉ាន់​ម៉ា​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​បង់​ក្លា​ដែ​ស នៅ​ខែវិច្ឆិកា ឆ្នាំមុន ដើម្បី​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​ទៅកាន់​ទីកន្លែង​ដើម​វិញ ។ តែ​យ៉ាងណា ភាគី​មី​យ៉ាន់​ម៉ា ហាក់​នៅ​មិនទាន់មាន​ការរៀបចំ​ខ្លួន​រួចរាល់​ដើម្បី​ទទួល​ជនភៀសខ្លួន​វិញ​នោះទេ​។ ជាក់ស្តែង​នោះ តាម​របាយការណ៍​សិទ្ធិមនុស្ស មកទល់ពេលនេះ នៅតែមាន​ជនភៀសខ្លួន​បន្ត​ចាកចេញ​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស​ដដែល ៕ 
 

Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com