អន្តរជាតិ
ហ្វីលីពីន ត្រៀម​សាងសង់​មូលដ្ឋាន​យោធា​ក្បែរ​តៃវ៉ាន់​ដើម្បី​ការពារ​សកម្មភាព​ឈ្លានពាន​
23, Mar 2018 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល គ្រោង​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​មួយ​ក្បែរ​ដែន​សីមា​ជាមួយនឹង​តៃវ៉ាន់ ។ ចំណាត់ការ​នេះ ធ្វើឡើង​ដើម្បី​ការពារ និង​ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​នានា ដែល​បង្កដោយ​អ្នកជិតខាង ដ្បិត​កន្លងមក ទិសដៅ​មូលដ្ឋាន​នោះ ក៏​ធា្ល​ប់​ជា​កន្លែង​ប្រឈម​ភាព​តានតឹង​រវាង​ភាគី​ទាំងពីរ​ស្រាប់​នោះ ។​



​អ្នកនាំពាក្យ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ភាគ​ខាងជើង​របស់​ហ្វីលីពីន​លោក Isagani Nato នៅ​ថ្ងៃទី​២២ មីនា បាន​អះអាងថា នៅ​ខែ​ក្រោយនេះ រដ្ឋាភិបាល​ហ្វីលីពីន នឹង​ផ្តើម​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក នៅលើ​កោះ ភាគ​ខាងជើង​នៃ​ប្រទេស ដែល​ស្ថិត​ក្បែរ​តៃវ៉ាន់ ក្នុង​គោលដៅ​ដើម្បី​បង្កើន​ការការពារ​ពី​ក្រុម​ចូល​នេសាទ និង​ចូល​ដែនទឹក​ហ្វីលីពីន​ដោយ​ខុសច្បាប់ ។​

​តាម​ភ្នាក់ងារ​ព័ត៌មាន Reuters លោកអ្នក​នាំពាក្យ បាន​លើកឡើងថា កោះ​ដែល​គ្រោង​នឹង​សាងសង់​មូលដ្ឋាន​កងទ័ព​នោះ មិនទាន់មាន​អ្នកណា​ទៅ​រស់​នៅឡើយ ដែល​ហេតុនេះហើយ ទើប​ហ្វីលីពីន​ត្រូវតែ​បំពាក់​សម្ភារ​យោធា​ផ្សេងៗ​ដើម្បី​ការពារ​សុវត្ថិភាព និង​ទប់ស្កាត់​ការឈ្លានពាន​ដែនទឹក​ខុសច្បាប់ ។

​មួយវិញទៀត​នោះ បើតាម​អ្នកនាំពាក្យ​ដដែល​នោះ រដ្ឋាភិបាល​ហ្វីលីពីន ក៏​រំពឹង​ផងដែរ​ថា មូលដ្ឋាន​នោះ ក៏​អាច​នឹង​ជួយ​តាមដាន​សកម្មភាព​នៃ​ការឆ្លងកាត់​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​តាម​នាវា ដោយ​ត្រូវ​ឆ្លងកាត់​ដែនសមុទ្រ​ចិន​ខាងត្បូង ដែលជា​ចំណែក​របស់​ហ្វីលីពីន​ទៅកាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ផងដែរ ។

​គួរ​ជម្រាប​ផងដែរ ក្រៅពី​ព្រុយ​ណេ ចិន ម៉ាឡេស៊ី និង​វៀតណាម ហ្វីលីពីន ក៏បាន​មាន​វិវាទ​ក្នុង​ការទាមទារ​តំបន់​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ជាមួយនឹង​តៃវ៉ាន់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ។ បើ Reuters នៅ​ប៉ុន្មាន​ឆ្នាំមុន ទាហាន​ល្បាត​ដែនសមុទ្រ​នៃ​ភាគី​ទាំងពីរ ក៏​ធ្លាប់​ប្រឈមមុខគ្នា​នៅក្នុង​ដែនទឹក​ដែល​សម្បូរ​ទៅដោយ​ត្រី​ទៀតផង ៕


Tag:
 ហ្វីលីពីន​
  តៃវ៉ាន់​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com