អន្តរជាតិ
គ្រឿងអលង្ការ​,​លុយ​,​កាបូប​រឹបអូស​ពី​ផ្ទះ​លោក ណា​ជីប មានតម្លៃ​ប្រហែល​២៧០​លាន​ដុល្លារ​
28, Jun 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​រឹបអូស​បាន​លុយ​សុទ្ធ គ្រឿងអលង្ការ និង​វ​ត្តុ​មានតម្លៃ​ជាច្រើន​ផ្សេងទៀត ពី​ផ្ទះ និង​ខុន​ដូ​អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ អស់​ប្រហែល​មួយខែ​នោះ ខាង​ប៉ូលិស​ម៉ាឡេស៊ី បានប្រកាស​ពី​តម្លៃ​សរុប​នៃ​វត្ថុ​ទាំងនោះ នៅ​ថ្ងៃ​ពុធ​ទី ២៧ ខែមិថុនា​។ ទាំង​លុយ​សុទ្ធ និង​តម្លៃ​គ្រឿងអលង្ការ បូក​បញ្ចូល​គ្នា អាចមាន​តម្លៃ​សរុប​ជាង ២០០ លាន​ដុល្លារ​អាមេរិក​ឯណោះ​។​



ប៉ូលិស​ម៉ាឡេស៊ី​បាន​អះអាងថា វត្ថុ​ដែល​រឹបអូស​បាន​ទាំងនោះ មាន​កាបូប​យួរដៃ ៥៦៧, គ្រឿងអលង្ការ ១២០០០​ចំណែក​ផ្សេងៗ​គ្នា​, កាបូប​មួយចំនួន​ផ្ទុក​លុយ​សរុប ៣០​លាន​ដុល្លារ  (​រូបិយវត្ថុ ២៦ ប្រភេទ​ផ្សេងគ្នា​) នាឡិកា​មាន​ទាំងអស់ ៤២៣ គ្រឿង ដែលមាន​តម្លៃ​ប្រហែល ១៩,៣​លាន​ដុល្លារ និង​វត្ថុ​មានតម្លៃ​ម៉ាក​ល្បី​ផ្សេងទៀត​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ពាណិជ្ជកម្ម លោក Amar Singh Ishar Singh បាន​អះអាងថា វា​ជាការ​រឹបអូស​បាន​វត្ថុតាង​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី ព្រោះ​គេ​ត្រូវ​ចំណាយពេល​មួយខែ ដើម្បី​គិតគូរ​តម្លៃ​សរុប នៃ​វត្ថុតាង​នេះ​។ លោក​បន្ថែមថា វត្ថុតាង​ទាំងនោះ មានតម្លៃ​ចន្លោះ​ពី ២២៥ ដល់ ២៧៣ លាន​ដុល្លារ​ឯណោះ​។​

​មន្ត្រី​ទទួលបន្ទុក​ការស៊ើបអង្កេត​ខាងលើ បាន​បង្ហើប​ដែរ​ថា ក្រៅពី​នាឡិកាដៃ វត្ថុ​មានតម្លៃ​នោះ មាន​ខ្សែក​ចំនួន ១៤០០ ខ្សែ វ៉ែនតា​ការពារ​កម្តៅថ្ងៃ ២៣៤ និង​ចិញ្ចៀន ២២០០​វង់​។ ក្នុងចំណោម​ខ្សែក​ទាំងនោះ មាន​មួយ​ខ្សែ មានតម្លៃ​ប្រហែល ១,៥​លាន​ដុល្លារ​ថែមទៀត​។   

​ចំណែក​កាបូបដៃ ៥៦៧ នោះ​មាន ២៧២ ជា​កាបូប​ម៉ា​ល្បី Hermes ដែល​វា​មានតម្លៃ​ប្រហែល ១២,៧ លាន​ដុល្លារ​ឯណោះ​។ ពេលនេះ​ប៉ូលិស​កំពុង​គណនា​មើល តម្លៃ​កាបូប​ផ្សេងទៀត ដែល​នៅ​សេសសល់​។​

តាមពិតទៅ ការ​រឹបអូស​បាន​គ្រឿងអលង្ការ​យ៉ាង​សន្ធឹកសន្ធាប់ ពី​ផ្ទះ​របស់​អតីត​នាយករដ្ឋមន្ត្រី​នេះ ធ្វើឡើង​ក្រោម​ការស៊ើបអង្កេត​សំណុំរឿង​ពុករលួយ កិបកេង​លុយ​រដ្ឋ 1MDB​។ សំណុំ​រឿងនេះ ត្រូវបាន​បើក​ឲ្យ​មានការ​ស៊ើបអង្កេត​ឡើងវិញ ក្រោយ​សម្ព័ន្ធ​បក្ស Pakatan Harapan ដែល​ដឹកនាំ​ដោយ​លោក មហា​ធៀ មហាម៉ាត់ ឈ្នះឆ្នោត​។ ការ​រឹបអូស​បាន​វត្ថុតាង​ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​នេះ ធ្វើ​ឲ្យ​គេ​រឹតតែ​សង្ស័យ​ខ្លាំង និង​ធ្វើ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី ខឹងសម្បារ​ថែមទៀត ព្រោះ​ប្រាក់ខែ​របស់លោក ណា​ជីប កាល​ធ្វើជា​នាយករដ្ឋមន្ត្រី គឺ​ត្រឹម ៥៦០០ ដុល្លារ ក្នុង​មួយខែ​ប៉ុណ្ណោះ​។​

​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក ដែល​បាន​ស្រាវជ្រាវ​ក្នុងករណីនេះ បាន​អះអាងថា មន្ត្រី​ក្នុង​មូលនិធិ​នេះ បាន​កិបកេង​លុយ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​មួយផ្នែក​នៃ​លុយ​នោះ មាននៅ​ក្នុង​គ​ណី​ធនាគារ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់​។ ក្នុង​ឆ្នាំ ២០១៣ លុយ​មាន​ទំហំ ៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក​។ ប៉ុន្តែ​លោក​បន្ត​បដិសេធ និង​អះអាងថា វា​ជា​លុយ​អំណោយ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត ផ្តល់​ឲ្យ​ប៉ុណ្ណោះ​។ ចំណែក​លុយ​នៅក្នុង​កាបូប​ច្រើន​លាន​ដុល្លារ ដែល​ប៉ូ​លិ​បាន​រឹបអូស​នោះ លោក ណា​ជីប អះអាងថា​វា ជា​ហិរញ្ញវត្ថុ​របស់​បក្ស UMNO ដែល​លោក​ធ្លាប់​ធ្វើជា​ប្រធាន​ប៉ុណ្ណោះ​។ លោក​ត្រូវប្រគល់​លុយ​នោះ ឲ្យ​ទៅ​បក្ស​វិញ ក្រោយ​លោក​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​ដោយសារ​ចាញ់ឆ្នោត​កន្លងមក​ដែរ​៕

Tag:
 ណា​ជីប រ៉ា​ហ្សា​ក់​
  ម៉ាឡេស៊ី​
  1MDB
© រក្សាសិទ្ធិដោយ thmeythmey.com