ជាតិ
សម្ដេច ហ៊ុន សែន ក្លាយជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី
× ភ្នំពេញ៖ វេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ ប្រកាសទទួលស្គាល់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលជាស្ថាប័នមួយរបស់ ICAPP ក្នុងការលើកកម្ពស់ ការតភ្ជាប់វប្បធម៌ និងសង្គម រវាងទ្វីបអឺរ៉ុប និងអាស៊ី។ ការទទួលស្គាល់នេះ គឺធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ក្រោយវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ ប្រកាសទទួលស្គាល់សម្តេច ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយសរួចហើយ គណបក្សប្រជាជនកម្ពុជា ក៏បានចេញចេញក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ដើម្បីផ្សព្វផ្សាយពីដំណឹងនេះ។ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖«វេទិកានេះ បានគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធមអាសី»។
វេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ (2th Asia Europe political Forum-AEPF) រៀបចំឡើងដោយក្រុមអ្នក នយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុប នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដោយមានការចូលរួមពីគណបក្សនយោបាយអាស៊ីនិងអឺរ៉ុប២៥ ដែលមកពី ២៣ប្រទេស រួមមានកម្ពុជាផងដែរ។ លោក ស្រី ឃួន សុដារី សមាជិកានៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅចូលរួមវេទិកានេះ។
វេទិកាលើកទី២នេះ បានសម្រេចឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅភ្នំពេញ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាដដែល៕
Tag:
ឃួន សុដារី
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com