អន្តរជាតិ
លោក ត្រាំ ទាត់ចោលសំណើលោក ពូទីន ដែលចង់ឲ្យរុស្ស៊ីសួរចម្លើយជនជាតិអាមេរិក រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែកក្កដា បានទាត់ចោលសំណើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលចង់ឲ្យរុស្ស៊ីមានសិទ្ធិសួរចម្លើយជនជាតិអាមេរិក។ លោក ពូទីន លើកសំណើនេះកាលពីក្នុងជំនួបនៅឯហ្វាំងឡង់ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់អាមេរិកលើជនជាតិរុស្ស៊ី១២នាក់។ ការបដិសេធរបស់លោក ត្រាំ អាចសម្រួលស្ថានការណ៍នយោបាយផ្ទៃក្នុងអាមេរិកបានខ្លះ ដ្បិតលោកក៏រងការរិះគន់ខ្លាំងរួចហើយដែរជុំវិញជំនួបជាមួយលោក ពូទីន នោះ។
ជនជាតិរុស្ស៊ីចំនួន១២នាក់ ត្រូវបានរដ្ឋអាជ្ញាអាមេរិកចោទប្រកាន់ពីបទជ្រៀតជ្រែកយុទ្ធនាការរបស់បក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ។ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គ្មានជំហរប្រគល់ពួកគេទៅឲ្យអាមេរិកសួរចម្លើយ ឬកាត់ទោសឡើយ តែលោកបានបើកផ្លូវឲ្យមន្ត្រីអាមេរិកធ្វើដំណើរទៅកាន់រុស្ស៊ីដើម្បីសាកសួរពួកគេ។ លោក ពូទីន ក៏ស្នើឲ្យអាមេរិកបើកផ្លូវឲ្យរុស្ស៊ីសួរចម្លើយជនជាតិវិញដែរ។
កាលពីសន្និសីទសារព័ត៌មានក្រោយជំនួបថ្ងៃទី១៦ ខែកក្កដា នៅទីក្រុងហែលស៊ីនគី លោក ពូទីន និយាយថា៖ «យើងរំពឹងថា អាមេរិកនឹងធ្វើដូចគ្នា ហើយពួកគេ (អ្នកសួរចម្លើយអាមេរិក) នឹងសួរមន្ត្រីអាមេរិកដូចជាអ្នកអនុវត្តច្បាប់ និងចារកម្ម ដែលជាប់ពាក់ព័ន្ធសកម្មភាពខុសច្បាប់នៅរុស្ស៊ី ហើយរុស្ស៊ីនឹងស្នើឲ្យមន្ត្រីខ្លួនមានវត្តមានក្នុងការសួរចម្លើយនោះដែរ»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ប្រធានាធិបតីរុស្ស៊ីចង់សំដៅដល់អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី Michael McFaul និងមនុស្ស១១នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងក្ដីក្ដាំរវាងក្រុងមូស្គូ និងសកម្មជនសិទ្ធិមនុស្ស William Browder ដែលនាំទៅដល់ការដាក់ទណ្ឌកម្មមន្ត្រីរុស្ស៊ី។ ក្រោយទទួលសំណើលោក ពូទីន លោក ត្រាំ ក៏ឆ្លើយវិញថា នេះជាសំណើអស្ចារ្យមួយ។ សម្ដីលោក ត្រាំ បង្កើតការរិះគន់យ៉ាងខ្លាំង រហូតមានគេជឿថា លោកប្រុងឲ្យរុស្ស៊ីសួរចម្លើយជនជាតិខ្លួនឯងផង។
យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន Sarah Sanders បានចេញមកបញ្ជាក់ថា លោក ត្រាំ បានសម្រេចចិត្តទាត់ចោលសំណើនេះហើយ។ ដោយរំឭកសម្ដីលោក ត្រាំ ជាថ្មីទៀត មន្ត្រីសេតវិមានរូបនេះបន្តថា ប្រធានាធិបតី ត្រាំ មិនយល់ស្របតាមសំណើរបស់លោក ពូទីន ឡើយ។
ជាមួយគ្នា មន្ត្រីអាមេរិកក៏បានប្រាប់ឲ្យលោក ពូទីន បញ្ជូនជនជាតិរុស្ស៊ីទាំង១២នាក់ទៅអាមេរិកដើម្បីបញ្ជាក់រកខុសត្រូវផង។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ លើកឡើងដែរថា សម្ដីលោក ពូទីន មិនអាចកើតឡើងបានទេ ឯលោក ត្រាំ ក៏ច្បាស់ដែរថា អាមេរិកមិនអាចបញ្ជូនជនជាតិរបស់ខ្លួនទៅឲ្យរុស្ស៊ីដើម្បីទទួលការសួរចម្លើយពីសំណាក់ជនជាតិរុស្ស៊ីឡើយ៕
Tag:
អាមេរិក
រុស្ស៊ី
ដូណាល់ ត្រាំ
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com