ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី UN ស្នើ​ឲ្យ​គិតគូរ​ឡើងវិញ លើ​ការហាម​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​នយោបាយ​
14, Mar 2018 , 6:54 pm        
រូបភាព
លោកស្រី រ៉ូណា ស្មីត ស្ថិតក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២0១៨។ រូបពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា
លោកស្រី រ៉ូណា ស្មីត ស្ថិតក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២0១៨។ រូបពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា
​ភ្នំពេញ​៖ អ្នករាយការណ៍​នៃ​អង្គការសហប្រជាជាតិ ចង់​ឲ្យ​ពិចារណា​ជាថ្មី ចំពោះ​ការដកហូត​សិទ្ធិ​នយោបាយ​ពី​ក្រុមប្រឆាំង​។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ឆ្លើយតប​ថា កម្ពុជា មិនអាច​ធ្វើតាម​ការចង់​បាន​បែប​នេះឡើយ​។


  
​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ (UN) ដែល​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឲ្យ​ពិចារណា​ជាបន្ទាន់ លើ​បម្រាម ដែល​ហាម​ថ្នាក់ដឹកនាំ​ទាំង​១១៨​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ លោកស្រី បាន​អំពាវនាវ​បែបនេះ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​។ 
 
​ក្រោយ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​១0​ថ្ងៃ លោកស្រី រ៉ូ​ណា ស្មី​ត បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​បង្ហាញ​ការមើលឃើញ​ជារួម​របស់​លោកស្រី មកលើ​ស្ថានភាព​នៅ​កម្ពុជា ដោយផ្តោតសំខាន់​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ប្រព័ន្ធយុត្តិធម៌ ផងដែរ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ចែក​ឲ្យ​អ្នកកាសែត ពេល​លោកស្រី ធ្វើ​សន្និសីទ​នៅ​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២0១៨ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី នៅ​កម្ពុជា​។ 
 
​លោកស្រី រ៉ូ​ណា ស្មី​ត បាន​អះអាងថា ក្រោយ​ការចាប់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រទេស​ជាច្រើន បានលើកឡើង​ពី​កង្វល់ ទាក់ទងនឹង​ការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ​។ លោកស្រី បន្តថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ការហាមឃាត់​សមាជិក​១១៨​នាក់ ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ និង​ការបែងចែក​អាសនៈ​ទាំងអស់​របស់​គណបក្ស​នេះ ទៅ​ឲ្យ​គណបក្ស​ដទៃ គឺ​មានន័យថា បាន​បដិសេធ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ជ្រើសរើស​អ្នកតំណាង​។​
 
​លោកស្រី បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​៖«​ការ​រឹតត្បិត​សេរីភាព​ក្នុងការ​ប្រមូលផ្តុំ សេរីភាព​ខាង​ការបញ្ចេញមតិ និង​សេរីភាព​ខាង​សមាគម រឹតតែ​កើនឡើង​យ៉ាងធ្ងន់ធ្ងរ​។ លើសពីនេះ ការ​​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​សិទ្ធិ​បោះឆ្នោត ក៏មាន​ការប្រែប្រួល​យ៉ាងគំហុក​ផងដែរ​។ ជា​លទ្ធផល តួអង្គ​នយោបាយ​១១៨​នាក់ ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវបាន​បិទ រួមទាំង​តួអង្គ​សង្គម​ស៊ីវិល​ជាច្រើន មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​និយាយស្តី​ជា​ចំហ ឬ​ក្នុង​ការធ្វើសកម្មភាព​ការពារ​សិទ្ធិមនុស្ស​។ ខ្ញុំ បាន​សម្តែង​កង្វល់​ដល់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការបន្ត​បិទ​លំហ​សង្គម​ស៊ីវិល និង​ការ​រឹតត្បិត​ទៅលើ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​»​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​នឹង​លោកស្រី រ៉ូ​ណា ស្មី​ត ថា លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដទៃទៀត​ក្នុង​គណបក្ស​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង ទើប​រង​នូវ​ចំណាត់ការ​ពី​សមត្ថកិច្ច​និង​តុលាការ​យ៉ាង​ដូច្នេះ​។ លោក បន្ថែមថា ចំណាត់ការ​ទាំងនោះ គឺជា​ការពង្រឹង​នូវ​នីតិរដ្ឋ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ 
 
​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ ៖«​បើ​បក្សប្រឆាំង មិន​ធ្វើ​ខុស ក៏​គ្មាន​នរណា​ទៅ​រំលាយ​ដែរ​។ ហើយ​ខ្ញុំ យល់ថា អនុសាសន៍​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត អត់​មាន​ប្រសិទ្ធភាព​ទេ​។ យើង អត់​អាច​ធ្វើតាម​គាត់​កើត​ទេ​។ បើ​ធ្វើតាម​គាត់​មែន យើង​លែង​ឯករាជ្យ​ហើយ​»​។ 
 
​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​កម្ពុជា បាន​ប្រឈមមុខ​នឹង​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​នានា ក្រោយ​លោក កឹម សុខា ត្រូវ​ចាប់ខ្លួន និង​ក្រោយ​បក្សប្រឆាំង ត្រូវ​រំលាយចោល​។ យ៉ាងណាក៏ដោយ បក្ស​កាន់អំណាច និង​រដ្ឋាភិបាល ប្រកាស​ជំហរ​ជាដ​ដែលៗថា ចំណាត់ការ​លើ​ក្រុមប្រឆាំង គឺ​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដោយ​បរទេស​មិនអាច​លូកដៃ​ចូល​បានឡើយ​៕ 

Tag:
 រ៉ូណា ស្មីត
© រក្សាសិទ្ធិដោយ thmeythmey.com