អន្តរជាតិ
លោក ស៊ី ជិនភីង នឹងកាន់អំណាចយូរ ប៉ុន្តែមិនមែនមួយជីវិត រូបភាព AFP
× ការលុបចោលមាត្រាកំណត់អាណត្តិប្រធានាធិបតីចិនត្រឹមពីរអាណត្តិ បានបើកផ្លូវឲ្យលោក ស៊ី ជិនភីង កាន់តំណែងនេះអស់មួយជីវិត បើសិនជាលោកចង់ធ្វើបែបនោះមែន។ ការលុបចោលមាត្រានេះ ធ្វើឲ្យលោក ស៊ី ក្លាយជាមេដឹកនាំមានអំណាចបំផុតក្នុងសម័យកាលក្រោយមរណភាពរបស់បិតាស្ថាបនិករបស់សាធារណរដ្ឋប្រជាមានិតចិន គឺលោកប្រធាន ម៉ៅ សេទុង ។ យ៉ាងណាមិញ លោក ស៊ី ជិនភីង ទំនងជាអាចកាន់អំណាចយូរឆ្នាំ តែមិនដល់ថ្នាក់ក្ដាប់អំណាចមួយជីវិតឡើយ ដ្បិតមេរៀនប្រវត្តិសាស្ត្រក៏បង្ហាញរឿយៗដែរថា ការក្ដាប់អំណាចយូរ មិនមានលទ្ធផលល្អឡើយ។
កាលពីសប្ដាហ៍មុន សភាប្រជាជនចិនបានបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីលុបចោលការកំណត់អាណត្តិប្រធានាធិបតី។ ការណ៍នេះធ្វើឲ្យប្រធានាធិបតីបច្ចុប្បន្ន ស៊ី ជិនភីង ដែលអាណត្តិទីមួយមិនទាន់ចប់ ហើយអាណត្តិទីពីរមិនទាន់ចាប់ផ្ដើមផងនោះ អាចកាន់តំណែងនេះហួសពីឆ្នាំ២០២៣ ។ មតិក្នុងស្រុក និងក្រៅស្រុក បានប្រតិកម្មខ្លាំងរហូតមានការលើកឡើងថា លោក ស៊ី ជិនភីង ចង់កាន់អំណាចអស់មួយជីវិតតែម្ដង។
ក្រោយការលុបចោលការកំណត់បែបនេះ សំណួរសំខាន់មួយបានផុសឡើង គឺលោក ស៊ី ជិនភីង ពិតជាចង់ក្លាយជាប្រធានាធិបតីអស់មួយជីវិតមែនទេ? ឬសំណួរបែបផ្សេងថា តើបក្សកុម្មុយនីស្តចិនពិតជាចង់ឲ្យលោក ស៊ី ជិនភីង ក្ដាប់អំណាចមិនលែងរហូត ឬក៏គ្រាន់តែផ្ដល់ភ្លើងខៀវឲ្យកាន់អំណាចយូរប៉ុណ្ណោះ?
