អន្តរជាតិ
ណាជីប ថា លោកមិនដឹងរឿងកិបកេងលុយរដ្ឋឡើយ ឯកាបូបថ្លៃ និងគ្រឿងអលង្ការជាអំណោយប៉ុណ្ណោះ
× លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាងនៅថ្ងៃពុធទី ២០ ខែមិថុនា ថាលោកមិនបានដឹងសោះពីការផ្ទេរលុយមូលនិធិរដ្ឋ 1MDB ទៅគណនីធានាគាររបស់លោកផ្ទាល់ និងការប្រើប្រាស់លុយទិញគំនូរថ្លៃ ត្បូងពេជ្រ នាវា និងអចលនទ្រព្យកន្លងមកឡើយ។ អ្នកនយោបាយរូបនេះក៏ប្រកាសផងដែរថា គ្រឿងអលង្ការមានកាបូបរាប់រយដែលគេរឹបអូសបាននោះជាអំណោយដែលគេផ្តល់ឲ្យគ្រួសារលោកប៉ុណ្ណោះមិនមែនលុយពុករលួយក្នុងមូលនិធិទេ។
លោក ណាជីប រ៉ាហ្សាក់ បានផ្តល់បទសម្ភាសន៍ដំបូងជាមួយទីភ្នាក់ងារព័ត៌មាន Reuters ក្រោយចាញ់ឆ្នោតខែមុន ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយមូលនិធិរដ្ឋ 1MDB នៅថ្ងៃពុធ។ លោកបានបញ្ជាក់ជាថ្មីថាលោកស្អាតស្អំ និងមិនបានដឹងរឿងអ្វីសោះពាក់ព័ន្ធនឹងការកិបកេងលុយរដ្ឋរាប់ពាន់លាននេះ។
អតីតនាយករដ្ឋមន្ត្រីរូបនេះអះអាងថា គេមិនគួរបន្ទោសលោកឡើយ ព្រោះទីប្រឹក្សា និងបណ្តាសមាជិកក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងមូលនិធិរដ្ឋ 1MDB បាននាំគ្នាលាក់បាំងលោកពាក់ព័ន្ធនឹងការកិបកេងលុយរដ្ឋនេះ។ លោកមិនដែលបានដឹងថា លុយដែលហូរចូលគណនីធនាគារលោកជាផ្នែកនៃមូលនិធិរដ្ឋឡើយ ប៉ុន្តែលោកគ្រាន់តែដឹងថាលុយនោះជាអំណោយពីអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ។ លើសពីនេះ ក៏រឹតតែមិនដឹងទៀតថា លុយមូលនិធិនោះទៀតសោតត្រូវគេយកទៅទិញគំនូរថ្លៃ ត្បូងពេជ្រ នាវា និងអចលនទ្រព្យផ្សេងទៀតពាសពេញពិភពលោកទេ។
លោក ណាជីប និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ៖ «ខ្ញុំមិនបានដឹងសោះពីការទិញរបស់របរទាំងនោះ។ ការបញ្ជាទិញនេះមិនបានឆ្លងកាត់ខ្ញុំឡើយ។ ខ្ញុំច្បាស់ជាមិនអនុញ្ញាតឲ្យមានការប្រើប្រាស់មូលនិធិ 1MDB សម្រាប់ទិញរបស់ទាំងនោះទេ។ ខ្ញុំនៅក្នុងរដ្ឋាភិបាលយូរឆ្នាំមកហើយ ខ្ញុំដឹងច្បាស់ណាស់ថា អ្វីខុស អ្វីដែលត្រូវនោះ»។
បើតាមក្រសួងយុត្តិធម៌អាមេរិកដែលស្ថិតក្នុងការស៊ើបអង្កេតករណីនេះដែរនោះ បានចោទប្រកាន់ថា លុយដែលគេលួចពីមូលនិធិ 1MDB នោះត្រូវបានគេប្រើប្រាស់ដើម្បីទិញគំនូរ ផ្ទះនៅភាគខាងត្បូងរដ្ឋកាលីហ្វ័នីញ៉ា និងក្រុងញូវយ៉ក ភាគហ៊ុនក្នុងក្រុមហ៊ុនភាពយន្តហូលីវូដ កាប៉ាល់ទឹកតម្លៃ ២៦៥លានដុល្លារ និងគ្រឿងអលង្ការដែមានទាំងពេជ្រ ១២ការ៉ាត់សរុបទាំងអស់មានតម្លៃជាង ២០០លានដុល្លារផ្សេងទៀតដែរ។
