ជាតិ
ពលរដ្ឋ​កូរ៉េ​ចង់បាន​ការរួបរួម​បងប្អូន​ជើង​ត្បូង តែ​បារម្ភ​
20, Mar 2018 , 3:41 pm        
រូបភាព
សន្និសីទ​អ្នកកាសែត​ពិភពលោក (World Journalists Conference) ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​សមាគម​អ្នកកាសែត​នៃ​ប្រទេស​កូរ៉េ (Journalists Association of Korea) បានកើត​ឡើង​ចំ​បរិបទ និង​ការវិវត្ត​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នៅ​ឧបទ្វីប​កូរ៉េ​តែម្តង​។ ក្នុងអំឡុង​មួយ​សប្តាហ៍ (៤​ដល់​១១ ខែមីនា​) នៃ​សន្និសីទ ដែល​បានអនុញ្ញាត​ឲ្យ​អ្នកកាសែត​៧០​នាក់​មកពី​៥០​ប្រទេស​ធ្វើដំណើរ​ជុំវិញ​ពាក់កណ្តាល​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ប៉ែក​ខាងត្បូង មានតែ​ដំណឹង​ល្អប្រសើរ​ដែល​បង្ហាញ​ពី​ភាព​ធូរស្រាល​ក្នុង​ឧបទ្វីប​។​



​ជា​សំណាងល្អ​ក៏ដោយ ឬ​ជាការ​គ្រោងទុក​ក៏ដោយ ពិភពលោក​ទាំងមូល​និយាយ​ជារួម និង​ក្រុមអ្នកកាសែត​៧០​រូប និយាយ​ដោយឡែក ពិតជា​បាន​ភ្ញាក់ផ្អើល នៅពេលដែល​ពួកគេ​បានឮ​អំពី​គម្រោង​ជួបគ្នា​រវាង​មេដឹកនាំ​កូរ៉េ​បងប្អូន​ទាំងពីរ​គឺ​លោក មូ​ន ចេ​អ៊ី​ន និង​លោក គឹម ជុង​អ៊ុន នៅក្នុង​ខែមេសា និង​បន្ទាប់មក​គឺ​គម្រោង​ជួបគ្នា​ដ៏​មិន​នឹកស្មាន​ដល់​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គឹម ជុង​អ៊ុន ក្នុង​ខែឧសភា​។​

​ទន្ទឹមនឹង​ការទទួលបាន​ព័ត៌មាន​ល្អ​ស្តីពី​ភាព​ធូរស្រាល​នៃ​ស្ថានការណ៍​នយោបាយ​ក្នុង​តំបន់​ឧបទ្វីប អ្នកកាសែត​៧០​រូប​មកពី​ជុំវិញ​ពិភពលោក កំពុង​ទស្សនកិច្ច​ទីក្រុង​ទំនើប និង​ការអភិវឌ្ឍ​ជាច្រើន​របស់​សាធារណរដ្ឋ​កូរ៉េ ហើយ​ដែល​ទីក្រុង​ខ្លះ គឺជា​អតីត​សមរភូមិ​ក្នុង​សង្គ្រាម​បងប្អូន​កូរ៉េ​កាលពី​៦៥​ឆ្នាំមុន​ទៀតផង ដូចជា សេ​អ៊ូ​ល ប៊ូសាន អ៊ី​ន​ឆុន និង​ជេ​ជូ ជាដើម​។ ក្នុងចំណោម​អ្នកកាសែត​៧០​រូប ក៏មាន​អ្នកកាសែត​ពីររូប​មកពី​កម្ពុជា គឺ​លោក ឆាយ សុផល និង​រូបខ្ញុំ លាង ដឺ​លុច​។​



