អន្តរជាតិ
អាមេរិក​និង​អឺរ៉ុប​នឹង​ចរចា​គ្នា​នៅ​ជុំ​ថ្មី​ទៀត​ដើម្បី​ដោះស្រាយ​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​
23, Mar 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ស​.​រ​.​អា​និង សហភាព​អឺរ៉ុប​បានដាក់​គម្រោង​ដើម្បី​ជួបចរចា​គ្នា​នៅ​ជុំ​ថ្មីៗ​ទៀត​ដើម្បី​ដោះស្រាយ​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម រួមទាំង​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធ​ដែល​ស​.​រ​.​អា បានស្នើ​ឡើង លើ​ការ​នាំចូល​ដែក និង​អាលុយមីញ៉ូម​ផងដែរ​។​



​សេចក្តីថ្លែងការណ៍​រួមមួយ​របស់​ស​.​រ​.​អា និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បានបញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា​៖ «​យើង​បាន​ព្រមព្រៀងគ្នា​ថា នឹង​បើក​ដំណើរ​ពិភាក្សា​ជាបន្ទាន់​ជាមួយនឹង​លោក ប្រធានាធិបតី ត្រាំ និង រដ្ឋបាល​លោក ត្រាំ លើ​បញ្ហា​ពាណិជ្ជកម្ម ពាក់ព័ន្ធ​នឹង​ក្តីបារម្ភ​រួម ដែល​រាប់បញ្ចូល​ទាំង​បញ្ហា​ពន្ធ​លើ​ការនាំ​ចូល​ដែក​និង អាលុយមីញ៉ូម ដោយ​ឈរលើ​ទស្សនៈ​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​ដែល​អាច​ទទួលយកបាន​ទាំងសងខាង ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បា​ន‍​»​។​

​ការប្រកាស​ដូចនេះ​កើតឡើង​បន្ទាប់ពី​ការពិភាក្សា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន រវាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស​.​រ​.​អា Wilbur Ross និង នាយក​ពាណិជ្ជកម្ម​អឺរ៉ុប Cecilia Malmstroem​។​

​ការប្រកាស​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អំពី​បញ្ហា​ពន្ធ​លើ​ការ​នាំចូល​អាលុយមីញ៉ូម និង ដែក នឹងត្រូវ​ចូល​ជាធរ​មាននៅ​ចុង​សប្តាហ៍​នេះ​។​

​ក្រុង​វ៉ាស៊ីនតោន បាន​លើកលែង​ពន្ធ​បណ្តោះអាសន្ន​ដល់​ប្រទេស​កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ក្នុងអំឡុងពេល​ចរចា​អំពី​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង ហើយ​ស​.​រ​.​អា កំពុង​ពិចារណា​លើ​ការលើកលែង​ពន្ធ​ដល់​ប្រទេស​អា​ហ្ស​ង់​ទីន អូស្ត្រាលី ហើយ​និង​ប្រេ​ស៊ី​ល​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com