ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា រចនា ជម្នះរៀនផ្នែកព័ត៌មានវិទ្យា រហូតគ្រួសារដែលធ្លាប់ជំទាស់ ស្ងើចសរសើរ
× ភ្នំពេញ៖ កញ្ញា ញ៉ុក រចនា ជាកូនស្រីពៅក្នុងគ្រួសារដែលមានជីវភាពខ្សត់ខ្សោយមួយ នៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ រចនា ស្រឡាញ់ និងចង់រៀនផ្នែកព័ត៌មានវិទ្យា (IT) បន្ទាប់ពីចប់បាក់ឌុប ប៉ុន្តែពេលនោះ ក្រុមគ្រួសារនាងបានរារាំងយ៉ាងខ្លាំង។ បើតាម រចនា គ្រួសារនាង មិនចង់ឲ្យរូបគេរៀនជំនាញនេះ ព្រោះតែរូបនាងស្រី និងបារម្ភពីសុត្ថិភាពនៅពេលនាងទៅរៀនឆ្ងាយពីផ្ទះ។ ទោះជាមានការជំទាស់ពីក្រុមគ្រួសារយ៉ាងណាក្ដី កញ្ញា ញ៉ុក រចនា បានជម្នះការរារាំងនេះ និងបានតស៊ូរហូតបានសម្រេចបំណងរបស់ខ្លួន គឺរៀនចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យានៅឆ្នាំ២០១៧កន្លងទៅ។
ក្រោយនាងចប់បាក់ឌុប ក្នុងឆ្នាំ២០១២ កញ្ញា ញ៉ុក រចនា បានជាប់អាហារូបករណ៍រៀនឥតបង់ថ្លៃរយៈពេល២ឆ្នាំ ផ្នែកព័ត៌មានវិទ្យា នៅអង្គការ Passerelles Numareques Cambodia(PNC) នៅរាជធានីភ្នំពេញ ។ គ្រានោះ ទម្រាំបានមករៀននៅភ្នំពេញ នាងត្រូវជម្នះនឹងការជំទាស់ពីក្រុមគ្រួសារ ដែលមិនចង់ឲ្យកូនស្រី និងប្អូនរៀនឆ្ងាយពីផ្ទះ ហើយពេលនោះបងស្រីនាង បានគំរាមមិនទទួលស្គាល់នាងទៀតផង។ មានសម្បុរស មាឌតូចច្រឡឹង កញ្ញា ញ៉ុក រចនា បានរម្លឹកប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ពីព្រោះខ្ញុំជាស្រី ហើយគ្រួសារថា មិនគួរទៅរៀននៅភ្នំពេញឆ្ងាយផ្ទះ ហើយដែលមានម្ដាយចាស់ឡើយ។ ម្យ៉ាងទៀតការទៅរៀនឆ្ងាយនេះ ក៏មិនមានសុវត្ថិភាពផងដែរ»។
ទោះជាគ្រួសាររារាំងខ្លាំងយ៉ាងនេះក្ដី រចនា ដែលមានវ័យ២៥ឆ្នាំរូបនេះ មិនបោះបង់បំណងប្រាថ្នា ដែលចង់រៀនផ្នែកព័ត៌មានវិទ្យាឡើយ នាងអះអាងថា ខ្លួនមានទស្សនៈវែងឆ្ងាយ ជាងគ្រួសាររបស់នាង ហើយនាងបានប្តេជ្ញាមករៀននៅភ្នំពេញទាល់តែបាន។ ម្យ៉ាងទៀត ការរៀននេះ ក៏មានការជំរុញ និងលើកទឹកចិត្តពីនាយកសាលា លោកគ្រូ អ្នកគ្រូ គួបផ្សំនឹងទឹកចិត្តស្រឡាញ់របស់នាងផង។
កូនពៅ ក្នុងចំណោមបងប្អូន៧នាក់រូបនេះ អះអាងថា ពេលរៀននៅភ្នំពេញ នាងបានប្រឹងប្រែងរៀនពុំមានធ្វេសប្រហែស ឬខ្ជីខ្ជាឡើយ ពីព្រោះសាលាអង្គការ PNC មានវិន័យតឹងតែង ក្នុងការអប់រំសិស្សទាំងអស់។ បន្ទាប់ពីរៀនចប់ពីសាលាអង្គការ PNC កញ្ញា ញ៉ុក រចនា បានចំណាយពេលធ្វើការសន្សំប្រាក់១ឆ្នាំសិន ដើម្បីបង់ថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រថ្នាក់ព័ត៌មានវិទ្យា នៅសាកលវិទ្យាពុទ្ធិសាស្ត្រ។
បើតាមកញ្ញា ញ៉ុក រចនា នាងគ្មានប្រាក់គ្រប់បង់ថ្លៃសិក្សា នាងទទួលបានការអនុគ្រោះ ឲ្យបង់ថ្លៃ៤ដង ក្នុងមួយឆ្នាំ។ ដូច្នេះហើយនាងត្រូវធ្វើការបណ្តើរ រៀនបណ្តើរ ដើម្បីមានប្រាក់បង់សាលា ដែលការណ៍នេះ មិនមែនជាការងាយស្រួលឡើយ។ នាងត្រូវចាយវាយត្បិតត្បៀតណាស់ ដើម្បីសន្សំប្រាក់បង់ថ្លៃសិក្សា និងត្រូវផ្ញើទៅឲ្យអ្នកផ្ទះជាប្រចាំផង។ រចនាអះអាងថា នាងក៏មានបញ្ហាសុខភាពខ្លះដែរ ដោយសារការសន្សំសំចៃពេកនេះ។
រចនា បានបន្ថែមថា ការប្រឹងប្រែងតស៊ូរបស់នាង មិនឥតប្រយោជន៍នោះទេ។ មិនត្រឹមតែនាងខំរៀនរហូតចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងមានបទពិសោធន៍ផ្នែកនេះ៥ឆ្នាំទៅហើយនោះទេ គ្រួសារដែលធ្លាប់តែជំទាស់ការរៀនជំនាញមួយនេះ ក៏បានសាទរ និងទទួលស្គាល់ការខំប្រឹងប្រែងរបស់នាងដែរ។ បច្ចុប្បន្ន កញ្ញា ញ៉ុក រចនា កំពុងធ្វើការនៅក្នុងខេត្តកំណើត តាមការទទូចរបស់ម្តាយដែលចង់ឲ្យនាងទៅរស់នៅ និងធ្វើការក្បែរផ្ទះ ហើយរូបនាងក៏ចង់នៅមើលថែម្ដាយ ដែលមានវ័យចាស់ដែរ។ ម្យ៉ាងការងារនៅសៀមរាប ក៏ទទួលបានបៀវត្ស មិនចាញ់នៅភ្នំពេញប៉ុន្មានឡើយ។
កញ្ញា ញ៉ុក រចនា ក៏មានគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ ទៅថ្ងៃអនាគត។ ជាអាជីវកម្មដែល រចនា អះអាងថា ទាក់ទងនឹងជំនាញដែលខ្លួនរៀន។ ជាមួយគ្នានេះ រចនា ក៏មានបំណងបើកបណ្ណាគារ មានកន្លែងបោះពុម្ពសៀវភៅ និងបើកទីតាំងបង្រៀនកុំព្យូទ័រដល់សិស្សជាលក្ខណៈឯកជន មិនត្រឹមតែប៉ុណ្ណោះយកជំនាញរបស់ខ្លួនទៅអភិវឌ្ឍនៅក្នុងខេត្តរបស់នាងផងដែរ៕
Tag:
ញ៉ុក រចនា
ព័ត៌មានវិទ្យា
បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com