FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Nainggolan សុំ​ឈប់​ពី​ជម្រើសជាតិ ក្រោយ​គ្មាន​ឈ្មោះ​សម្រាប់​បែលហ្ស៊ិក ទៅ World Cup
22, May 2018 , 4:32 pm        
រូបភាព
Nainggolan នាពេលបង្ហាញខ្លួនឲ្យបែលហ្សិក កាលពី Euro 2016។ រូបថត AFP
Nainggolan នាពេលបង្ហាញខ្លួនឲ្យបែលហ្សិក កាលពី Euro 2016។ រូបថត AFP
Radja Nainggolan ខ្សែបម្រើ​របស់ Roma បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ភ្លាមៗ បន្ទាប់ពី​រូបគេ​មិន​ស្ថិតក្នុង​សមាសភាព​២៨​នាក់​របស់​បែលហ្ស៊ិក​ដើម្បី​ទៅ​ប្រកួតប្រជែង​ពានរង្វាន់ FIFA World Cup នៅ​រុស្ស៊ី ឆ្នាំ​២០១៨​។​



​បើទោះបីជា​បាន​ជួយ Roma ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន UEFA Champions League ក៏ដោយ តែ​ខ្សែបម្រើ​វ័យ​៣០​ឆ្នាំ​រូបនេះ​មិន​ជាប់​ឈ្មោះ​២៨​នាក់​ក្នុង​បញ្ជី​របស់លោក Roberto Martinez គ្រូបង្វឹក​ជម្រើសជាតិ​បែលហ្ស៊ិក​ទៅកាន់​រុស្ស៊ី​ខែក្រោយ​ឡើយ​។​

​ក្រោម​មូលហេតុ​មិន​ស្ថិតក្នុង​ជម្រើស​របស់​គ្រូ​សញ្ជាតិ​អេ​ស្ប៉ា​ញ Nainggolan បានសម្រេច​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ភ្លាមៗ​តែម្តង​។​

​យ៉ាងណាក៏ដោយ Martinez ក៏បាន​បកស្រាយ​ពី​ការមិន​ជ្រើស​យក​កីឡាករ​កូនកាត់​ឥណ្ឌូណេស៊ី​ដោយ​លើកឡើងថា​៖« Radja Nainggolan គឺជា​កីឡាករ​លំដាប់​កំពូល​មួយរូប​។ ប៉ុន្តែ​ហេតុផល​គឺជា​យុទ្ធសាស្ត្រ​។ យើង​ដឹងថា Nainggolan មាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ក្លិប​របស់គាត់ ប៉ុន្តែ​យើង​មិនអាច​ផ្តល់​តួនាទី​ឲ្យ​គាត់​នៅក្នុង​ក្រុម​ជម្រើសជាតិ​បានទេ​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមការងារ​បានកត់សម្គាល់​ពី​លក្ខណ​របស់​កីឡាករ​មួយចំនួន ហើយ​ពួកគេ​អាចមក​ជំនួស​តំណែង​របស់ Nainggolan បាន​»​។

​ចំណែក Nainggolan ក៏បាន​ឆ្លើយតប​តាមរយៈ​បណ្តាញ​សង្គម Instagram ផ្ទាល់​របស់គេ​វិញ​ដែរ​ថា​៖«​ខ្ញុំ​មានការ​ទើសទាល់​យ៉ាងខ្លាំង​ក្នុង​អាជីព​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់ខ្ញុំ ដែល​ត្រូវ​បញ្ចប់​នៅពេលនេះ​។ ខ្ញុំ​តែងតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាចធ្វើ​បាន​ដើម្បី​តំណាង​ឲ្យ​ប្រទេស​របស់ខ្ញុំ​»​។​

​បែលហ្ស៊ិក​ស្ថិតក្នុង​ពូ​ល G ជាមួយ​ក​អង់គ្លេស ហើយ​ពួកគេ​មាន​កីឡាករ ១៥ រូប​ក្នុងចំណោម​២៨​នាក់ ដែល​កំពុង​ប្រកប​អាជីព​ឲ្យ​ក្លិប​នៃ​ក្របខណ្ឌ Premier League នាពេល​បច្ចុប្បន្ន​។ ២៨​នាក់​នេះ នឹងត្រូវ​ជម្រុះ​ចេញ​មួយលើកទៀត​ដើម្បី​យក ២៣​នាក់ នៅមុន​ថ្ងៃទី​៤ ខែមិថុនា​។​

​សមាសភាព​ទាំង​២៨​នាក់​របស់​បែ​ល​ហ្ស៊ិ​ករួ​ម​មាន​៖
​អ្នកចាំទី​៖ Koen Casteels (Wolfsburg), Thibaut Courtois (Chelsea), Simon Mignolet (Liverpool), Matz Sels (Newcastle United).

​ខ្សែការពារ​៖ Toby Alderweireld (Tottenham Hotspur), Dedryck Boyata (Celtic), Laurent Ciman (Los Angeles FC), Christian Kabasele (Watford), Vincent Kompany (Manchester City), Jordan Lukaku (Lazio), Thomas Meunier (Paris St-Germain), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham Hotspur).

​ខ្សែបម្រើ​៖ Yannick Carrasco (Dalian Yifang), Kevin de Bruyne (Manchester City), Mousa Dembele (Tottenham Hotspur), Leander Dendoncker (Anderlecht), Marouane Fellaini (Manchester United), Eden Hazard (Chelsea), Thorgan Hazard (Borussia Monchengladbach), Adnan Januzaj (Real Sociedad), Dries Mertens (Napoli), Youri Tielemans (Monaco), Axel Witsel (Tianjin Quanjian).

​ខ្សែប្រយុទ្ធ​៖ Michy Batshuayi (Chelsea), Christian Benteke (Crystal Palace), Nacer Chadli (West Brom), Romelu Lukaku (Manchester United)៕


Tag:
 បាល់ទាត់​
  FIFA World Cup
  បែលហ្ស៊ិក​
  Radja Nainggolan
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com