បង្កើតក្នុងឆ្នាំ២០០៩ មូលនិធិ 1MDB មានគោលដៅប្រែក្លាយទីក្រុងគួឡាឡាំពួរ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយ និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ។ ក្រសួងយុត្តិធម៌អាមេរិកដែលស្ថិតក្នុងការស៊ើបអង្កេតករណីនេះកន្លងមកក៏រកឃើញផងដែរលុយ ៤,៥ ពាន់លានដុល្លារត្រូវបានគេលួចចេញពីមូលនិធិ។
នៅឆ្នាំ ២០១៣ គេសង្ស័យថា លុយ ៦៨១ លានដុល្លារ នៃមូលនិធិនេះ ត្រូវបានផ្ទេរទៅកាន់គណនីធនាគាររបស់លោក ណាជីប ទៀត។ ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះរហូតមកដោយអះអាងថា លុយជិត ៧០០លានដុល្លារនោះជាអំណោយរបស់រាជរង្សអារ៉ាប៊ីសាអូឌីតផ្តល់ឲ្យលោកប៉ុណ្ណោះ។
តាមពិតទៅ ការបកស្រាយពាក់ព័ន្ធនឹងលុយរដ្ឋដែលត្រូវគេកិបកេងនោះ កើតឡើងក្រោយពេលដែលលោក មហាធៀ មហាម៉ាត់ ប្រកាសថា ការស៊ើបអង្កេតករណីពុករលួយមូលនិធិនេះជិតសព្វគ្រប់ចប់ហើយ។ លោកបានបង្ហើបផងដែរថា រដ្ឋាភិបាលលោកកំពុងរៀបចំបណ្តឹងពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ចសូកប៉ាន់ និងបទល្មើសផ្សេងទៀតប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី និងមនុស្សពាក់ព័ន្ធនេះផ្សេងទៀត។ ការចាប់ខ្លួនអាចនឹងធ្វើឡើងនៅពេលប៉ុន្មានខែខាងមុខ ហើយសវនាការអាចនឹងត្រូវចាប់ផ្តើមចុងឆ្នាំនេះផង។
-ណាជីប៖ កាបូបយួរដៃរបស់ភរិយានិងកូនខ្ញុំជាអំណោយមិនមែនបានមកពីលុយលួចរដ្ឋឡើយ
ដោយឡែក ខាងក្រុមស៊ើបអង្កេតម៉ាឡេស៊ីជឿជាក់ថា លោក ណាជីប និងភរិយាលោកស្រី Rosmah Mansor កិបកេងលុយរដ្ឋដើម្បីភាពមានបានផ្ទាល់ខ្លួនជាពិសេសទិញគ្រឿងអលង្ការមានតម្លៃដូចជានាឡិកា និងកាបូបយួរដៃថ្លៃរាប់រយផង។ កាលពីខែមុន អាជ្ញាធរម៉ាឡេស៊ីបានរឹបអូសបានប្រអប់ផ្ទុកកាបូបដៃម៉ាកល្បីៗជិត៣០០ឯណោះ ហើយក្រៅពីនោះមានគ្រឿងអលង្ការ និងលុយរាប់លានផ្សេងទៀតផងដែរពេលចុះឆែកឆេរនិវេសនដ្ឋាន និងខុនដូលោកនោះ។
យ៉ាងណាក៏ដោយក្នុងកិច្ចសម្ភាសន៍នេះ លោក ណាជីប បានបកស្រាយថា កាបូប និងគ្រឿងអលង្ការទាំងនោះភាគច្រើនជាអំណោយដែលគេផ្តល់កូនស្រី និងភរិយារបស់លោកប៉ុណ្ណោះ វាមិនពាក់ព័ន្ធនឹងលុយមូលនិធិ 1MDB ឡើយ។ លោកក៏ពន្យល់បន្ថែមផងដែរថា កូនប្រសារលោកផ្ទាល់គឺ Daniyar Nazarbayev ដែលជាក្មួយបង្កើតប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan Nazarbayev បានផ្តល់អំណោយជាកាបូបច្រើនសន្ធឹកដែរដល់ម្តាយក្មេកគេកន្លងមកនោះ។
ក្រៅពីកាបូបយួរដៃ លោក ណាជីប បានអះអាងថែមទៀតថា លុយចំនួន ១១៤ លានរ៉ីងហ្គីតផ្សេងទៀតដែលប៉ូលិសរឹបអូសបានពីផ្ទះលោកនោះ ក៏មិនមែនជាទ្រព្យរបស់លោកដែរ តែវាជាហិរញ្ញវត្ថុរបស់គណបក្សកាន់អំណាច UMNO ប៉ុណ្ណោះ។ លុយទាំងនោះត្រូវផ្ទេរត្រឡប់ទៅបក្សវិញបន្ទាប់ពីលោកចុះចេញពីតំណែងក្រោយចាញ់ឆ្នោតនោះ៕
Tag:
ណាជីប រ៉ាហ្សាក់
1MDB
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com