ភ្នំពេញ៖ គណបក្សនយោបាយ២០ នឹងត្រូវប្រកួតប្រជែងការបោះឆ្នោត នៅថ្ងៃទី២៩ កក្កដាខាងមុខ។ ទន្ទឹមនឹងការបោះឆ្នោតខិតជិតមកដល់ គណបក្សនយោបាយនីមួយៗ បានដាក់ចេញគោលនយោបាយជាអទិភាព ក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋ។ គោលនយោបាយគណបក្សទាំងនោះ រួមមាន ដេញជនជាតិវៀតណាមខុសច្បាប់, ដោះស្រាយបញ្ហាព្រំដែន, ដោះស្រាយបំណុលប្រជាពលរដ្ឋ, ពង្រឹងអំណាចទាំង៣ឡើងវិញ និងអប់រំផ្លូវធម៌ ជាដើម។
គោលនយោបាយទាំងនេះ ត្រូវបានលើកឡើងដោយប្រធានគណបក្សនយោបាយ ដែលបានផ្ដល់កិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ៖
ប្រធានគណបក្សយុវជនកម្ពុជា លោក
ពេជ្រ ស្រស់ បានផ្ដោតលើគោលនយោបាយចំនួន៥ចំណុចជាអាទិ៍ ដូចជា ការពង្រឹងវិស័យអប់រំ និងធានាឲ្យយុវជនមានការងារធ្វើ ហើយប្រាក់ខែ៣០០ដុល្លារ ,ធានាតម្លៃកសិកម្ម និងកសិឧស្សាហកម្ម ,ការកសាងផ្លូវក្រាលកៅស៊ូ និងអភិវឌ្ឍន៍តាមព្រំដែន ,ពង្រឹងវិស័យសុខាភិបាលឲ្យមានភាពល្អប្រសើរ និងការពង្រឹងច្បាប់អន្តោប្រវេសន៍ជាដើម។
បន្ថែមពីនេះលោក ពេជ្រ ស្រស់ បានសន្យាថា លោកបោសសម្អាតជនអន្តោប្រវេសខុសច្បាប់ ជាពិសេសជនជាតិវៀតណាម ដែលរស់នៅប្រទេសកម្ពុជា ដោយប្រើរយៈពេលតែ៨ម៉ោងប៉ុណ្ណោះ ។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់ចេញគោលនយោបាយមួយចំនួន សម្រាប់ការចូលរួមបោះឆ្នោត រួមមានទី១ ជួយស្តារជីវភាពអ្នកក្រីក្រ ដែលនៅស្រទាប់ក្រោមគេ។ ទី២ ប្តូរពី ៥០បូក១ ទៅ២ភាគ៣វិញ ។ទី៣ បុគ្គលម្នាក់ៗ មានសិទ្ធឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី កាន់តំណែងបានតែពីរអាណត្តិ។ទី៤ អ្នកដែលជាប់ជាតំណាងរាស្ត្រ ឬព្រឹទ្ធសភា គ្មានសិទ្ធធ្វើជំនួញ ចូលភាគហ៊ុន ឬបើកក្រុមហ៊ុន។ទី៥ ពិនិត្យឡើងវិញព្រំដែនខ្មែរ-វៀតណាម និងព្រំដែនខ្មែរ-ថៃ ជាដើម។
បើតាមលោក
ម៉ម សូណង់ដូ នៅឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គណបក្សលោក នឹងដោះស្រាយបញ្ហាព្រំដែនឲ្យចប់សព្វគ្រប់ ដើម្បីកុំឲ្យពលរដ្ឋខ្មែររងទុក្ខ និងបញ្ចប់ការឈ្លោះគ្នា ដោយសារបញ្ហានេះ។
ប្រធានគណបក្ស
លោក ហួន រាជចំរើន ដែលអះអាងថា គណបក្សខ្លួន ជាបក្សតំណាងឲ្យការប្រឆាំងដើម្បីស្ថាបនា និងអភិវឌ្ឍន៍ប្រទេស ហើយជាក្តីរំពឹងខ្ពស់សម្រាប់ពលរដ្ឋ។ លោក រាជចំរើន បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំពិតជានៅក្នុងបេះដូងពលរដ្ឋ បើគាត់ចង់ឲ្យខ្ញុំការពារ»។ បើតាមលោក ហួន រាជចំរើន គណបក្សលោកនឹងរៀបចំវិស័យកសិកម្មឲ្យរីកចម្រើនខ្លាំង នៅពេលដែលមានសំឡេងក្នុងរដ្ឋសភា។
ដើម្បីទទួលបានជ័យជម្នះនោះ គណបក្សខ្មែររួបរួមជាតិ បានដាក់គោលនយោបាយចំនួន៩ចំណុច ក្នុងការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ នៅពេលគណបក្សដឹកនាំប្រទេស។ ក្នុងចំណោមគោលនយោបាយទាំងនេះ គណបក្សខ្មែររួបរួមជាតិ បានយកគោលនយោបាយរៀបចំអំណាចតុលាការ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិជាចម្បង ដើម្បីដោះស្រាយបញ្ហាអយុត្តិធម៌ក្នុងសង្គម។ ប្រធានគណបក្សខ្មែររួបរួមជាតិ
លោក សឹង្ហ គីរី (កាលពីគាត់ធ្វើជាប្រធានជំនួសលោក ញឹក ប៊ុនឆៃ មួយរយៈ) បាននិយាយថា មូលហេតុដែលគណបក្សលោក យកគោលនយោបាយពង្រឹងអំណាចទាំង៣ឡើងវិញ គឺដើម្បីវែកញែកឲ្យដាច់ពីគ្នា នៃអំណាចទាំងនេះ ក្រោយពីឃើញភាពមិនឯករាជ្យរបស់តុលាការ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ប្រធានគណបក្សខ្មែរតែមួយ លោក
