ជាតិ
អាមេរិក បង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស រូបពីហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង
× ភ្នំពេញ៖ អាមេរិក ប្រកាសបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស ដោយលើកហេតុផលថា លោកជាប់ពាក់ព័ន្ធនឹងករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជាកន្លងមក។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាមេរិក ដែលបានប្រកាសបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀងនោះ បានរៀបរាប់ថា មេបញ្ជាការកងអង្គរក្សសម្ដេច ហ៊ុន សែន រូបនេះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ក្នុងករណីប្រើហិង្សាប្រឆាំងប្រជាជនកម្ពុជា ដែលគ្មានអាវុធអស់ច្រើនឆ្នាំមកនេះ ដោយរាប់បញ្ចូលទាំងឆ្នាំ២០១៣ និងឆ្នាំ២០១៥។
សេចក្តីថ្លែងការណ៍អាមេរិក បានលើកយកករណីហិង្សាកាលពីឆ្នាំ ២០១៥ មកភ្ជាប់ជាមួយលោក ហ៊ីង ប៊ុនហៀង ដូច្នេះថា៖«សមាជិកកងអង្គរក្សចំនួន៣នាក់ ដែលបានចាប់បញ្ជូនទៅពន្ធនាគារនោះ បានសារភាពថា ពួកគេពិតជាបានចូលរួមប្រើហិង្សាវាយទៅលើអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងពីររូបមែន។ ហើយក្រោយមកអង្គរក្សទាំងនោះត្រូវបានដោះលែងវិញ រួមទាំងទទួលបានការដំឡើងតំណែងថែមទៀត»។
ក្រៅពីនេះ អាមេរិក ក៏បានរំឭករឿងរ៉ាវអតីតកាល ក្នុងឆ្នាំ១៩៩៧ ដោយសង្ស័យលោក ហ៊ីង ប៊ុនហៀង ជាប់ពាក់ព័ន្ធនឹងករណីប៉ះទង្គិចគ្នា នៅគ្រាដែលកងទ័ពត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងទៅលើក្រុមអ្នកតវ៉ា និងអ្នកនយោបាយគណបក្សប្រឆាំង ដែលវាបានបង្កឲ្យមានអ្នករបួសជាច្រើននាក់ ដោយក្នុងនោះមានប្រជាជនអាមេរិកផងដែរ។
ដោយសារពិនិត្យឃើញថា លោក ហ៊ីង ប៊ុនហៀង មានជាប់ពាក់ព័ន្ធបញ្ហារំលោភសិទ្ធិមនុស្សខាងលើនេះ ទើបអាមេរិក សម្រេចដូច្នេះថា៖«តាមរយៈសកម្មភាពទាំងនេះ ហើយទ្រព្យសម្បត្តិមួយចំនួន ឬផលប្រយោជន៍ពាក់ព័ន្ធទាំងនោះ ដែលស្ថិតនៅក្រោមយុត្ដាធិការអាមេរិកត្រូវបានហាមឃាត់។ បន្ថែមពីនេះជនជាតិអាមេរិកទូទៅក៏មិនត្រូវភ្ជាប់ទំនាក់ទំនងរកស៊ីជាមួយអ្នកដែលត្រូវបានហាមឃាត់ រួមជាមួយក្រុមហ៊ុនរកស៊ីដែលមានទុន៥០ភាគរយ ឬលើស៥០ភាគរយជារបស់បុគ្គលដែលត្រូវបានហាមឃាត់ផងដែរ»។
ក្រៅពីបង្កកទ្រព្យសម្បត្តិរបស់លោក ហ៊ីង ប៊ុនហៀង អាមេរិក ក៏បានបង្កកទ្រព្យលោក Felix Ramon Bautista Rosario ដែលជាសមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋដូមីនីកដោយសារលោកជាប់ពាក់ព័ន្ធនឹងរឿងពុករលួយក្នុងកញ្ចប់ថវិកាជួយសង្គ្រោះប្រទេសហៃទី ដែលជួបគ្រោះមហន្តរាយធម្មជាតិកន្លងមកដែរ។
ទាំងលោក ហ៊ីង ប៊ុនហៀង និងលោក Bautista ត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅក្រោមច្បាប់ GLOBAL MAGNITSKY ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កកទ្រព្យរបស់បុគ្គលណា ដែលជាប់ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ,ការប្រព្រឹត្តអំពើពុករលួយ និងការគំរាមដល់ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ ជាប្រព័ន្ធជាដើម៕
Tag:
ហ៊ីង ប៊ុនហៀង
បង្កកទ្រព្យ
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com