​សង្គ្រាម​បងប្អូន​កូរ៉េ​តែ​៣​ឆ្នាំ តែ​បានធ្វើ​ឲ្យ​ប្រជាជន និង​ទា​ហាន​ទាំងសងខាង រួមទាំង​ទា​ហាន​អាមេរិក​ដែល​គាំទ្រ​កូរ៉េខាងត្បូង និង រុស្ស៊ី ចិន​ដែល​គាំទ្រ​កូរ៉េខាងជើង ស្លាប់​ប្រមាណ​៣​លាន​នាក់​។ ជីវិត​មនុស្ស​ក៏​បាត់បង់ ប្រទេស​ក៏​ខ្ទេចខ្ទាំ​។ រយៈពេល​នៃ​ទស្សនកិច្ច​ស្វែងយល់​ពី​សាធារណរដ្ឋ​កូរ៉េ​ចំនួន​មួយ​សប្តាហ៍ ក្នុង​ទីក្រុង​ទំនើបៗ​ចំនួន​៧​ដែរនោះ ថ្នាក់ដឹកនាំ​នៃ​ទីក្រុង​ទាំងនោះ​សុទ្ធតែ​អះអាងថា ពួកគេ​ចង់បាន​ការរួម​គ្នា​រវាង​កូរ៉េ​ទាំងពីរ​ដែលជា​ប្រទេស​តែមួយគត់​ក្នុង​ពិភពលោក ដែល​រស់នៅ​បែកបាក់​គ្នា​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​អ្វីដែល​ខ្ញុំ​បាន​យល់​គឺថា ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែលមាន​ពិសោធន៍​ឆ្លងកាត់​សង្គ្រាម​ដូច​ប្រជាជន​កម្ពុជា​ដែរនោះ បាន​ខិតខំ​រួមគ្នា​កសាង​ប្រទេសជាតិ​ឡើងវិញ​ដោយ​ឈរលើ​ការឈឺចាប់​ដែល​កើតចេញពី​សង្គ្រាម​។ រហូតដល់​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីក​ចម្រើ​ន​ជឿនលឿន និង​លេចធ្លោ​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក ពួកគេ​ពិតជា​មិន​ចង់​ឲ្យ​សោកនាដកម្ម​នោះ​ត្រឡប់មកវិញ​ជាដាច់ខាត​។ បើទោះជា​អាចមាន​ការប៉ះទង្គិច​ដោ​យ​យោធា ដោយសារតែ​ការគំរាមកំហែង​ជាប្រចាំ​ពី​រដ្ឋាភិបាល​កូរ៉េខាងជើង​នោះ ហើយ​កូរ៉េខាងត្បូង​នៅតែ​សង្ឃឹមថា អាច​ឈ្នះ​ក្នុង​សង្គ្រាម​នោះ​ក៏ដោយ ប៉ុន្តែ​កូរ៉េខាងត្បូង​ក៏​នៅតែ​ខាតបង់ និង​បាត់បង់​។ ការស្តារ​ប្រទេស​ឡើងវិញ​មិន​ងាយស្រួល​នោះឡើយ​។ ផលវិបាក​ក្រោយ​សង្គ្រាម ក៏​ជា​រឿង​ដែល​មិនអាច​ស្មានដឹង​។ កម្ពុជា​ជា​ប្រទេស​ដែល​បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ជាង​៣០​ឆ្នាំ​។ បានន័យថា កម្ពុជា​ទទួលរង​គ្រោះ​ដោយ​សង្គ្រាម​ច្បាំង​ខ្មែរ​គ្នាឯង ដោយសារតែ​មនោគមន៍ និង​ការគាំទ្រ​ពី​បរទេស​ជាការ​ពិត យូរ​ជាង​១០​ដង​នៃ​សង្គ្រាម​បងប្អូន​កូរ៉េ​ដែលមាន​រយៈពេល​តែ​៣​ឆ្នាំ (២៥ មិថុនា ១៩៥០ ដល់ ២៧ កក្កដា ១៩៥៣)​។

​ប្រជាជាតិ​កូរ៉េខាងត្បូង ត្រូវការ​សន្តិភាព និង​សន្តិសុខ​ក្នុង​ឧបទ្វីប​។ គ្រាន់តែ​ថា ការរួបរួម​គ្នា​នោះ ត្រូវតែ​ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​ដែល​បងប្អូន​ទាំងពីរ​ត្រូវ​ស្រុះស្រួល​គ្នា និង​យល់ព្រម​ជាមួយគ្នា​។​