កែម រិទ្ធិសិត ដាក់ចេញគោលនយោបាយផ្ដោតលើការអប់រំ និងសិក្សាស្រាវជ្រាវ ដើម្បីឲ្យយុវជនអាចមានសមត្ថភាពខ្ពស់ ក្នុងការស្រាវជ្រាវដូចបងប្រុសខ្លួន គឺលោក កែម ឡី។ប៉ុន្តែគោលនយោបាយនេះ លោក កែម រិទ្ធិសិត ហាក់មិនទាន់ហ៊ានមានជំនឿចិត្តខ្លាំងថា ខ្លួននឹងទទួលបានការគាំទ្រច្រើន និងទទួលបានអាសនៈក្នុងរដ្ឋសភា តាមរយៈគោលនយោបាយ និងកេរ្តិ៍ឈ្មោះលោក កែម ឡី ដែលជាបងប្រុសខ្លួនឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក កែម រិទ្ធិសិត បានបញ្ជាក់ថា លោកមិនអាចប្រៀបសមត្ថភាពខ្លួន ទៅលោក កែម ឡី ដើម្បីទទួលបានការគាំទ្រដែរ ។ប៉ុន្តែមូលហេតុលោក បង្កើតគណបក្ស ចូលរួមការបោះឆ្នោតនេះ គឺដើម្បីបំពេញសុបិនបងប្រុសខ្លួន ក្នុងការប្រកួតប្រជែងនយោបាយ។
ប្រធានគណបក្សឆន្ទៈខ្មែរ
លោក គង់ មុនីកា បាននិយាយថា បើគណបក្សលោកឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល លោកនឹងដោះស្រាយបញ្ហាប្រព័ន្ធនីតិរដ្ឋមុនគេ មុននឹងឈានដល់ការដោះស្រាយបញ្ហាសុខាភិបាល ការអប់រំ និងវិស័យកសិកម្មជាដើម។ ជាពិសេសគោលនយោបាយអប់រំជំនាន់ក្រោយ ឲ្យចុលរួមសកម្មភាពនយោបាយតាមលក្ខណៈវិទ្យាសាស្ត្រល្អ ជាងការប្រើនយោបាយក្ដោបអំណាចដូចអ្នកនយោបាយមុន។ បើតាមលោក គង់ មុនីកា ការចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះ គឺមិនមែនលោក ស្អប់លោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន ទេ ប៉ុន្តែលោក ចង់ក្លាយជាជម្រើសថ្មី សម្រាប់ប្រជាពលរដ្ឋ ។
តាមរយៈសេចក្តីទុកចិត្តលើដំណើការបោះឆ្នោតនេះប្រធានគណបក្សនយោបាយសញ្ជាតិកម្ពុជា
លោក សេង សុខេង ក៏បានដាក់បេក្ខជនឈរឈ្មោះទាំង២៥រាជធានី-ខេត្ត សម្រាប់ប្រកួតប្រជែង ដោយផ្អែកលើគោលនយោបាយចំនួន៤ចំណុច ទី១ សាមគ្គីធម៌ ទី២ ការធ្វើបុណ្យ ទី៣ រក្សាសីល និងទី៤ បណ្ដុះនូវគ្រាប់ពូជព្រះនិពាន្វ។ សម្រាប់លោក សេង សុខេង គោលនយោបាយទាំងនេះ នឹងអាចជួយឲ្យគណបក្សទទួលបានអាសនលំដាប់ទី២ នៅក្នុងរដ្ឋសភា នៅអាណត្តិទី៦នេះ។
សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ចេញគោលនយោបាយចំនួន៤ជំពូករួមមាន៖ នយោបាយបង្រួបបង្រួមជាតិ ,កសាងជាតិ ,ការពារជាតិ និងសហប្រតិប្រតិបត្តិការអន្តរជាតិ ក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់ដឹកនាំរដ្ឋាភិបាល។ អគ្គលេខាបក្ស
លោក សាម អ៊ីន បានបញ្ជាក់ថា ការដាក់ចេញគោលនយោបាយនេះ ដើម្បីដោះស្រាយបញ្ហាជាតិរួមគ្នា ល្អជាងការប្រើនយោបាយឈ្នះ-ចាញ់គ្នា ដែលនាំឲ្យខាតប្រយោជន៍ជាតិ។ បើតាមលោក សាម អ៊ីន គណបក្សលោក អាចជាជម្រើសថ្មីមួយ សម្រាប់ពលរដ្ឋយកទៅពិចារណា ដើម្បីកាត់បន្ថយអំណាចបក្សកាន់អំណាច។
ចំណែកប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច
សម្ដេចនរោត្តម រណឫទ្ធិ ធ្លាប់បានថ្លែងប្រាប់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ កន្លងមកថា ព្រះអង្គនឹងសម្រួលដល់បញ្ហាបំណុលរបស់ប្រជាពលរដ្ឋ នៅពេលដែលគណបក្សទ្រង់ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែគោលនយោបាយនេះ ត្រូវប្រមុខរដ្ឋាភិបាល ចំអកថា គោលនយោបាយនេះ ជាការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ៕