តាមពិតទៅ ការកំណត់អាណត្តិប្រធានាធិបតីឬអត់ មិនមែនជារឿងធំដុំឡើយសម្រាប់ចិន។ នៅក្នុងប្រព័ន្ធនយោបាយឯកបក្សរបស់ចិន តំណែងប្រធានាធិបតីនេះគ្មានឥទ្ធិពលឡើយ ខណៈអំណាចពិតប្រាកដ ស្ថិតក្នុងកណ្ដាប់ដៃអគ្គលេខាធិការបក្សកុម្មុយនីស្ត និងប្រធានគណៈកម្មការយោធាមជ្ឈិមទៅវិញទេ។ ក្រោយសម័យលោក តេង ស៊ាវភីង តំណែងទាំងបីនេះត្រូវបានកាន់កាប់ដោយមនុស្សតែម្នាក់ដើម្បីរក្សាស្ថិរភាពប្រទេស។
ឆ្លើយសំណួរខាងលើវិញ លោក ស៊ី នឹងកាន់តំណែងរយៈពេលយូរទៅមុខទៀត តែមិនប្រាកដថា កាន់អំណាចមួយជីវិតឡើយ។ មូលហេតុសំខាន់ជាងគេ ដែលអាចប្រើប្រាស់ដើម្បីពន្យល់ពីលោក ស៊ី ប្រឹងក្រសោបអំណាច គឺក្ដីសុបិនមិនទាន់សម្រេច មិនអាចដើរចេញបាន។ ជាមួយនឹងការលុបចោលអាណត្តិប្រធានាធិបតី លោក ស៊ី អាចមូលផ្ដុំអំណាចទាំងអស់ទាំងរដ្ឋាភិបាល ទាំងផ្ទៃក្នុង ទាំងប្រជាជន ដើម្បីសម្រេចបានក្ដីសុបិនរបស់ចិន។
ក្ដីសុបិនរបស់លោក ស៊ី ជិនភីង គឺការលើកមុខមាត់ជាតិឡើងវិញដើម្បីក្លាយជាមហាអំណាចពិភពលោកនៅឆ្នាំ ២០៥០ ដែលលោកបានដាក់ចេញក្នុងមហាសន្និបាតបក្សលើកទី១៩ កាលពីខែតុលា ឆ្នាំ២០១៧ ។ រយៈពេល ៥ឆ្នាំដំបូង លោក ស៊ី បានកែប្រែមុខមាត់ចិនយ៉ាងខ្លាំង។ នៅក្នុងស្រុក លោកបានដឹកនាំយុទ្ធនាការបោសសម្អាតមន្ត្រីពុករលួយ កាត់បន្ថយភាពក្រីក្រ កែទម្រង់រចនាសម្ព័ន្ធរដ្ឋ និងយោធា និងពង្រឹងសេដ្ឋកិច្ចជាដើម។
ទោះជាយ៉ាងណា អំពើពុករលួយនេះមិនបានជោគជ័យទាំងស្រុងនៅឡើយ។ ការបង្កើតគណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិនៅឆ្នាំ២០១៨ គឺជាសញ្ញាបង្ហាញថា យុទ្ធនាការបោសសម្អាតអំពើពុករលួយនឹងផ្ដោតលើគ្រប់មុខព្រួញទាំងអស់។ ងាកទៅសេដ្ឋកិច្ចវិញ ទោះជាកំណើនប្រចាំឆ្នាំជាង ៦ភាគរយក្ដី ស្ថានភាពសេដ្ឋកិច្ចចិននៅប្រឈមមុខហានិភ័យផ្នែកហិរញ្ញវត្ថុនៅឡើយ ហើយដំណើការកែទម្រង់ក៏មិនទាន់ស្មើភាពដែរ។
នៅខាងក្រៅស្រុក លោក ស៊ី ជិនភីង បានដាក់ចេញគំនិតផ្ដួចផ្ដួចខ្សែក្រវាត់ និងផ្លូវដើម្បីបង្កើតផ្លូវសូត្រសតវត្សរ៍ទី២១ ដែលភ្ជាប់អាស៊ី អាហ្វ្រិក អឺរ៉ុប និងតំបន់ផ្សេងទៀត។ គំនិតផ្ដួចផ្ដើមនេះមានអាយុកាលត្រឹម៥ឆ្នាំប៉ុណ្ណោះ ហើយគម្រោងអភិវឌ្ឍធំៗក្រោមក្របខណ្ឌគំនិតផ្ដួចផ្ដើមនេះ ស្ថិតក្នុងដំណាក់ដំបូងនៅឡើយ។ បានន័យថា គម្រោងផ្លូវសូត្រថ្មីនេះ មិនទាន់ផ្ដល់ផ្លែផ្កាដុំកំភួននៅឡើយ។ ដូច្នេះលោកមិនអាចចាកចេញទៅណាឡើយ។
