អន្តរជាតិ
នយោបាយអន្តរជាតិ
បារាំងឃុំខ្លួនអតីតប្រធានាធិបតីសាកូហ្ស៊ីរឿងទទួលហិរញ្ញវត្ថុពី ហ្កាដាហ្វី ដើម្បីឃោសនាបោះឆ្នោតឆ្នាំ ២០០៧
× អតីតប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី ត្រូវប៉ូលិសឃុំខ្លួន និងសួរចម្លើយនៅថ្ងៃអង្គារទី ២០ ខែមីនានៅក្នុងទីក្រុង Nanterre ពាក់ព័ន្ធការទទួលលុយខុសច្បាប់ពីមេដឹកនាំផ្តាច់ការលីប៊ី សម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០០៧។
សំណុំរឿងទទួលហិរញ្ញវត្ថុពីរបបដឹកនាំផ្តាច់ការលីប៊ីកាលពីជាងដប់ឆ្នាំមុនសម្រាប់ការឃោសនានយោបាយនៅបារាំងក្នុងអាណត្តិលោក នីកូឡា សាកូហ្ស៊ី ចាប់ផ្តើមកម្រើកជាថ្មី។ សារព័ត៌មានបារាំង Le Monde បានផ្សាយថា អតីតប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី ត្រូវបានគេឃុំខ្លួន និងសួរនាំផងដែរនៅថ្ងៃអង្គារនេះ។
គេសង្ស័យថា អតីតប្រធានាធិបតីរូបនេះបានទទួលលុយប្រហែល ៥០ លានអឺរ៉ូពីរបបដឹកនាំលោក មូអាម៉ា ហ្កាដាហ្វី ក្នុងឆ្នាំ ២០០៧ ដើម្បីយកមកឃោសនាបោះឆ្នោតរហូតដល់លោកឈ្នះឆ្នោតជាប្រធានាធិបតីផង។ លោក សាកូហ្ស៊ី ត្រូវឃុំខ្លួនយ៉ាងយូរ ៤៨ ម៉ោង ហើយរយៈពេលនេះអាចប្រែប្រួលអាស្រ័យលើការសួរចម្លើយដែរ។ ប៉ុន្តែជារួមលោក សាកូហ្ស៊ីតែងតែទាត់ចោលការចោទប្រកាន់នេះ។
តាមពិតទៅបារាំងបានចាប់ផ្តើមការស៊ើបអង្កេតចាប់ពីឆ្នាំ ២០១៣មកម្ល៉េះ ក្រោយពេលដែលមានការអះអាងថា ក្រុមឃោសនានយោបាយរបស់លោក សាកូហ្ស៊ី ទទួលបានប្រយោជន៍ពីការផ្តល់ហិរញ្ញវត្ថុនេះពីសំណាក់របបដឹកនាំលោក កាដាហ្វី។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ការអះអាងកើតឡើងពីមាត់របស់លោក Ziad Takieddine ជាអ្នកជំនួញជនជាតិបារាំងកាត់លីបង់ និងមន្ត្រីមួយចំនួនដែលស្ថិតក្រោមរបបដឹកនាំលោក កាដាហ្វី។
នេះជាលើកទីមួយហើយដែលប៉ូលិសឃុំខ្លួនលោក សាកូហ្ស៊ី ដោយសារសំណុំរឿងទទួលលុយពីមេដឹកនាំលីប៊ីនេះ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៤ លោកធ្លាប់ត្រូវបានឃុំខ្លួនម្តងដែរតែកាលនោះលោករងការចោទប្រកាន់តែថាមានជាប់ពាក់ព័ន្ធនឹងការបំពានការប្រើប្រាស់ហិរញ្ញវត្ថុឃោសនានយោបាយប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ការស៊ើបអង្កេតនេះនៅតែបន្តទៅមុខតាមរយៈការសួរចម្លើយអ្នកពាក់ព័ន្ធ ប៉ុន្តែមិនទាន់ដល់ដំណាក់កាលកាត់ទោសអ្វីឡើយ។ ក្រោយសាកសួរហើយ ប្រហែលជាលោកអាចនឹងត្រូវចូលបង្ហាញខ្លួនក្នុងតុលាការមុខចៅក្រម និងអាចប្រឈមមុខការចោទប្រកាន់ជាផ្លូវការផង៕
© រក្សាសិទ្ធិដោយ thmeythmey.com