​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​យល់​ពី​ភាពចាំបាច់​នៃ​ការផ្សះផ្សា​រួមគ្នា​មែន ប៉ុន្តែ​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ពួកគេ​ក៏ត្រូវ​ការ​ស្តាប់​សំឡេង និង​គំនិត​របស់​ពលរដ្ឋរ​បស់​ខ្លួន​ដែរ​។ ខ្ញុំ​បាន​ជជែក​ជាមួយ​ពលរដ្ឋ​កូរ៉េ​ខ្លះៗ​។ ពួកគេ​យល់ស្រប​តាម​ជំហរ​របស់​រដ្ឋាភិបាល​ដែល​ចង់បាន​ការរួបរួម​។ ប៉ុន្តែ​ពួកគេ​តាំង​សំណួរ​ដូចៗ​គ្នា​ថា តើ​ការរួបរួម​នោះ នឹងត្រូវ​ធ្វើឡើង​យ៉ាងណា​? ពលរដ្ឋ​ខ្លះ​មានគំនិត​ថា ការរួបរួម​គ្នា​គួរតែ​ត្រូវ​ធ្វើតាម​ដំណាក់កាល​។ ពោលគឺ ពួកគេ​មិនទាន់​អាច​ទទួលយកបាន ការបញ្ចូល​ប្រទេស​ពីរ ដែលមាន​គម្លាត​ទាំង​សេដ្ឋកិច្ច និង​ធនធានមនុស្ស ខុសគ្នា​ខ្លាំង ឲ្យ​ចូលគ្នា​ភ្លាម​បាន​នោះទេ​។​

​អ្វីដែល​ខ្ញុំ​បានដឹង​មក​នោះ​គឺថា ដ្បិតតែ​ជា​ជនជាតិ​កូរ៉េ​ដូចគ្នា​មែន ប៉ុន្តែ​ពួកគេ​មិនមាន​ភាសា​ដូចគ្នា​ទាំងស្រុង​នោះឡើយ​។ ចុះ​ទម្រាំ​សមាហរណកម្ម​ពេញលេញ ដែល​អាច​នាំ​ប្រជាជន​កូរ៉េខាងជើង​មក​រស់នៅក្នុង​ទីក្រុង​ទំនើប​ក្នុង​កូរ៉េខាងត្បូង ដែល​អាច​រំខាន​ជីវភាព​ប្រជាជន​កូរ៉េខាងត្បូង និង​ការ​មក​ដណ្តើម​ការងារ​ទៀត​នោះ ប្រជាជន​កូរ៉េខាងត្បូង​ទំនងជា​មិនអាច​សោមនស្ស​បានឡើយ​។​

​នៅពេលដែល​ខ្ញុំ​ឮថា​យុវជន​កូរ៉េខាងត្បូង​ខ្លះ​បារម្ភ​ខ្លាច ពលរដ្ឋ​ខាងជើង​ចូលមក​រួមរស់​រំខាន​ជីវភាព​របស់ខ្លួន​នៅក្រោយ​ការរួបរួម​នោះ ខ្ញុំ​ក៏មាន​គំនិត​ផ្ទុយ​ពី​ពួកគេ ដោយ​ខ្ញុំ​នឹកឃើញ​ដល់​ករណី​ផ្សះផ្សាជាតិ​របស់​កម្ពុជា​ជាមួយ​ក្រុមខ្មែរក្រហម​។ តាមរយៈ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច ហ៊ុន សែន ពី​ឆ្នាំ​១៩៩៦​ដល់​១៩៩៨ តំបន់ ប៉ៃលិន សំឡូត ម៉ាឡៃ និង​អន្លង់វែង​ចុងក្រោយ​គេ បាន​ក្លាយជា​ដែនដី​រួម​ក្រោម​រដ្ឋាភិបាល​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពេលនោះ ពលរដ្ឋ​ខ្មែរ​ខ្លះ​ព្រួយបារម្ភ​ពី​សមាហរណកម្ម ដោយ​ពួកគេ​ខ្លាច​ពលរដ្ឋ​ខ្មែរក្រហម​មែន ប៉ុន្តែ​ជាក់ស្តែង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់ប្រើ​ប្រាស់​ជីវភាព​ស្រែចម្ការ​ក្នុង​តំបន់​របស់​ពួកគេ​នោះ មិនបាន​ចូលមក​រស់នៅ​ទីក្រុង និង​រាជធានី​ឡើយ​។ ការធ្វើដំណើរ​ដោះដូរ​ផ្នែក​ពាណិជ្ជកម្ម​មាន​មែន ប៉ុន្តែ​ពួកគេ​ស៊ាំ​នឹង​ភូមិ​ស្រុកកំណើត​របស់​ពួកគេ​ជាង​។​