គំនិតផ្ដួចផ្ដើមខាងលើពិតជាបានជួយលើកមុខមាត់ចិនមែន តែរឿងនេះក៏ធ្វើឲ្យមហាអំណាចផ្សេង មិន រីករាយដែរ។ ក្រុមលោកខាងលិចយល់ថា គម្រោងរបស់ចិនបានប៉ះពាល់ឥទ្ធិពលរបស់ពួកគេ ព្រោះចិនបានជ្រៀតចូលទឹកដី ឬតំបន់ដែលពួកគេចាត់ទុកជាតំបន់ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។ ពួកគេនឹងចាត់វិធានការតបវិញមិនខាន។
ខណៈដែលគោលនយោបាយក្នុងស្រុក និងក្រៅស្រុកសុទ្ធតែមិនទាន់សម្រេចបានការចង់បាន លោក ស៊ី ជិនភីង ច្បាស់ក្នុងចិត្តថា ការបន្តអំណាចគឺជារឿងសំខាន់ដើម្បីឲ្យក្ដីសុបិនរបស់ខ្លួនលេចជារូបរាងពិតប្រាកដ។ លោកផ្ទាល់ធ្លាប់និយាយថា ដំណើរទៅកាន់ក្ដីសុបិននេះ ត្រូវប្រើប្រាស់ពេលមិនក្រោមមួយទសវត្សរ៍ឡើយ។ បើគិតតាមនេះ លោក ស៊ី កាន់អំណាចបានត្រឹម៥ឆ្នាំប៉ុណ្ណោះ ដូចនេះពេលវេលានៅវែងឆ្ងាយទៀត។
ខាងលើជាមូលហេតុដែលលោក ស៊ី ជិនភីង ចង់កាន់តំណែងយូរ ខណៈក្ដីសុបិនទើបចាប់ផ្ដើម។ ជាការពិត ក្ដីសុបិនរបស់ចិនត្រូវចំណាយពេលច្រើនទៀត តែលោក ស៊ី ក៏ទំនងមិនអាចកាន់អំណាចមួយជីវិតបានដែរ ឬក៏មិនហ៊ានតែម្ដង។ កត្តាទីមួយ គឺលោកទំនងជាបានសន្យាក្នុងបក្សថា លោកមិនក្ដោបអំណាចតែម្នាក់ឯងមួយជីវិតឡើយ ជាថ្នូរនឹងការលុបចោលការកំណត់អាណត្តិប្រធានាធិបតីនោះ ព្រោះត្រូវប្រឈមមុខការរិះគន់ទាំងក្នុង និងក្រៅស្រុក។ បើគ្មានការបើកផ្លូវពីសំណាក់មន្ត្រីចាស់ៗមានឥទ្ធិពលក្នុងបក្សទេ ការកែរដ្ឋធម្មនុញ្ញទំនងជាមិនអាចកើតឡើងបានឡើយ។
កត្តាទីពីរ គឺការមិនពេញចិត្តរបស់ប្រជាជន។ ទោះជាគ្មានការបង្ហាញក្ដីមិនពេញចិត្តជាសាធារណៈក្ដី ប្រជាជនចិនជាច្រើន ជាពិសេសពួកវណ្ណៈកណ្ដាលបានប្រតិកម្មពេញប្រព័ន្ធអ៊ីនធឺណិតរហូតអាជ្ញាធរចិនហាមប្រាមការបង្ហោះសារពាក់ព័ន្ធការលុបចោលអាណត្តិប្រធានាធិបតីនេះទៅទៀត។ គេឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមនៅចិន បានបង្ហាញជំហរជំទាស់ការកែប្រែរដ្ឋធម្មនុញ្ញ ដែលនេះអាចបង្កបញ្ហាសម្រាប់លោក ស៊ី ដែលចង់បង្រួបបង្រួមប្រជាជនដើម្បីសម្រេចក្ដីបំណងរបស់លោក។
លើសពីនោះ នៅបស្ចិមលោកវិញ ពាក្យរិះគន់លោក ស៊ី ក៏កើនឡើងដែរដោយសាររឿងនេះ ហើយក៏នាំឲ្យមានការសង្ស័យថា លោកចង់កាន់អំណាចមួយជីវិតតែម្ដង។ ការណ៍នេះក៏អាចប៉ះពាល់ការសម្រេចគោលដៅនៃក្ដីសុបិនលើឆាកអន្តរជាតិដែរ ព្រោះវាបង្កើតជាគម្រូ ឬរូបភាពអាក្រក់របស់ចិនដែលមានមេដឹកនាំក្រាញអំណាច ខណៈខ្លួនចង់ក្លាយជាមហាអំណាចពិភពលោក។ ចង់ ឬមិនចង់ ឥទ្ធិពលក៏សាបរលាបតាមនោះដែរ។
