អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តើ​ជំនួប​ត្រាំ​-​គីម អាចធ្វើ​នៅឯណា​?
10, Mar 2018 , 10:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ជួបគ្នា​នៅ​ខែឧសភា​ខាងមុខ​។ ប៉ុន្តែ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​នៅ​មិនទាន់​កំណត់​ពេលវេលា និង​ទីកន្លែង​នៅឡើយ​ទេ ខណៈ​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​បង្ហាញ​សកម្មភាព​ជាក់លាក់​សិន​។ មិន​ថា​នៅទីណា ការកំណត់​កន្លែង​នៃ​ជំនួប​ពិតជា​សំខាន់​សម្រាប់​ការជជែក​រវាង​លោក ត្រាំ និង​លោក គីម ដើម្បី​ឈានដល់​ការលុបបំបាត់​នុយក្លេអ៊ែ​រ​ពី​ឧបទ្វីប​កូរ៉េ​។​

 
​ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នៅ​មិនទាន់​រក​កន្លែង​រៀបចំ​នៅឡើយ​។ លោក ដូ​ណា​ល់ ត្រាំ ហោះ​ទៅ​ជួប​លោក គីម ជុង​អ៊ុន ដល់​ព្យុងយ៉ាង ឬ​លោក គីម ធ្វើដំណើរ​ទៅ​ជួប​លោក ត្រាំ ដល់ផ្ទះ​តែម្ដង ឬ​ជំនួប​លើកដំបូង​នេះ​ធ្វើ​នៅ​ទឹកដី​កណ្ដាល​ណាមួយ​? រឿង​សំខាន់ គឺ​ទីតាំង​នៃ​ជំនួប​នេះ នឹង​ក្លាយជា​សារ​បើកផ្លូវ​ដល់​លទ្ធផល​នៃ​ជំនួប​នេះ​។ ខាងក្រោម​ជាទី​តាំង​មួយចំនួន​ដែល​អាចធ្វើ​ម្ចាស់ផ្ទះ​ជំនួប​ត្រាំ​-​គីម ។​
 
​តំបន់​គ្មាន​កងទ័ព (DMZ)៖ តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ គឺជា​ជម្រើស​ល្អប្រសើរ​សម្រាប់​ជំនួប​ដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ ហើយ​វា​កាន់តែ​ប្រសើរ​ទៅទៀត​សម្រាប់​លោក គីម ជុង​អ៊ុន ដែល​មិន​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ម្ដង​សោះ​នោះ​។ តំបន់​សន្តិសុខ​រួម​នៃ​ភូមិ​ប៉ាន់​មុន​ជុម មាន​សម្ភារ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​បាន​។​
 
​ទីក្រុង​ហ្សឺ​ណែវ​៖ និយាយ​ពី​អព្យាក្រឹត​នោះ ទំនងជា​គ្មាន​ទីក្រុង​ណា​សក្តិសម​ជាង​ទីក្រុង​ហ្សឺ​ណែវ​របស់​ស្វ៊ី​ស​ឡើយ​។ លោក ត្រាំ និង​លោក គីម អាច​ជួប​ជជែក​គ្នា​នៅ​ស្នាក់ការ​របស់​អង្គការសហប្រជាជាតិ​បាន​ដោយ​ស្រួល​។ លើសពីនេះ មេដឹកនាំ​កូរ៉េខាងជើង​ក៏​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ដែល​ខ្លួន​ធ្លាប់​រៀនសូត្រ​កាលពី​ក្មេង​ផងដែរ​។ 
 
​រដ្ឋធានី​ប៉េកាំង​៖ ប៉េកាំង​ធ្លាប់ធ្វើ​ម្ចាស់​កិច្ចប្រជុំ​៦​ភាគី​ស្ដីពី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ដូចនេះ​ទីក្រុង​នេះ​ក៏​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​ត្រាំ​-​គីម បានដែរ​។ បេក្ខភាព​ក្រុង​ប៉េកាំង ជម្រើស​ល្អ​សម្រាប់​លោក គីម ជុង​អ៊ុន ព្រោះ​ជិត​ផ្ទះ​ខ្លួនឯង​ផង មាន​សុវត្ថិភាព​ផង ហើយ​ចិន​ជា​មិត្ត​ល្អ​របស់​កូរ៉េខាងជើង​ស្រាប់​ផង​។ កន្លងមក ចិន​ក៏​ធ្លាប់​ទទូច​ឲ្យ​អាមេរិក​ជជែក​ផ្ទាល់​ជាមួយ​កូរ៉េខាងជើង​ដែរ​។​
 
​ទីក្រុង​ស្តុក​ខុល​៖ ទីក្រុង​ស្តុក​ខុល​របស់​ស៊ុយអែត ក៏​អាច​រៀបចំ​ការជួបគ្នារ​ប​ស់លោក ត្រាំ និង​លោក គីម ព្រោះ​ស៊ុយអែត​មានឈ្មោះ​ជា​ប្រទេស​កណ្ដាល​ដែរ​។ អ្វី​គួរ​ចាប់អារម្មណ៍​នោះ ស្ថានទូត​ស៊ុយអែត​នៅ​កូរ៉េខាងជើង បាន​ជួយ​អាមេរិក​ជាច្រើន ជាពិសេស​ក្នុង​ចរចា​ស្ដីពី​ជនជាតិ​អាមេរិក​ជាប់ឃុំ​ខ្លួន​នៅ​កូរ៉េខាងជើង​តែម្ដង​។ លោក ត្រាំ ក៏​ធ្លាប់​និយាយថា ស៊ុយអែត​ពិតជា​បាន​ជួយ​ច្រើនណាស់​។ 
 
​ទីក្រុង​សេ​អ៊ូ​ល​៖ ជំនួប​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ទំនងជា​មិនអាច​កើតមាន​ឡើយ បើ​គ្មាន​កូរ៉េខាងត្បូង​ជួយ ហើយ​មន្ត្រី​កូរ៉េខាងត្បូង​ជា​អ្នក​ប្រកាស​ជំនួប​នេះ​ទៅទៀត​។ នេះ​មានន័យថា រដ្ឋធានី​សេ​អ៊ូ​ល អាចជា​ម្ចាស់ផ្ទះ​ជំនួប​នេះដែរ​។ យ៉ាងណា ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ទំនងជា​ឧបសគ្គ​សម្រាប់​ក្រុង​សេ​អ៊ូ​ល​។​
 
​ទីក្រុង​ញូវយ៉ក​៖ ស្នាក់ការ​ធំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក អាច​ចាត់ទុក​កន្លែង​អា​ព្យា​ក្រឹ​ត​មួយ​ដែរ​។ ខណៈដែល​មេដឹកនាំ​កូរ៉េខាងជើង​ជាប់​ទណ្ឌកម្ម​មិនអាច​ជាន់​ទឹកដី​អាមេរិក ដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក​មិនមែនជា​រឿង​លំបាក​ឡើយ​។ ដំណើរ​ទៅ​អាមេរិក ក៏​ជា​រឿង​ល្អ​សម្រាប់​លោក គីម ជុង​អ៊ុន ព្រោះ​អាច​ជួប​តារា​បាល់បោះ Rodman ដែលជា​មិត្តភក្តិ​របស់ខ្លួន​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com