អន្តរជាតិ
ចិន៖ការចុះចតយន្តហោះចម្បាំងនៅសមុទ្រចិនខាងត្បូង មិនមែនជាសកម្មភាពយោធូបនីយកម្មឡើយ
× រដ្ឋាភិបាលក្រុងប៉េកាំង បានប្រតិកម្មខ្លាំងទៅនឹងការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោនថា ខ្លួនកំពុងតែធ្វើយោធូបនីយកម្មនៅក្នុងសមុទ្រចិនខាងត្បូង។ របបនេះអះអាងថា អាមេរិកអះអាងដោយគ្រាន់តែយោងតាមសកម្មភាពចុះចតយន្តហោះចម្បាំងរបស់ចិននៅទីនោះប៉ុណ្ណោះ។
កាលពីចុងសប្តាហ៍កន្លងមក យន្តហោះចម្បាំងនិងទម្លាក់គ្រាប់បែកជាច្រើនគ្រឿងរបស់ចិន បានចុះចតជាលើកដំបូងនៅមូលដ្ឋានមួយដែលស្ថិតនៅប្រជុំកោះតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ការចុះចតនេះ បានបង្កើតជាក្តីបារម្ភសម្រាប់រដ្ឋដែលពាក់ព័ន្ធប្រយោជន៍នៅទីនោះ ដែលរាប់បញ្ចូលទាំងអាមេរិកផងដែរ ។
ក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានរិះគន់ក្រុងប៉េកាំងខ្លាំងៗ ដោយអះអាងថា ចិនកំពុងតែបន្តសកម្មភាពយោធូបនីយកម្មនៅក្នុងតំបន់មានជម្លោះ។ ជាមួយគ្នានោះ ក្រុងហាណូយ ដែលជាភាគីពាក់ព័ន្ធនៃតំបន់ជម្លោះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយទទូចឲ្យក្រុងប៉េកាំង បញ្ឈប់សកម្មភាពរយោធាជាបន្ទាន់នៅតំបន់នោះផងដែរ។
ការចោទប្រកាន់នេះធ្វើឲ្យក្រុងប៉េកាំងនៅមិនស្ងៀមឡើយ។ តាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃ២១ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង បានចេញមុខបដិសេធចំពោះការចោទប្រកាន់អាមេរិក និងថែមទាំងអះអាងជាថ្មីម្តងទៀតថា តំបន់ដែលចិនធ្វើសកម្មភាពនោះ គឺស្ថិតនៅក្នុងអធិបតេយ្យរបស់ចិននោះទេ។
នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកអ្នកនាំពាក្យដដែលនោះបានអះអាងថា ការចល័តយន្តហោះចម្បាំងទៅកាន់តំបន់នោះ គឺគ្រាន់តែជាផ្នែកមួយនៃលំហាត់យោធារបស់កងទ័ពចិនប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះថែមទាំងបានវាយបកអាមេរិកវិញយ៉ាងដូច្នេះថា៖«ការបញ្ជូនទាំងនាវា និងយន្តហោះចម្បាំងរបស់អាមេរិកមកកាន់តំបន់ (សមុទ្រចិនខាងត្បូង) នោះទេ ដែលបានគំរាមកំហែងដល់ប្រទេសដទៃនោះ» ។
គួរជម្រាបផងដែរ ជម្លោះសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យ ដែលរដ្ឋជាប់ពាក់ព័ន្ធដោយផ្ទាល់រួមមាន រដ្ឋអាស៊ាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ កន្លងមក ក្រៅពីរដ្ឋពាក់ព័ន្ធដោយផ្ទាល់ហ្វីលីពីននិងវៀតណាម អាមេរិកក៏បានចេញមុខយ៉ាងជ្រៅដើម្បីតទល់ជាមួយនឹងចិនលើបញ្ហានេះ ៕
Tag:
ចិន
អាមេរិក
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com