កត្តាទីបីវិញ គឺបញ្ហាប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្របានប្រាប់ហើយថា មេដឹកនាំផ្ដាច់ការមិនសូវមានលទ្ធផលល្អឡើងនៅចុងក្រោយនោះ ហើយប្រវត្តិសាស្ត្រក៏បានប្រាប់ថា ការកំណត់រយៈពេលកាន់អំណាច គឺរឿងសមស្របបំផុតដែរ។ មេដឹកនាំផ្ដាច់ការច្រើនអស់តំណែងដោយសាររដ្ឋប្រហារយោធា រដ្ឋប្រហារផ្ទៃក្នុងបក្ស ឬក៏បដិវត្តន៍របស់ប្រជាជន។ នៅចិន ការកាន់អំណាចយូរហួសរបស់លោក ម៉ៅ បង្កជាវិបត្តិនយោបាយធ្ងន់ធ្ងររហូតមានការបោសសម្អាតសូម្បីតែសមាជិកបក្សកុម្មុយនីស្តផ្ទាល់។ នេះជាមេរៀនដែលោក ស៊ី ត្រូវចងចាំ។
ជារឿងមិនអាចប្រកែកបាន លោក ស៊ី ជិនភីង នឹងកាន់តំណែងប្រធានាធិបតីហួសពីឆ្នាំ២០២៣ ។ ឯសំណួរចុងក្រោយនោះ គឺតើលោកចង់កាន់ក្ដាប់តំណែងដល់ពេលណា? យើងសាកល្បងគិតពីរយៈពេលដែលមេដឹកនាំចិនមុនៗកាន់អំណាចសិន។ លោក ម៉ៅ សេទុង ក្ដាប់អំណាចពេញដៃចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៧៦ ឯលោក តេង ស៊ាវភីង វិញក្លាយជាមេដឹកនាំនៅឆ្នាំ១៩៧៩ និងបន្តនៅពីក្រោយឆាករហូតដល់ឆ្នាំ១៩៩៧ ។
លោក ចាង ហ្សេមីន ដែលស្នងតំណែងជាលេខាបក្សនៅឆ្នាំ១៩៨៩ នោះ ត្រូវរង់ចាំដល់លោក តេង ស្លាប់ក្នុងឆ្នាំ១៩៩៧ ទើបមានអំណាចពិតប្រាកដ។ ទោះបីជាចូលនិវត្តន៍ផ្លូវការនៅឆ្នាំ២០០៤ និងប្រគល់អំណាចឲ្យលោក ហ៊ូ ជីនតាវ ក្ដី លោក ចាង បានរក្សាឥទ្ធិពលរបស់លោកក្នុងរជ្ជកាលលោក ហ៊ូ ពេញ១០ឆ្នាំទៀត គឺរហូតដល់លោក ហ៊ូ ចូលនិវត្តន៍នៅឆ្នាំ២០១២ ។ មេដឹកនាំចិនទាំងនេះសុទ្ធតែកាន់អំណាចយូរៗទាំងអស់។
ងាកមកលោក ស៊ី ជិនភីង វិញ។ លោក ស៊ី ក្លាយជាលេខាបក្សនៅឆ្នាំ២០១២ និងក្លាយជាប្រធានាធិបតីនៅឆ្នាំ២០១៣ ។ អាណត្តិលេខាបក្សលើកទីពីរបានចាប់នៅឆ្នាំ២០១៧ ឯអាណត្តិប្រធានាធិបតីនឹងចាប់ផ្ដើមនៅឆ្នាំ២០១៨ នេះ ហើយសព្វថ្ងៃលោកមានអាយុ៦៤ឆ្នាំ។ ដូចនេះ បើគិតពីតាមរយៈពេលដែលមេដឹកនាំចិនកាន់អំណាចនាពេលកន្លងមក លោក ស៊ី ជិនភីង អាចក្ដាប់តំណែងដល់ឆ្នាំ២០២៧ ឬឆ្នាំ២០៣២ ។ ឆ្នាំ២០៣២ គឺជាកាលបរិច្ឆេទកៀកបំផុតទៅនឹងគោលដៅចិនក្លាយជាប្រទេសទំនើបនៅឆ្នាំ២០៣៥ ហើយនេះក៏មានន័យថា លោក ស៊ី អាចសម្រេចគោលដៅបានដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com