«ដំណើរត្រាច់ចរសិល្បៈ» ដែលជាផ្នែកមួយនៃកម្មវិធី «បារាំងពីរសប្តាហ៍នៅភ្នំពេញ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និងទី២៥ ខែមីនា នៅបរិវេណស្ថានទូតបារាំងប្រចាំកម្ពុជា។ សិល្បករខ្មែរ៧រូប នឹងបង្ហាញស្នាដៃសហសម័យប្រកបដោយទេពកោសល្យ និងប៉ិនប្រសប់របស់ខ្លួន។
ការកែច្នៃប្រឌិតវត្ថុដែលគេបោះបង់ចោលទៅជាស្នាដៃសិល្បៈ ជំនាញថតរូបដែលបង្កប់អត្ថន័យអប់រំ ជាពិសេសការលើកកម្ពស់បរិស្ថាន នឹងត្រូវបង្ហាញជាសាធារណៈក្នុងបរិវេណសួនច្បារស្ថានទូតបារាំងនៅកម្ពុជា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមីនា ក្នុងកម្មវិធី «បារាំងពីរសប្តាហ៍នៅភ្នំពេញ»។
សិល្បករខ្មែរ៧រូប ដែលបង្កើតបាននូវស្នាដៃសិល្បៈបែបសហសម័យជាច្រើន ហើយស្នាដៃមួយចំនួនត្រូវបានយកទៅតាំងពិព័រណ៌នៅបរទេសផងដែរនោះ រង់ចាំការលើកទឹកចិត្តពីជនរួមជាតិ និងមិត្តបរទេស ចំពោះការតាំងបង្ហាញស្នាដៃក្នុង «ដំណើរត្រាច់ចរសិល្បៈ» នៅចុងសប្តាហ៍ខាងមុខ។
សិល្បករកម្ពុជាទាំង៧រូប រួមមាន៖
លោក ថាំង សុធា អ្នកកំពង់ចាម ដែលបច្ចុប្បន្នមាន អាយុ៣៥ឆ្នាំ នឹងបង្ហាញស្នាដៃលើការកែច្នៃសំបកកំប៉ុងឲ្យក្លាយជាទៅជាទម្រង់បែបសិល្បៈមួយដ៏រស់រវើក។ ស្នាដៃរបស់សិល្បករដែលមានសញ្ញាបត្រស្ថាបត្យកម្ម និងនគររូបនីយកម្មរូបនេះ ក៏ធ្លាប់បង្ហាញវត្តមាននៅក្រៅប្រទេសផងដែរ។
លោក ភើ សុផុន ផ្តល់តម្លៃយ៉ាងខ្លាំងទៅលើការថែរក្សាបរិស្ថាន។ លោកបានបង្កើតស្នាដៃដ៏វិសេសវិសាលមួយដែលមានរូបរាងដូចជា មកុដ ដោយប្រើប្រាស់សម្ភារធម្មតាៗចេញពីសំណល់តាមផ្លូវសាធារណៈ ។ ស្នាដៃនេះបានបង្ហាញនូវសារត្រង់ៗជូនដល់អ្នកទស្សនា ក៏ដូចជាប្រជាពលរដ្ឋខែ្មរគ្រប់រូប ដែលទាក់ទងនឹងការគោរពបរិស្ថាន និងសារសំខាន់នៃការកែច្នៃសំណល់ប្រើឡើងវិញនៅក្នុងសង្គម។
លោក ឯម រៀម ជាបណ្ឌិតច្នៃម៉ូដដ៏ល្បីល្បាញម្នាក់។ លោកបានបង្កើតសា្នដៃរបស់ខ្លួនដោយបានប្រើប្រាស់សម្ភារមួយចំនួនដូចជា ផ្តៅ ក្រចៅ ឬស្សី ឬឈើ លាយបញ្ចូលតែមួយ ដើម្បីបង្ហាញនូវបរិស្ថានធម្មជាតិដ៏សម្បូរបែបនៅកម្ពុជា។
លោក អ៊ូ វណ្ណឌី មានស្នាដៃ២ប្រភេទ រួមមានមាននង្គ័លខ្មែរ ដែលកែច្នៃចេញពីបំណែកខ្លះៗនៃអាវុធដែលបានបន្សល់ទុកពីសង្គ្រាម និងស្នាដៃទី២ គឺរូបសត្វគោព្រៃដោយបានរំលេចនូវទម្រង់បែបសិល្បៈអរូបិយនៃរឿងរាមកេ្តរ៍ ដោយលោកបានកែច្នៃពីចេញដែក ច្រវ៉ាក់ម៉ូតូ ឬច្រវ៉ាក់កង់ចាស់ៗ ពីកន្លែងជាងជួសជុលម៉ូតូ និងកង់ជាដើម។
លោក តោ វុដ្ឋា បង្ហាញនូវស្នាដៃរបស់ខ្លួន ជារូបចម្លាក់នៃជនភៀសខ្លួនទៅរស់នៅតាមព្រំដែន ឬទៅកាន់ប្រទេសទី៣ ដោយសារសង្គ្រាមស៊ីវិល។ ក្នុងអត្ថន័យនេះ លោកចង់ឆ្លុះបញ្ចាំងពីផលវិបាកនៃសង្គ្រាមចំពោះប្រជាជនដែលរស់នៅក្នុងប្រទេស។
លោក នូ សារី បង្ហាញស្នាដៃជាទម្រង់សិល្បៈសូនរូប ដែលធ្វើឡើងអំពីវល្លិយាវ។ ស្នាដៃនេះ ពណ៌នាពីមនុស្ស និងធម្មជាតិដែលមានទំនាក់ទំនងជាមួយគ្នាចាប់ផ្តើមពីមនុស្សកកើតនៅលើផែនដីដំបូង រហូតដល់ពេលបច្ចប្បន្ន។
លោក សុវណ្ណ ភីឡុង បង្ហាញសិល្បៈថតរូបនៅពេលយប់ដោយបានបញ្ចាំងពន្លឺចេញពីភ្លើងម៉ូតូ ដែលជាឧបករណ៍មួយក្នុងការបង្កើតជាសាច់រឿងផ្សេងៗដែលកើតឡើងនៅក្នុងទីក្រុងនាពេលរាត្រី។ នេះ វាជាគំនិតថ្មីមួយដែលបានការបង្កើតឡើងក្នុងស្នាដៃសិល្បៈដ៏សម្បូរបែប៕