អន្តរជាតិ
ប្រធានាធិបតី​ត្រាំ​ឈ្លោះប្រកែក​ជាមួយ​នាយក​ស៊ើបការណ៍​សម្ងាត់​ស្តីពី​ពួក​អ្នក​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​
20, Jul 2018 , 7:59 pm        
រូបភាព
រូបភាព៖ REUTERS
រូបភាព៖ REUTERS
ដោយ: VOA
​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិន​ជឿថា រុស្ស៊ី​កំពុង​បន្ត​វាយប្រហារ​សហរដ្ឋអាមេរិក​ដោយ​លបចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែលជា​ការផ្ទុយ​ស្រឡះ​ទៅនឹង​ការវាយតម្លៃ​កាលពី​សប្តាហ៍​មុន​ដោយ​លោក Dan Coats នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់លោក​។



​លោក​ត្រាំ​ដែល​បាន​ជួប​ជាមួយ​គណៈរដ្ឋមន្ត្រី​រប​ស់លោក​នៅ​សេត​វិមាន បាន​គ្រវីក្បាល​ហើយ​បាន​និយាយថា «​ទេ​» នៅពេលដែល​សួរថា​តើ​រុស្ស៊ី​នៅតែ​ប៉ុនប៉ង​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​សហរដ្ឋអាមេរិក​នោះ​។​

​លោក Coats នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋអាមេរិក​បាន​ប្រាប់​អង្គការ​ស្រាវជ្រាវ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «​ហេដ្ឋារចនាសម្ព័ន្ធ​ខាង Digital ដែល​បម្រើ​ប្រទេស​នេះ តាម​ការពិតទៅ​កំពុង​ទទួលរង​ការវាយប្រហារ​ហើយ ហើយ​បាន​ចុច​ប្រទេស​រុស្ស៊ី​ថា​ជា​តួឯក​បរទេស​ដ៏​គគ្លើន​បំផុត មិនមាន​ចម្ងល់​អំពី​បញ្ហា​នេះឡើយ​»​។​

​លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ បានលើកឡើង​ភ្លាមៗ​រវាង​គម្លាត​យ៉ាងខ្លាំង​រវាង​ទស្សនៈ​របស់​ប្រធានាធិបតី​ត្រាំ​និង​លោក Coats អំពី​ប្រទេស​រុស្ស៊ី​ដោយនិយាយ​ថា «​មាន​ភាពមិន​ស្របគ្នា​អន្លើៗ​យ៉ាងខ្លាំង​រវាង​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​ត្រាំ​និង​ការព្រមាន​របស់លោក Coats នាយក​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​។ មាន​ភាពចាំបាច់​ជាបន្ទាន់​ដែល​យើង​ចាំបាច់​ធ្វើការ​កំណត់​ពី​មូលហេតុ​អ្វីដែល​កំពុង​បន្ត​កើតមានឡើង​ដែល​យើង​អាចធ្វើ​ការប្រៀបធៀប​ដើម្បី​ការពារ​ខ្លួន​របស់​យើង​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ ទស្សនៈ​របស់ខ្ញុំ​ផ្ទាល់​គឺថា រុស្ស៊ី​នឹង​ជ្រៀតជ្រែក​ការបោះឆ្នោត​នេះ​ម្តងទៀត​។​

​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា «​យើង​កំពុង​ធ្វើ​កិច្ចការ​បាន​យ៉ាង​ល្អ ប្រហែល​គ្មាន​ប្រធានាធិបតី​ណា​បានធ្វើ​កាលពី​ពេលមុន​ជាមួយ​រុស្ស៊ី​ទេ​។ ហើយ​មិនមាន​ប្រធានាធិបតី​ណា​ស្វិតស្វាញ​ដូចដែល​ខ្ញុំ​បានធ្វើ​លើ​ប្រទេស​រុស្ស៊ី​នោះទេ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com