អន្តរជាតិ
ប្រធាន​មហាសន្និបាត​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សុំ​ចិត្ត​ហ្វីលីពីន​ឲ្យ​បន្ត​នៅ​ជា​សមាជិក​
18, Mar 2018 , 1:40 pm        
រូបភាព
ដោយ:
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​លើកដំបូង​ជាមួយនឹង​ភាសា​ទន់ភ្លន់​ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ការប្រកាស​ដក​ហ្វីលីពីន​ចេញពី​តុលាការ​នេះ​ពី​ណាក់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។  ប្រធាន​មហាសន្និបាត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​សម្តែង​ពី​ការព្រួយបារម្ភ និង ថែមទាំង​សុំ​ឲ្យ​ហ្វីលីពីន​បន្ត​ធ្វើជា​សមាជិក​សក​ម្មរ​បស់​តុលាការ​បន្តទៀត ។



« ខ្ញុំ ពិតជា​មានការ​សោកស្តាយ​ចំពោះ​ការវិវត្ត​ចុងក្រោយ​នេះ ។ ការចាកចេញ​របស់​ភា​គី​មួយ​ពី​លក្ខន្តិកៈ​ក្រុង​រ៉ូម នឹង​ជះឥទ្ធិពល​អវិជ្ជមាន​មក​លើ​កិច្ចប្រឹងប្រែង​ជា​សមូហភាព​កន្លងមក ។ ICC ពិតជា​ត្រូវការ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ការងារ ហើយ ខ្ញុំ សូម​លើក​ចិត្ត​ហ្វីលីពីន បន្ត​ជា​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ដដែល​» ។ នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​លោក Kwon ប្រធាន​មហាសន្និបាត​ICC ។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​លើកដំបូង​នៅ​ថ្ងៃ​១៦ មីនា លោក​ប្រធាន​មហាសន្និបាត​រូបនេះ បាន​លើកឡើងថា ហ្វីលីពីន បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​មហាសន្និបាត​តាំងពី​ពេលដែល​ហ្វីលីពីន​ក្លាយជា​ភាគី​នៅ​ឆ្នាំ​២០១១​មកម្ល៉េះ ហើយ​ហ្វីលីពីន នៅ​ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ ក៏បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​គាំទ្រ​គោលការណ៍​របស់​តុលាការ និង​លក្ខន្តិកៈ​ក្រុង​រ៉ូម​ទៀតផង ។​
​លោក ថ្លែង​រម្លឹក​យ៉ាង​ដូច្នេះ​រួចហើយ ក៏​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« គ្រប់ភាគី​ទាំងអស់ មានឱកាស​ក្នុងការ​សម្តែង​ពី​ក្តីបារម្ភ​របស់ខ្លួន នៅ​ចំពោះមុខ​មហាសន្និបាត ហើយ ខ្ញុំ សូម​ស្នើ​អាជ្ញាធរ​ហ្វីលីពីន ដើម្បី​ទំនាក់ទំនង និង​មាន​កិច្ចសន្ទនា​លើ​បញ្ហា​នេះ​ផងដែរ » ។ 
 
​សូម​រម្លឹក​ផងដែរ​ថា សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​មហាសន្និបាត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី រី​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​បញ្ចប់​សមា​ជិ​ក​ភាព​ហ្វីលីពីន ពី​តុលាការ​នេះ ។ ហើយ​ការប្រកាស​បញ្ចប់​នេះដែរ ក៏ត្រូវ​បានធ្វើ​ឡើង ក្រោយពី​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ស៊ើបអង្កេត​ក្នុង​ជំហាន​ដំបូង​លើ​សំណុំរឿង​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ​ផងដែរ ៕ 

Tag:
 ​ហ្វីលីពីន​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com