​ផ្ទុយទៅវិញ គឺ​ពលរដ្ឋ​នៃ​ដែនដី​កណ្តាល​ដែលមាន​ធនធាន​គ្រប់គ្រាន់ និង​ហូរហៀរ ហើយ​ដែល​យល់ដឹង​អំពី​អាជីវកម្ម និង​យល់ដឹង​អំពី​ជំនួញទៅវិញទេ​ ដែល​បាន​សម្រុក​ចូលទៅ​តាំងទី​លំនៅ ទិញដូរ​អចល​ទ្រព្យ ធ្វើ​អាជីវកម្ម​នៅ​តំបន់​ទីប្រជុំជន​នៃ​ទឹកដី​ថ្មី​ទាំងនោះ​។ ដូច្នេះ តើ​អ្នកក្រីក្រ ដណ្តើម​ឱកាស​ពី​អ្នកមាន​ទ្រព្យ​? ឬ​អ្នកមាន​ទ្រព្យ​ជា​អ្នក​កេងចំណេញ​លើ​អ្នកទន់ខ្សោយ​?



​ករណី​ប្រទេស​កូរ៉េ​ទាំងពីរ បើតាម​ការពិចារណារ​បស់​ខ្ញុំ ការបង្រួបបង្រួម​ទឹកដី ត្រូវតែ​ជា​ប្រធានបទ​អាទិភាព និង​មិនអាច​ចៀស​រួច​ឡើយ ដើម្បី​សន្តិសុខ​ឧបទ្វីប និង​សន្តិភាព​ពិភពលោក​។ បន្ទាប់មកទៀត រដ្ឋាភិបាល​ទាំងពីរ និង​ដោយមាន​ការចូលរួម​ពី​សម្ព័ន្ធមិត្ត​របស់​ពួកគេ​ទាំងសងខាង​ផង ត្រូវ​រៀបចំ​ដំណើរ​នៃ​ការបង្រួបបង្រួម និង​ផ្សះផ្សារ​ដោយ​សន្តិភាព ពិសេស​គឺ​ការពន្យល់​ទៅដល់​ពលរដ្ឋ​ទាំងសងខាង ដើម្បី​ពួកគេ​បាន​ចូលរួម​ក្នុងការ​រួបរួម​នេះ​។ ជោគជ័យ​នៃ​ការផ្សះផ្សា​បងប្អូន​ទាំងពីរ អាស្រ័យ​តែ​លើ​ការចូលរួម​របស់​ប្រជាជន​ទាំងសងខាង​តែប៉ុណ្ណោះ​។ ក្នុងន័យនេះ គឺ​ដល់​ពេលដែល​សារព័ត៌មាន​ត្រូវ​ប្រើ​តួនាទី​ចម្បង​របស់ខ្លួន​លើសពី​ការ​ផ្តល់ព័ត៌មាន គឺ​អប់រំ​៕


Tag:
 ឧ​ប​ទ្វី​កូរ៉េ​
  WJC
  inter-Korean unification
© រក្សាសិទ្ធិដោយ thmeythmey.com