សិល្បះ
សិល្បៈអន្តរជាតិ
អន្តរជាតិ
កំណើនទេសចរថៃទៅតំបន់អាយុធ្យា ក្រោយការបញ្ចាំងរឿងភាគ «បុព្វេសន្និវាស»
× រឿងភាគថៃ «បុព្វេសន្និវាស» (Love Destiny) ដែលបញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានក្លាយជាផ្នែកមួយនៃការទាក់ទាញផ្នែកទេសចរណ៍ទៅកាន់តំបន់នៃសម័យកាលអាយុធ្យា (ឆ្នាំ១៣៥១ ដល់ឆ្នាំ១៧៦៧)។ នេះបើតាមការផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។
ចាក់ផ្សាយដំបូងកាលពីថ្ងៃទី២១ ខែកុម្ភៈ ភាពយន្តទូរទស្សន៍រឿង «បុព្វសន្និវាស» (Love Destiny) ដែលជាស្នាដៃអ្នកនិពន្ធឈ្មោះ Romphaeng រៀបរាប់ពីដំណើរផ្សងព្រេងរបស់នារីបុរាណវិទូម្នាក់ ដែលបានជួបគ្រោះថ្នាក់រថយន្ត ហើយព្រលឹងរបស់នាង បានចូលទៅក្នុងខ្លួននារីម្នាក់ទៀត ឈ្មោះ ការ៉ាកេត (Karakket) ក្នុងសម័យកាលអាយុធ្យា ក្រោមរាជស្តេច Narai ពីឆ្នាំ១៦៣២ ដល់ឆ្នាំ១៦៨៨ ។
ភាពយន្តស្នេហានេះ បានបង្ហាញទីតាំងប្រវត្តិសាស្ត្រជាច្រើននៅតំបន់ឧទ្យានអាយុធ្យា ជាពិសេសវត្ត Chaiwattanaram ដែលមានការទាក់ទាញជាងគេ។ ឥទ្ធិពលរបស់វា បានបង្កើតចំនួនទេសចរយ៉ាងច្រើនកុះករ ដែលកន្លងមក មិនសូវមានឡើយ។
បើតាមកាសែត បាងកក ប៉ុស្តិ៍ អាជ្ញាធរតំបន់បានសម្រេចពន្យាម៉ោងទស្សនាតំបន់ប្រវត្តិសាស្ត្រនោះ ដែលជាទូទៅបើកពីម៉ោង៨កន្លះព្រឹក ដល់ម៉ោង៧កន្លះយប់ ប៉ុន្តែក្រោយការចាក់បញ្ចាំងរឿង «បុព្វេសន្និវាស» ទេសចរអាចទស្សនាតំបន់នោះរហូតដល់ម៉ោង៩យប់។
កំណើនភ្ញៀវទេសចរ បានជួយឲ្យពលរដ្ឋមូលដ្ឋានរកបានចំណូលបន្ថែមដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែជាមួយគ្នានេះផងដែរ ចរាចរណ៍មានកកស្ទះយ៉ាងខ្លាំង។ លោក Ekkachai Saensradee នាយប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ថា ប៉ូលិសត្រូវធ្វើការបន្ថែមម៉ោងដើម្បីសំរួលចរាចរណ៍ និងទប់ស្កាត់ឧក្រិដ្ឋកម្មណាមួយដែលអាចកើតឡើងក្បែរតំបន់នោះនាពេលយប់។
«បុព្វេសន្និវាស» សំដែងដោយតារាស្រីថៃកាត់អង់គ្លេស Ranee “Bella” Campen និងតារាប្រុស Thanavat “Pope” Wattanaputti។ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ផងដែរ ឲ្យរកមធ្យោបាយឧបត្ថម្ភការផលិតរឿងនេះ ពីព្រោះវាផ្តល់ផលចំណេញច្រើនដល់វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកទេសចរមួយចំនួនធំ បាននាំគ្នាស្លៀកពាក់ដូចជាតួអង្គនៅក្នុងសាច់រឿង ហើយពួកគេទស្សនានៅតំបន់អាយុធ្យា ដោយមិនចាំបាច់កាន់សៀវភៅ «Guide Book» ទៀតនោះឡើយ។
មិនថា តែពលរដ្ឋថៃនោះឡើយ អ្នកនិយមទស្សនាភាពយន្តថៃ នៅកម្ពុជា និងឡាវ ក៏ដូចជាប្រទេសមួយចំនួនទៀត បានដាច់បាយដាច់ទឹកទស្សនាភាពយន្ត «បុព្វេសន្និវាស» នេះផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com