អន្តរជាតិ
មី​យ៉ាន់​ម៉ា ថា​របាយការណ៍​សិទ្ធិមនុស្ស​របស់ UN ស្តី​បញ្ហា​ខ្លួន​មិនអាច​ជឿទុកចិត្ត​បាន​១០០​ភាគ​ឡើយ
17, Mar 2018 , 11:00 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​បដិសេធ​របាយការណ៍​សិទ្ធិមនុស្ស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​ស្ថានភាព​របស់​មី​យ៉ាន់​ម៉ា ។ ក្រុង​ណៃ​ពិដោរ បានដាក់​សំណួរ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ជុំវិញ​គុណភាព និង​ភាព​ទុកចិត្តបាន​នៃ​របាយការណ៍​សិទ្ធិមនុស្ស​នេះ ដ្បិត​របាយការណ៍​នោះ​ចងក្រង​ឡើង​ដោយ​គ្មាន​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ឡើយ​។

 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក ហ្ស ធេ ( Zaw Htay ) នៅ​ថ្ងៃ​១៣ មីនា បាន​អះអាងថា របាយការណ៍​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា​របស់​បេសកកម្ម​ឯករាជ្យ​ស្វែងរក​ការពិត និង​អ្នករាយការណ៍​សិទ្ធិមនុស្ស​ពិសេស​នៅ​មី​យ៉ាន់​ម៉ា លោកស្រី យ៉ាង​ហ៊ី លី ( Yanghee Lee ) ដែល​ត្រូវបាន​យកទៅ​ធ្វើ​បទ​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស មិនអាច​ជឿទុកចិត្ត​បាន​១០០​ភាគ​បានឡើយ ។ 
​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកនាំពាក្យ​ដដែល​នោះ មិន​ប្រកែក​ចំពោះ​បញ្ហា​នៃ​ការបំពាន​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​ឡើយ ក៏ប៉ុន្តែ អ្វីដែល​មី​យ៉ាន់​ម៉ា មិនអាច​ទទួលយកបាន​នោះ ត្រង់​ថា តើ​របាយការណ៍​នោះ អាច​គួរ​ជឿជាក់ និង​មាន​សុក្រឹត្យភាព​កម្រិតណា បើ​អ្នកធ្វើ​របាយការណ៍​ទាំងនោះ មិន​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចូលទៅក្នុង​ប្រទេស​ផងដែរ​នោះ ។ 
​តាម​ប្រភពព័ត៌មាន​ដដែល របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា ត្រូវបាន​ធ្វើឡើង​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​ជនភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ថៃ និង ម៉ាឡេស៊ី , រូបភាព​ផ្កា​រណប និង​ឃ្លី​ប​វីដេអូ មួយចំនួន​តូច​ប៉ុណ្ណោះ ។ ជាងនេះទៅទៀត​នោះ របាយការណ៍ ថែមទាំង​ចោទប្រកាន់​ពី​វិបត្តិ​ជនភៀសខ្លួន និង​បញ្ហា​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា កើត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ​ទៀតផង ។ 
​តាមពិតទៅ មិនមែនជា​លើកដំបូង​ឡើយ ដែល​មី​យ៉ាន់​ម៉ា បដិសេធ​របាយការណ៍​សិទ្ធិមនុស្ស​នោះ ។ មួយវិញទៀត ពាក់ព័ន្ធ​នឹង​ការហាម​មិន​ឲ្យ​មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ចូលក្នុង​ប្រទេស​ខ្លួន​ដើម្បី​បើក​ការស៊ើបអង្កេត​នោះ ដ្បិត​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​អស់​ការជឿជាក់​ចំពោះ​អ្នករាយការណ៍​សិទ្ធិមនុស្ស​កន្លងមក ដោយបាន​រាយការណ៍​ពី​ស្ថានភាព​មី​យ៉ាន់​ម៉ា​ដោយ​លម្អៀង និង​ខ្វះ​មូលដ្ឋាន​ភស្តុតាង ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​សហគមន៍​អន្តរជាតិ​ជាមួយនឹង​ស្ថានភាព​ជាក់ស្តែង ៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com